ផ្ទុយពីមហាជន ប៊ីប៊ីឌី ចេញមុខការពារ ក្រុមអ្នកនិយាយភាសារខ្មែរលាយអង់គ្លេស និងវាយបក់ ទៅកាន់ពួកអ្នករិះគន់ថា ខ្លួនឯងមិនចេះអង់គ្លេសស្ដាប់មិនបាន បែរជាមកបន្ទោសគេអ្នកចេះទៅវិញ
ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធទៅនឹងក្រុមយុវជនមួយក្រុមដែលពិភាក្សាគ្នាលើប្រធានបទ របៀបនៃការគ្រប់គ្រងខ្លួនឯង ក្នុងនោះមានអ្នកចូលរួមធ្វើជាវាគ្មិន គឺតារាចម្រៀងរូបសង្ហា សាយ ជាមួយពិធីការនី គង់ សុខគៀងកាលពីពេលថ្មីថ្មីនេះ
ដោយសារតែពួកគេ បានជជែកគ្នា ជាភាសារខ្មែរ លាយឡំនឹងភាសារបរទេសគឺភាសាអង់គ្លេស ច្រើនលើសលុបពេក រហូតធ្វើអោយពលរដ្ឋខ្មែរមួយចំនួនស្តាប់មិនបាន មិនសប្បាយចិត្តនឹងកិច្ចសន្ទនានេះ
អ្វីដែលធ្វើអោយមហាជនកត់សម្គាល់ខ្លាំងនោះ គឺពិធីការនី ដែលមានឈ្មោះគង់ សុខគៀង បានប្រើប្រាស់ភាសាអង់គ្លេសច្រើនពេក សឹងតែ៨០ភាគរយទៅហើយ ចំណែកឯភាសារជាតិវិញមានតិចតួចប៉ុណ្ណោះ
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានបញ្ចេញយោបល់ថា ការពិភាក្សាគ្នា ឬកិច្ចសន្ទនា គួរតែធ្វើឡើងផ្តោតកាន់អ្នកទស្សនាគោលដៅ ជាមនុស្សប្រភេទណា បើចង់សំដៅទៅបរទេស គួរតែនិយាយជាភាសារ បរទេសសុទ្ធ បើចង់ចែករំលែកបទពិសោធន៍នៃកិច្ចពិភាក្សានេះដល់ពលរដ្ឋខ្មែរ គួរតែនិយាយជាភាសារខ្មែរសុទ្ធ ហើយបើក្នុងករណីចង់លាយភាសារបរទេស គឺគេប្រើសម្រាប់តែភាសារគន្លឹះ ខ្លឹមសារបច្ចេកទេស ប៉ុណ្ណោះ
ជុំវិញករណីនេះ ធ្វើអោយលោកប៊ីប៊ីឌី នៅមិនស្ងៀមនោះដែរ ស្រាប់តែនៅថ្ងៃទី២០មីនានេះ លោកក៏បានបង្ហោះខ្លឹមសារដែលផ្ទុយពីអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតទៅវិញថា អាចនឹងយឺតបន្តិចក្នុងការបញ្ចេញយោបល់ តែខ្ញុំធ្លាប់ជួបក្រុមហ៊ុនមួយ ដើម្បីពិភាក្សារការងារ ពេលនោះគាត់និយាយខ្មែរ លាយអង់គ្លេស ពេលនោះខ្ញុំពិតជាស្តាប់មិនបាន ឬមិនយល់អត្ថន័យពេញលេញនោះទេ
ពេលនោះហើយ ដែលខ្ញុំស្តាយក្រោយ ដែលខ្ញុំមិនប្រឹងរៀនអោយពូកែដូចគេ ខ្ញុំក៏បន្ទោសខ្លួនឯង ដែលខ្សោយភាសាអង់គ្លេស ខ្ញុំនិយាយប្រាប់គេត្រង់ត្រង់ថា ខ្ញុំខ្សោយភាសាបរទេស ខ្ញុំមិនយល់កន្លែងណា ខ្ញុំសួរគេកន្លែងហ្នឹង គេអត់សើចយំខ្ញុំផង គេរីករាយចំពោះការនិយាយពន្យល់ខ្ញុំឡើងវិញ
តែសួរថាខ្ញុំចង់ចេះដូចគេអត់ ខ្ញុំចង់ណាស់ខ្ញុំឃើញគេពូកែ គេចេះ គេដឹង ខ្ញុំកោតសរសើរ ហើយសួរថាខ្ញុំស្រលាញ់ជាតិអត់ ខ្ញុំស្រលាញ់
តែមនុស្សមានចំណេះដឹង គួរតែទទួលបានការស្រលាញ់ និងពាក្យសរសើរ មិនមែនខ្លួនឯងមិនចេះ បន្ទោសគេលើករឿងជាតិមកដាក់មុខទេ ទទួលស្គាល់ទៅ ថាខ្លួនឯងមិនចេះដូចគេ ចង់អោយជឿនលឿនដូចគេ តែនៅតែក្នុងប្រលោះអត់ទៅណាសោះ ទម្លាប់ ខ្លាចបាត់បង់នេះ បាត់បង់នោះមកដាក់មុខ ព្រោះឃើញគេខុស ពីការគិត និងចំណូលចិត្តខ្លួនឯង