គ្រូក្មេងភ្នែកទិព្វមើលឃើញ ឋានទាំង៣ និងឪពុកជាគ្រូចាប់សរសៃរ ត្រូវមន្ទីធម្មការ ចាប់ផ្តិតមេដៃធ្វើកិច្ចសន្យា និងព្រមានចាត់វិធានការផ្លូវច្បាប់ បើមិនគោរពនូវលក្ខ័ណ្ឌទាំងនេះ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ លោកទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួល ដល់ទីតាំងផ្ទះ លោកគ្រូចាប់សរសៃ ឈ្មោះ សុត កុសល្យ និងកូនស្រីឈ្មោះ កុសល្យ សុខមីល ហៅគ្រូក្មេងមើលឃើញបីភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។
លោក សុត កុសល្យ គ្រូចាប់សរសៃ និងត្រូវជាឪពុកបង្កើតរបស់កូនស្រី កុសល្យ សុខមីល ហៅគ្រូក្មេងមើលឃើញបីភព បានយល់ព្រមផ្ដិតមេដៃចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងសូមអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមក ទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត
ហើយប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានជាមិនខាន។
ចំណែកឯ ខ្លឹមសារនៅក្នុងកិច្ចសន្យាជាបន្ទាន់នេះ បានបញ្ចាក់ថា ឪពុករបស់គ្រូក្មេងមានភ្នែកទិព្វមើលឃើញឋានទាំង៣ ដែលល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុក គឺមានឈ្មោះ សុត កុសល្យ គឺមានមុខរបរជាមន្ត្រីរាជការ នៅក្រសួងមហាផ្ទៃ ហើយពេលទំនេរពីការងារ រូបលោកមានការងារមួយទៀត គឺជាគ្រូបចាប់សរសៃរផងដែរ