អ្នកស្រីទ្រីដាណា ចេញមុខទម្លាយរឿងអោយប្រាក់ខែម៉ែក្មេករាប់ពាន់ដុល្លារក្នុងមួយខែមួយខែ តែបែរជាថតបង្ហោះ ហូបបាយជាមួយទឹកត្រី ធ្វើឲ្យមហាជនមកវាយប្រហារខ្លួនដែលសេដ្ឋីនី ជាពិសេសអ្នកស្រី បានលើកឡើងចំចំទៅកាន់ប្តី ពេលទៅលេងផ្ទះម៉ែក្មេកម្តងម្តង បងប្អូនសាច់ញាតិ មិនគោរពខ្លួនដែលជាជំទាវ

អ្នកស្រីទ្រីដាណា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកខ្លួន ពាក់ព័ន្ធនឹងប្តី ជាពិសេសទៅកាន់ម៉ែក្មេក យ៉ាងដូច្នេះថា ខ្ញុំជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេ លែងអោយតម្លៃ បន្ទាប់ពីខ្ញុំសម្រេចចិត្តរៀបការរួច ខ្ញុំបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន  អោយលុយប្តីទាំងមុីន ដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់

គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង១ពាន់ទៅ ២ពាន់ដុល្លារ មិនដែលដាច់ អោយតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀងទាត់ទៀតផង។ ហើយសម្រាប់ប្អូនគាត់ ខ្ញុំក៏បានផ្ដល់ការងារ តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារផងដែរ។

ប៉ុន្តែអ្វីដែលខ្ញុំធ្វើទាំងអស់នេះ នៅតែមិនអាចបំពេញតាមចិត្ត និងការចង់បានទៀត។ យូរយូរទៅ ខ្ញុំក៏ក្លាយជាមនុស្សម្នាក់ ដែលអាក្រក់នៅក្នុងភ្នែកអ្នកដទៃ នៅពេលគេឃើញវីដេអូម្ដាយក្មេកហូបបាយជាមួយទឹកត្រី ទាំងខ្ញុំបានផ្ដល់ប្រាក់ខែជូនគាត់ហើយ មិនមានការខ្វះខាតឡើយ។

តើអោយខ្ញុំជួយយ៉ាងណាទៀត ត្រូវផ្ដល់អ្វីខ្លះទៀត បើគ្រឿងអលង្ការក៏ជូន ប្រាក់ខែក៏ជូន ពេលទៅលេងក៏ជូន។

ខ្ញុំក៏អាណិតប្ដី ដែលស្រលាញ់ខ្ញុំ តែគាត់នៅជាប់ចំណងជាមួយគ្រួសារខ្លាំងពេក។ ខ្ញុំមិនដឹងថាហេតុអ្វីគាត់ត្រូវគិតគ្រប់ពេល ទាំងដែលគាត់បានបែកផ្ទះទៅហើយ។ ជីវិតគ្រួសារពិបាកបំផុត នៅពេលបងប្អូនមើលឃើញយើង ដូចជាធនាគារមួយ ទាំងយើងខំប្រឹងញើសស្រក់ហូររាល់ថ្ងៃ។

ពេលខ្លះ ខ្ញុំឆ្ងល់ថា តើខ្ញុំត្រូវធ្វើអ្វីខ្លះទៀត តើខ្ញុំជំពាក់ពួកគាត់មែនទេ។ សំពាធបែបនេះ ខ្ញុំមិនអាចទទួលបានទៀតទេ ហើយខ្ញុំនឹងគិតឡើងវិញ មនុស្សខ្ញុំអ្នកណា មិនផ្តល់តំលៃអោយ ខ្ញុំក៏គិតសាឡើងវិញដូចគ្នា

សេដ្ឋីនីរូបនេះបានរៀបរាប់បន្តទៀតថា តាមពិតយើងមានរបស់មានតម្លៃក្នុងដៃហើយ តែយើងមិនចេះថែរក្សា យូរយូរក៏ភ្លេចខ្លួនលែងអោយតម្លៃ។ ឯរបស់មានតម្លៃនោះក៏ចឹងដែរ បើនៅ​កន្លែងដែលគេមិនផ្ដល់តម្លៃហើយ ទោះថ្លៃកប់ពពក ក៏នៅតែគ្មានតម្លៃដែរ

ពេលខ្លះយើងព្យាយាមបន្ទាបខ្លួន ដើម្បីភាពស្និទ្ធស្នាល តែគេបែរជាចាប់ផ្ដើមមើលងាយយើង ហើយគិតថាយើងស្រួលស្រួល ងាយងាយ ចង់ធ្វើម៉េចក៏បាន។ មានរឿងជាច្រើន ដែលពិបាកនិយាយ ហើយក៏ទ្រាំដែរ ដើម្បីកិត្តិយស តែមិនអាចរងសំពាធតទៅទៀតបានទេ មានតែនិយាយខ្លះ ទើបធូរចិត្ត។

មានពេលខ្លះ ខ្ញុំទៅលេងផ្ទះគាត់ កំពុងអង្គុយញាំបាយជាមួយគាត់ និងគ្រួសារ ក៏មានអ្នកចេញចូលបន្តបន្ទាប់ ដោយមិនប្រាប់ថា មកពីណា ជាអ្នកណា ហើយអ្នកខ្លះ ជាពួកម៉ាកប្អូនប្អូនគាត់ ក៏ចូលមកអង្គុយជុំគ្នាជាមួយខ្ញុំដោយមិនប្រាប់មុន រឺប្រាប់ខ្ញុំមុនសោះ ចេះតែមកចូលចេញតាមចិត្តនឹកឃើញ។

ខ្ញុំមិនប្រកាន់អីទេ តែខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាគ្មានតម្លៃអ្វីសោះ។ មនុស្សយើង ពេលគ្មានអ្នកណាក្រែងចិត្ត ក៏ចាប់ផ្ដើមតូចចិត្តដែរ ទោះយើងដាក់ខ្លួន ក៏ត្រូវផ្ដល់តម្លៃដល់យើងដែរ។ មិនអីទេ មិនផ្ដល់តម្លៃដល់ខ្ញុំ ខ្ញុំក៏គិតដូចគ្នា ចាប់ពីថ្ងៃនេះទៅ ខ្ញុំមានតំលៃរបស់ខ្ញុំ ត្រូវយល់ផងថាខ្ញុំជាអ្នកណា។

Leave a Reply

Your email address will not be published. Required fields are marked *