រយៈពេល១ឆ្នាំគត់ដែលបទចម្រៀងរបស់មាស សុខសោភា មិនមានការនិពន្ធទំនុកច្រៀងដោយអ្នកសច្ចាំងភ្នំត្បែង នៅខេត្តព្រះវិហារ លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់ស ភ្នំត្បែង ទៀតនោះទេ បន្ទាប់ពីបទចម្រៀងរបស់នាង”មរណភាព ព្រះស្វាមីជ័យវរ្ម័នទី៧ “ដែលនិពន្ធដោយ អ្នកសច្ចាំងរូបនេះត្រូវបានលុបចោលជាបន្ទាន់កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតែមានប្រតិកម្មពីថ្នាក់ដឹកនាំនិងអ្នកស្រាវជ្រាវពីប្រវត្តិសាស្រ្ដថាបទនោះមិនមានឯកសារបញ្ជាក់ពីប្រវត្តិសាស្រ្ដឲ្យបានត្រឹមត្រូវនោះ ។
ប៉ុន្ដែតាមព័តមានថាសុខសោភា និងស្វាមីនាងនៅតែមានជំនឿលើលោកតាសក់សភ្នំត្បែង ឬលោកឪភ្នំត្បែងដដែល គ្រាន់តែនាងមិនទាន់ច្រៀងបទជាស្នាដៃនិពន្ធរបស់លោកដូចលើកមុនៗឡើងវិញ ព្រោះតែខ្លាចមានបញ្ហាជាលើកទី២ ។
ប្រភពបានឲ្យដឹងថាសោភា ជាតារាម្នាក់ខុសពីតារាល្បីផ្សេងៗទៀតដែលពួកគេមិនសូវជឿលើអបិយជំនឿដូចនាងទេ តែនាងនៅតែជឿ ពិសេសក្រោយពីបានជួបអ្នកសច្ចាំងរូបនេះនៅភ្នំត្បែងរូបនោះកាលពីឆ្នាំមុន ។ដោយឡែកនៅលើហ្វេសបុករបស់សុខសោភា កាលពីពេលថ្មីៗនេះវិញនាងបានដាស់តឿនដល់មនុស្សគ្រប់គ្នាចេះសមាធិទាំងកាយនិងចិត្ត ហើយយកសច្ចធ័មដាក់លើស្មា មុននឹងធ្វើអ្វីមួយ និងថែមទាំងថា ថាពេលវេលានេះជាការសង្រ្គោះធម្មជាតិទាំង៧របស់មនុស្ស គឺធម្មជាតិវិញ្ញាណ + ធម្មជាតិ ចេភូតព្រលឹង+ធម្មជាតិសញ្ញា+ធម្មជាតិបញ្ញា+ធម្មជាតិសំបកកាយ+ធម្មជាតិប្រាណ+ធម្មជាតិដួងចិត្ត ។គេនៅមិនទាន់ដឹងថាសុខសោភា បានរៀនសូត្រធ័មអ្វីខ្លះពីអ្នកសច្ចាំងនោះទេ ប៉ុន្ដែប្រយោគរបស់នាងខាងលើនេះមានតែអ្នកស្វែងយល់ពីព្រះធ័មពីអ្នកសច្ចាំងដូចនាងទេ ទើបយល់ច្បាស់។
ចំណែកតារាល្បីមួយចំនួនទៀតដូចជាអឿន ស្រីមុំ និងនៅ សុនិតា ជាដើម ពួកគេទោះជាមិនចេះទ្រឹស្ដី និងធ័មពីអ្នកសច្ចាំងមែន ប៉ុន្ដែសុទ្ធតែបានជ្រើសវិធីធ្វើសមាធិ ដើម្បីឲ្យចិត្តស្ញប់ដូចនាងដែរ ដោយធ្លាប់ទាំងធ្វើជាដូនជីនៅទីវត្តអារ៉ាមទៀតផង។
សូមបញ្ជាក់ថាមាស សុខសោភា មានអ្នកនិពន្ធចម្រៀងជាប្រចាំប្រៀបបានជាដៃស្ដាំរបស់នាងតែម្ដងនោះគឺលោកមាស សុខរតនៈ ជាបងប្រុសនាង ខណៈដែលលោកអ៊ឹត រ៉ាដា ស្វាមីនាងបានដើរតួនាទីជាអ្នករៀបចំសម្លៀកបំពាក់ឲ្យនាងឡើងឆាក, ថតសកម្មភាពនាងច្រៀងសម្ដែង,និងពេលខ្លះបានធ្វើជាអ្នកដឹកនាំសម្ដែងMV របស់នាងផ្ទាល់តែម្ដង ។សោភា អាយុ៤៣ឆ្នាំ បានចាប់អាជីពចម្រៀងជាង២០ឆ្នាំមកនេះនាងមិនចេះនិពន្ធបទចម្រៀងដូចពេជ្រ សោភា នោះទេ តែនាងត្រូវបានFanជឿជាក់ថាទោះជាទៅច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដែរ បើទោះជាក្រោយដើរចេញពីរាម កាលពីឆ្នាំ២០២២ នាងច្រៀងនៅផលិតកម្មខ្លួនឯង CamtraxMusic អត់មានបទល្បីៗដូចមុនក៍ដោយ តែសោភា គ្មានដំណឹងចូលជ្រកនៅផលិតថ្មីទៀតទេ ខណៈហង្សមាស ,ថោន និងGalaxy នៅតែបើកទ្វាស្វាគមន៍នាងជានិច្ច ។
ប្រភពបានឲ្យដឹងថាមាស សុខសោភា ខ្លាចទៅផលិតកម្មថ្មី ថៅកែមិនលើកនាងហេតុនេះហើយបានជានាងសុខចិត្តច្រៀងនៅផលិតកម្មខ្លួនឯងដែលមានស្វាមីនិងបងប្រុសនាងដឹកនាំតែម្ដង ។ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈបានព្រមានសោភា ថាបើនាងនៅតែចង់ប្រជែងទីផ្សារចម្រៀងតទៅទៀត នោះមធ្យោបាយមានតែមួយគត់គឺការទៅច្រៀងនៅផលិតកម្មមួយដែលមានដៃគូច្បាស់លាស់ ព្រោះទីនោះគេមានធនធានមនុស្សជួយនាង ហើយបើច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនក៍ល្បីដូចនាងថាមែន ម្លេះចាំបាច់ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ពេជ្រ សោភា និងសុគន្ធ និសា ជាដើម ច្រៀងឲ្យផលិតកម្មគេធ្វើអី?
ក្រៅពីមាស សុខសោភា តារាដែលគ្មានផលិតកម្មច្រៀងនៅឆ្នាំ២០២៤ នេះមានដូចជាអ្នកនាងសុន ស្រីពេជ្រ ,ឈិត សុវណ្ណបញ្ញា ,លោករិន សាវ៉េត និងសាពួន មីដាដា ជាដើម ។ចំពោះសុខសោភា វិញទោះជា២ឆ្នាំឆ្នាំចុងក្រោយនេះនាងគ្មានបទល្បីខ្លាំងដូចមុនក៍ដោយ តែនាងនៅតែចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់ បើទោះជាភាគច្រើននាងត្រូវច្រៀងបទចាស់ៗឡើងវិញហើយកែភ្លេងថ្មីក្ដី ។
ប្រភពបានឲ្យដឹងថាមូលហេតុដែលសុខសោភា កាន់តែមានជំនឿ លើអ្នកសច្ចាំងនោះដោយសារតែជំនឿនេះហើយធ្វើឲ្យនាងស្ញប់ចិត្ត,ជោគជ័យក្នុងជីវិត និងអាជីពចេះតែទៅមុខជាលំដាប់ ព្រមទាំងទទួលបានការងារល្អៗ ធ្វើឲ្យជីវិតនាងនៅឆ្នាំ២០២៤ នេះមានអ្វីសឹងគ្រប់បែបយ៉ាងទាំងអស់ នូវអ្វីដែលនាងប៉ងប្រាថ្នាពីមុនក្នុងនោះមានដូចជាផ្ទះវីឡារ,លុយ និងឡានទំនើបៗជាដើម ។ប៉ុន្ដែរឿងFan ចង់ឃើញសោភា រៀបការជាលើកទី៣ នោះរហូតមកដល់ពេលនេះតារាដែលអះអាងថាមានកូនកំលោះឈ្មោះBovee Hundley អាយុ១៨ឆ្នាំនោះ នៅតែមិនហ៊ានកំណត់ច្បាស់លាស់ដដែល ក្រោយលុបចោលមង្គលការដែលលេចឭថាគ្រោងធ្វើធំនៅឆ្នាំ២០២១ ៕