យកប្តីចិនមិនស្រួលទេ មកស្តាប់ខ្សែជីវិតនារីវ័យក្មេងម្នាក់ ទៅធ្វើការនៅកំពង់សោម ទាក់ទងប្រុសជនជាតិចិន រហូតដល់៣នាក់ ដោយមានកូនម្នាក់មួយម្នាក់មួយ ចុងក្រោយប្រុសចិនរត់ចោលអស់ យកកូនមកឲ្យតាយាយជរាមើលទាំងត្រដាបត្រដួស
នារីវ័យក្មេងម្នាក់ ជាកូនកំព្រាឪពុកម្តាយ រស់នៅជាមួយតាយាយ ចាស់ជរា លុះជីវភាពទីទ័លក្រខ្លាំងពេក ក៏សុំតាយាយចេញទៅធ្វើការនៅឯខេត្តព្រះសីហនុ ដោយរំពឹងថាអាចជ្រោងគ្រួសារបានប្រសើរមួយកម្រិត ដឹងអី ពេលដល់ទៅ បែរជាត្រូវប្រុសប្រុសចិន ៣នាក់ បោកយកខ្លួនទរទេរ ដោយបន្សល់កូនម្នាក់១ៗផងដែរ
រួចប្តីចិនទាំង៣នាក់នោះ បានដោះដៃចោល បាត់ស្រមោល ធ្វើឱ្យនាងអស់ទីពឹងនាំកូន ៣នាក់ មកទម្លាក់ឱ្យតាយាយជរា នៅឯស្រុក ជាអ្នកមើលថែជំនួស រួចនាងវិលទៅខេត្តព្រះសី ហនុវិញបាត់ មិនដែលឃើញផ្ញើលុយកាក់ មកចិញ្ចឹមកូនកូនទាំង៣នាក់នោះទេ ដោយទុកឱ្យតាយាយ ចិញ្ចឹមចៅទួត ទាំងត្រដាបត្រដួសទៅវិញ។ តាយាយអភ័ព្វ ដែលរងថ្មបាក់ ត្រូវចិញ្ចឹមចៅទួត រហូតដល់ទៅ៣នាក់ សព្វថ្ងៃមានលំនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានចុះទៅផ្ទាល់ដល់លំនៅឋានរបស់ក្មេងក្មេងទាំង៣នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះថា ហេតុអ្វីបានជាត្រូវធ្លាក់លើពួកគេ កូនបីនាក់ ឪពុកបីនាក់ដែរ នេះគឺជាករណីទីមួយ ដែលខ្ញុំទើបតែបានជួបប្រទះ អំពីសណ្ឋានរឿង ដែលគួរឱ្យអាណិតក្មេងក្មេងមែនទែន ដែលថា ពួកគេជាបងប្អូនបង្កើតនឹងគ្នា តែមានឪពុកដាច់ដោយឡែកពីគ្នា។
ភាពអវិជ្ជា ភាពឆោតល្ងង់ និងការបណ្តែតបណ្តោយខ្លួន ដោយគ្មានការគិតគូរ បានវែងឆ្ងាយ វាត្រឹមតែ បង្កើតឱ្យមានវិបត្តិគ្រួសារ ព្រមទាំងការសោកស្តាយ ចំពោះទង្វើររបស់ខ្លួន នៅពេលក្រោយណាមួយជាក់ជាមិនខាន
លោក ផន ផល្លារ បន្តថា តួយ៉ាងខ្ញុំសូមលើករឿងរ៉ាវនៃជីវិតពិតរបស់ក្មេងក្មេងទាំងបីនាក់នេះ មកបង្ហាញជូនបងប្អូន ពិសេសយុវជន យុវនារី ដែលនៅក្មេងក្មេង ហើយត្រូវហែលឆ្លងនូវជីវិតដៃគូ ក៏ដូចជាជីវិតគ្រួសារទៅថ្ងៃក្រោយ។
ខ្ញុំទទួលស្គាល់ថា ជីវិតរបស់យើងម្នាក់ម្នាក់ វាចៀសមិនផុតទេ អំពីទំនាក់ទំនងស្នេហា ឬដៃគូជីវិតជាដើម តែយ៉ាងណា មុននឹងចាប់ផ្តើម នូវទំនាក់ទំនងទាំងអស់នោះ ខ្ញុំគ្រាន់តែចង់ដាស់តឿនស្មារតី ឱ្យបងប្អូនបានគិតពិចារណា ថាតើយើងចាស់ទុំគ្រប់គ្រាន់ហើយឬនៅ សម្រាប់សមត្ថភាព នៃការងារ សមត្ថភាពនៃការរកប្រាក់ចំណូល សមត្ថភាពនៃការបង្កើតគ្រួសារ និងសមត្ថភាព នៃការចិញ្ចឹមបីបាច់ថែទាំកូន
ព្រោះថាបើយើងពុំមានសមត្ថភាពទាំងអស់នេះទេ ហើយចេះតែបង្កើតនូវដៃគូជីវិត រប៉ាត់រប៉ាយ នោះយើងកំពុងតែ ធ្វើឱ្យខ្លួនឯងរងគ្រោះ ក្នុងវិបត្តិគ្រួសារ ឬវិបត្តិសង្គមមួយទៅហើយ ជាពិសេសគឺតំំណក់ឈាមរបស់អ្នក ពួកគេគឺជាអ្នករងគ្រោះបន្ត ដោយសារតែអ្នកនេះឯង។
ដូចបងប្អូនបានដឹងស្រាប់ហើយ ថាសព្វថ្ងៃនេះ ខ្ញុំកំពុងតែទទួលចិញ្ចឹមកូនកូនកំព្រា ចំនួន ១៦៧នាក់ឯណោះ ដែលពួកគេទាំងអស់នោះ គឺបានរងគ្រោះទៅតាមករណីផ្សេងផ្សេងគ្នា ដែលករណីខ្លះ វាពិតជាគួរឱ្យខ្លោចផ្សាណាស់ នូវអ្វីដែលបានកើតឡើង ចំពោះជីវិតរបស់ពួកគេ ដែលធ្វើឱ្យខ្ញុំមិនអាចបើកបង្ហាញ អំពីជីវិតឯកជនភាព របស់ពួកគេបានទៅទៀត ព្រោះវាជារឿងដែលគួរឱ្យឈឺចាប់ពេក។
លោក ផន ផល្លា បានបន្តថា ជាក់ស្តែង ដូចក្មេងទាំងបីនាក់នេះអ៊ីចឹង ពួកគេមានម្តាយបង្កើតតែមួយ តែមានឪពុក ដែលជាជនជាតិចិន រហូតដល់ទៅបីនាក់ ផ្សេងគ្នា។
ជាការពិត ប្អូនស្រីដែលមានដើមកំណើតនៅខាងស្រុកបារាយ ខេត្តកំពង់ធំ បានសុំអ៊ំ ដែលត្រូវជាតាយាយ ទៅធ្វើការនៅក្រុងកំពង់សោម ដោយបានទំនាក់ទំនងដៃគូដំបូង ជាជនជាតិចិន ហើយមានកូនស្រីទី១ អាយុ៨ឆ្នាំ ជាកូនច្បង ក្រោយមក ពួកគេក៏បានបែកគ្នា។
មិនយូរប៉ុន្មាន ប្អូនស្រីដែលត្រូវជាម្តាយក្មេងក្មេងទាំងបីនាក់នេះ ក៏បានមានទំនាក់ទំនងជាមួយបុរសចិនទី២ ដោយគិតថា គេនឹងអាច ទទួលចិញ្ចឹមខ្លួន ហើយនិងកូនបាន តែក្រោយពីរស់នៅជាមួយគ្នាមួយរយៈ ពួកគេក៏មានកូនម្នាក់បន្ថែមទៀត ក្រោយមក បុរសជនជាតិចិន ទី២នេះ គេបានវិលត្រឡប់ទៅកាន់ស្រុករបស់គេវិញ ធ្វើឱ្យប្អូនស្រី ម្នាក់នេះ ទទួលបានកូន ២នាក់ ដោយអត់ឪពុកទាំងពីរ។
លោក ផន ផល្លា បានបន្តទៀតថា មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនផងដែរថា ប្អូនស្រីម្នាក់នេះ គាត់គឺជាកូនកំព្រាឪពុកម្តាយ ដោយផ្ញើកាយជាមួយតាយាយ ក្នុងរូបថតនេះ គឺជាលោកតាលោកយាយរបស់ប្អូនស្រីហើយ ដែលឥឡូវនេះពួកគាត់មានព្រះជន្ម ៨២វស្សា។
ពិតជាគួរឱ្យខ្លោចផ្សាមែន ក្រោយពីមានកូនទាំងពីរនាក់នេះហើយ ប្អូនស្រីបានធ្វើដំណើរមកកាន់ស្រុកកំណើត ដោយយកកូនទាំងពីរនាក់នេះ មកឱ្យលោកតាលោកយាយជាអ្នកមើលថែទាំ ហើយខ្លួនបានវិលទៅកាន់ក្រុងកំពង់សោមវិញ ដើម្បីរកលុយផ្ញើមកចិញ្ចឹមកូនខ្លះ។
ជីវិតអើយ តើដោយសារនាងឆោតល្ងង់ ឬក៏គ្មានការយល់ដឹងរាក់ជ្រៅ ទើបនាងទៅមានទំនាក់ទំនងជាមួយបុរសជនជាតិចិន ជាលើកទី៣ ហើយក៏បានបង្កើតកូនម្នាក់ទៀត ជាកូនពៅ ដែលខ្ញុំកំពុងតែបីនៅក្នុងដៃនេះហើយ ចុងក្រោយបុរសចិន ដែលជាប្តីហេងស៊យតាមទឹកលុយនេះ ក៏បានដោះដៃចោលនាងបាត់ទៅទៀត។
គ្មានអ្វីត្រូវនិយាយ នាងក៏បានបីកូនក្រោយនេះ មកផ្ញើជាមួយតាយាយថែមមួយទៀត។ អ្នករស់នៅក្បែខាង បានលួចប្រាប់ខ្ញុំថា ដំបូងឡើយ នាងបានផ្ញើលុយកាក់មកឱ្យតាយាយខ្លះដែរ គ្រាន់បានចិញ្ចឹមកូន តែពេលនេះគឺអត់ សោះតែម្តង ដែលធ្វើឱ្យតាយាយ រឹតតែត្រដាបត្រដួស ណាមួយខ្លួនកាន់តែចាស់ ពិសេសគឺលោកតាតែម្តង ដែលតាមការកត់សម្គាល់របស់ខ្ញុំ គឺគាត់ចាប់ផ្តើមរង្វេងហើយ ដោយមិនអាចមើលថែទាំចៅចៅបានទៀតឡើយ។
លោក ផន ផល្លា បានបន្តទៀតថា ពិតណាស់ ខ្ញុំបានធ្វើដំណើរពីភ្នំពេញ មកដល់ទីនេះ គឺដើម្បីពួកគេទាំងបីនាក់នេះ ហើយដំណោះស្រាយយ៉ាងណានោះ ខ្ញុំនឹងបញ្ជាក់ជូនបងប្អូននៅថ្ងៃស្អែក ព្រោះថាខ្ញុំត្រូវជួបអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសង្គមកិច្ចស្រុក នៅព្រឹកស្អែកនេះសិន។
ជាចុងក្រោយ ខ្ញុំសង្ឃឹមថា តាមរយៈសាច់រឿងមួយនេះ វាអាចជួយយើងជាមេរៀននៃជីវិតខ្លះ ក្នុងការដាស់ស្មារតី និងដំណើរជីវិតរបស់យើងម្នាក់ម្នាក់ ក្នុងការរៀបចំដំណើរជីវិតឱ្យបានត្រឹមត្រូវមួយ