អ្នកឧកញ៉ា គួច ម៉េងលី ស្នើរអោយសមត្ថកិច្ចចាប់ខ្លួនមេក្លោងក្រុមហ៊ុនរបស់ លោកគ្រូជោគជ័យ ឃីមសុខហេង ដែលបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរ អស់រាប់លានដុល្លារ ជាពិសេសអ្នកឧកញ៉ាបញ្ជាក់ថា បើមិនដូច្នេះទេ ពលរដ្ឋខ្មែរនឹងលែងជឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

អ្នកឧកញ៉ា គួច ម៉េងលី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែមីនា នេះ ថា ប្រសិនបើសមត្ថកិច្ចមិននាំខ្លួនមេខ្លោងក្រុមហ៊ុនស៊ីអាយស៊ី ​ដែលរកស៊ីបោកប្រាស់ប្រជាពលរដ្ឋទេ នោះពលរដ្ឋកម្ពុជានឹងលែងជឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទៀតហើយ។

លោក គួច ម៉េងលី បញ្ចេញមតិបែបនេះ ​បន្ទាប់ពី ប្រជាជនកម្ពុជាស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែ គម្រោងកេងបន្លំស្រដៀងគ្នានឹងផុសហ្ស៊ី ​ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ចំណែកឯឧក្រិដ្ឋជនមេខ្លោងរបស់ក្រុមហ៊ុនស៊ីអាយស៊ី ​នៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។

​លោក គួច ម៉េងលី មើលឃើញថា ពលរដ្ឋខ្មែរក៏លែងមានទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយ និងភាពអយុត្តិធម៌ ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គម។

លោកបានបញ្ជាក់ថា ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើង នឹងរឹតតែរងផលប៉ះពាល់កាន់តែខ្លាំង​

តាមអ្នកឧកញ៉ា ប្រសិនបើរឿងរ៉ាវរកស៊ីវិនិយោគបោកប្រាស់ពលរដ្ឋនេះ នៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមកម្ពុជា។ លើសពីភាពច្របូកច្របល់ បញ្ហារកស៊ីបោកប្រាស់នេះ នឹងនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញ នូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

​អ្នកឧកញ៉ា គួច ម៉េងលី បានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងឡើយ ហើយប្រជាជនកម្ពុជាក៏មិនត្រូវបាត់បង់ជំនឿជាដាច់ខាត។ ប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ។ ប្រសិនបើនៅតែបន្តបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងចិត្តផងដែរ។

មូលនិធិត្រូវតែប្រមូលសងមកវិញ។ ករណីនេះត្រូវតែមានការស៊ើបអង្កេត ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។

លោក បានបន្ថែមថា ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយជនរងគ្រោះត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ។ ប្រាក់ពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ។

អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យជនរងគ្រោះទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការ និងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ។ ដោយមិនយោគយល់ថា មេខ្លោងរកស៊ីបោកប្រាស់មានខ្សែ ឬ អ្នកខ្លាំងប៉ុណ្ណានោះទេ សមត្ថកិច្ចត្រូវរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *