ខឹងសង្សារមិនព្រមលួង ស្រីស្អាតគិតខ្លី ឡើងចងកន្សែងនឹងបង្កាន់ដៃជណ្ដើរ ដាច់ធ្លាក់អុកគូទគាំងយំមិនចេញ ត្រូវអ្នករើសអេតចាយជួយ
នារីជាកម្មការិនីវ័យ ១៩ឆ្នាំម្នាក់បានសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិត ដោយការចងករទាំងគ្មានស្ដាយស្រណោះអ្វីសូម្បីតែបន្តិច តែចុងក្រោយនៅតែមិនបានសម្រេច ដោយបានត្រឹមសន្លប់បាត់មាត់បាត់ករឈឹង បន្ទាប់ពីកន្សែង ដែលជនរងគ្រោះរូបនេះ បានប្រើប្រាស់នោះបានដាច់ដោយចៃដន្យ។
ប្រភពព័ត៌មានបានឱ្យដឹងនារៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះថា ហេតុការណ៍គិតខ្លីតែមិនបានសម្រេច ដោយបានត្រឹមសន្លប់ឈឹងនៅនឹងកន្លែងខាងលើនេះ បានកើតឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង ដេលមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ។
ចំពោះជនរងគ្រោះ ដែលសម្រេចចិត្តគិតខ្លីតែមិនបានសម្រេចរូបនោះ មានឈ្មោះ ព្រួច ប៉ុនធី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងកើតហេតុផ្ទាល់។
ជាមួយគ្នានេះ បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះព្រួច ប៉ុនធី គឺមិនបានទៅធ្វើការដូចសព្វមួយដងនោះទេ ពោលគឺរូបនាងបានបន្តស្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯង។
រហូតមកដល់វេលាកើតហេតុ ស្របពេល ដែលអ្នករើសអេតចាយបាននឹងកំពុងតែដើររើសអេតចាយសុខសុខ ស្រាប់តែក្រឡេកភ្នែកប្រទះឃើញជនរងគ្រោះដេកស្ដូកស្ដឹង នៅក្រោមជណ្ដើរ ដែលប្រើសម្រាប់ឡើងទៅបន្ទប់ជួលជាន់ខាងលើ លុះក្រឡេកមើលឡើងទៅលើក៏ឃើញមានកន្សែងពោះគោចាស់ដាច់រយ៉ៃមួយ ត្រូវបានចងជាប់ នឹងបង្កាន់ដៃជណ្ដើរ ទើបមានការសន្និដ្ឋានថា ជនរងគ្រោះប៉ន់ប៉ងគិតតែមិនបានសម្រេច ព្រោះតែកន្សែង គឺបានដាច់ជាមុន។
បន្ទាប់ពីឃើញដូច្នេះ អ្នករើសអេតចាយក៏ប្រញាប់ប្រញាល់ជួយលើកជនរងគ្រោះ រួចបន្តស្រែកហៅគេឯងឱ្យមកជួយសង្គ្រោះជនរងគ្រោះជាបឋម ចុងក្រោយជនរងគ្រោះ ក៏ត្រូវបានសាច់ញាតិបងប្អូនដែលទើបចេញមកពីធ្វើការបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ត។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឱ្យជនរងគ្រោះរូបនេះសម្រេចចិត្តគិតខ្លីទាំងវ័យក្មេងនេះត្រូវបានគេដឹងថា គឺដោយសារជនរងគ្រោះ ខឹងនឹងសង្សាររបស់ខ្លួន ប៉ុន្តែចំពោះកំហឹងកើតឡើងដោយសារតែរឿងអ្វីឱ្យពិតប្រាកដនោះគឺមិនទាន់ត្រូវបានបង្ហើបឱ្យដឹងលម្អិតនៅឡើយនោះទេ៕