ក្រោយមហាជនខ្មែរ ចង់ធ្វើពហិការ មិនមើលរឿងកុនថៃ បែរជាលោកគួច ខេវិន បោះសម្ដីថា បើរបស់យើងល្អ នរណាក៏ចង់មើលដែរ មិនថែមប៉ុណ្ណោះលោកបញ្ជាក់ថា កុំថាឡើយសៀម សូម្បីតែអាមេរិកក៏បុកក្បាលគ្នាទិញដែរ

អតីតអគ្គនាយរងទូរទស្សន៍ លោកគួច ខេវិន ដែល​អាច​​នឹងឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិថ្មីឆ្នាំ២០២៤ នេះ បាន​ចេញ​សារបង្កប់ ទៅដោយខ្លឹមសារស៊ីជម្រៅ និងដាស់តឿនស្មារតីយុវវ័យ ក្រោយពីមានភាព​ចម្រូងចម្រាស ពីអ្នកខ្លះព្រមានឈប់ មើលភាពយន្ដថៃ និងប្រើប្រាស់ផលិតផលថៃ តទៅទៀត ក្រោយ​រឿង​ម៉ែក្រឡាភ្លើង​ ផលិតដោយផលិតកម្មសាស្ត្រាហ្វៀម​ របស់អ្នកស្រីប៊ុន ច័ន្ទនិមល ទៅ​ដាក់​បញ្ចាំងនៅថៃ កាលពីប៉ុន្មានថ្ងៃដំបូងនេះ បានរងបរាជ័យទាំងស្រុងតែម្ដង ព្រោះគ្មានអ្នក​មើល ទើបធ្វើឲ្យអ្នកគាំទ្រផលិតកម្មមួយនេះ បានព្រមានធ្វើពហិកា លើរឿងថៃ វិញ ដែលនាំឲ្យ​កំដៅ​កាន់​តែ​ក្ដៅដូចភ្នំភ្លើង។

យ៉ាងណាជុំវិញរឿងរ៉ាវនេះ លោកគួច ខេវិន បានមានប្រសាសន៍ថា បើរបស់យើងល្អ កុំថា​ឡើយសៀម ទោះជាអាមេរិកក៏បុកក្បាលគ្នាទិញដែរ។

លោកគួច ខេវិន បាន​ថ្លែងសារបន្តទៀតថា លោកឪពុក អ្នកម្តាយខ្ញុំ លោកធ្លាប់ទូន្មានប្រៀនប្រដៅថា ចូរកូន​រៀនបើក​ចិត្តឲ្យ​ទូលាយ មើលឲ្យបានឆ្ងាយ និយាយឲ្យតិចជាងគិត ខ្ញុំព្យាយាមចងចាំ​

ក្នុងប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញនៅលើទំព័រហ្វេសប៊ុក ​ការបញ្ចេញមតិចំពោះការបាក់ទឹកចិត្ត ត្បិត​តែ​ប្រជាជនសៀម មិនចូលទៅមើលកុនខ្មែររឿង ម៉ែក្រឡាភ្លើង ដែលជារឿងកុនបែបខ្មោចលង ស្រដៀងគ្នា ទៅនឹងរឿងខ្មោចនាងនាថ ឬនាងណាត ឯណាឯណីរបស់​សៀម ដែលគេ​មើលឡើងធុញទៅហើយនោះ។

បើនិយាយរឿងកុនសៀម កាលពីទសវត្សរ៍ឆ្នាំ៧០ ហៅថាមហាអន់ តែដើម្បីល្បីគេមកសុំខ្មែរយើងសហការគ្នាថតរឿង ស្នេ​ហា​ឆ្លងដែន និងរឿងឥន្រ្ទីយ៍ក្រហម ដែលមានតួរខ្មែរសៀមរួមគ្នាសម្តែងដូចជាលោកជា យុទ្ធថន អ្នកស្រីឌី សាវ៉េត​លោក​សម្បត្តិមេធានី នាងអៈរ៉ាន់យ៉ាណាំវង្ស ហើយប្រជាជនសៀម រាប់ទាំងចៃកុនផង ចូល​មើល​ស្ទើរ​​បាក់រោង នោះគឺសៀមពីមុន  តែសៀមឥឡូវខុសពីមុន

ចាប់ពីទសវត្សរ៍ណាណីមក សៀមអត់សង្គ្រាមទេ ចុងទសវត្សរ៍៦០មក ខ្មែរច្បាំង​គ្នាជិត ៤០ឆ្នាំ​ទម្រាំ​មានសន្តិភាព ឥឡូវយើងមានប្រជាជន១៦លាននាក់ ប្រឹងកសាងស្រុក​ទេស ដោះមីនសឹង​មិនទាន់អស់ផង ឯសៀមជិត ៧០លាននាក់ ដើរហួចពេញផ្លូវ ដើរអួតពេញពិភពលោក អួត​រាប់​ទាំងស្រ្តីតហ្វូត​កំប៉ិកកំប៉ុក ចុះយើងវិញ បានអីហៅម៉ូយ ទំនងមានតែស្លាបមាន់ជើង​មាន់ប្រ​ហិតស៊ីភី ​របស់ក្រុមហ៊ុនសៀម បុកល្ហុង ម៉ុកកាថាក់ទឹកកាពិ ដែលមិនមែនជាចំណីខ្មែរហ្នឹងមែន

បើរបស់យើងល្អ នរណាក៏ចង់មើល បើរបស់យើងឆ្ងាញ់ នរណាក៏ចង់ញ៉ាំដែរ មិនខ្វះផ្សារទេ។ ផ្សារសេរីកុំនិយម ពហិកា  មិនប្រសើរទេ កុំឲ្យរឿងតូចខូចរឿងធំ ដូចកាលឆ្នាំ២០០៣ រឿងនាងកុបស៊ូវ៉ាណាន់ តោងទាមអង្គរវត្ត កើតរឿងដុតទូតសៀមមួយខ្ទេច

ទំនាក់ទំនងការទូត​កម្ពុជា និងសៀម រលាយមួយរយៈ​ ។ សុំនិទានតាមសាមកុក​រក្សាព្រៃស្រស់បាន មិនខ្វះអុសដុត​ សាមកុកសម័យថ្មី​ឈើមួយដើម ធ្វើឈើគុសបានរាប់លានដើម តែឈើគុសមួយដើមរលាយ​ព្រៃមួយភ្នំ

រៀនមើលគេមើលឯង បើអ្វីមិនល្អបោះវាចោលទៅ តែត្រូវរៀនធ្វើតាមអ្វីដែលល្អ ខំស្លរ ​ដាំឲ្យរិតតែល្អធ្ វើជារបស់ខ្លួនយើងលក់ ឲ្យគេវិញបើរបស់យើងល្អកុំថាសៀម អា​ម៉េរិក​ក៏បុក​ក្បាល​គ្នាទិញដែរ។ កុំតូចចិត្តនាំឲ្យដេកអត់លក់!។

ខុសទាស់អីកុំប្រកាន់ ​បើកចិត្តឲ្យទូលាយ មើលឲ្យឆ្ងាយ និយាយតិចជាងគិត​ អរគុណ ។

គូរបញ្ជាក់ថាមុនលោកគួច ខេវិន បញ្ចេញយោបល់ និងលើកពីទស្សនៈមួយ​ចំនួន​របស់​លោកពាក់ព័ន្ធគុណ​ភាពវិស័យភាពយន្ដខ្មែរ និងបង្ហាញពីតឹកតាងប្រវត្តិសាស្ត្រពីភាពយន្ដប្រទេសទាំងពីរនោះ នៅលើបណ្ដាញសង្គមមានការជជែកគ្នាកាន់តែច្រើន ពីរឿងនេះពិសេសអ្នកធ្វើការពាក់ព័ន្ធ​សិល្បៈ ឬវិស័យកុន ។

ប៉ុន្ដែមហាជនមួយ​ចំនួនលើកឡើងថាយោបល់ខ្លះ អាចនឹងឈាន​ទៅ​ជាការញុះ​ញង់​កំហឹងប្រជាជាតិ អាចនឹងគ្រោះថ្នាក់ ហេតុនេះទស្សន​​ដ៏ចាក់ដោត ​របស់​លោក​ខេវិន អាចជាការ​ពិចារ​ណាបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed