ស្នងការរាជធានីភ្នំពេញ ចេញបទបញ្ជា ហាមមិនឲ្យមន្ត្រីនគរបាល ពិនិត្យជាតិអាកុល ពុំបាត់សួររកប័ណ្ណបើកបរ កាតគ្រីឡាន ជាដាច់ខាត ជាពិសេស ហាមដាចខាត មិនត្រូវវាស់ជាតិអាកុល លើអ្នករួមដំណើរឡើយ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ដល់កងកម្លាំងប្រតិបត្តិច្បាប់ទាំងអស់ ដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នៅពេលរាត្រី ក្រោយលោកទទួលបានសំណូមពរ និងម៉ាតិរិះគន់ក្នុងន័យស្ថាបនា ដែលធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមិនបានសេពគ្រឿងស្រវឹង។
ជាក់ស្ដែងយោងតាមរយៈបទបញ្ជាជាសារសំឡេងផ្ញើជូនថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ ដែលទេីបទទួលបាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវបទបញ្ជា បន្ថែមចំនួន ៣ចំណុចជំជំ ពាក់ព័ន្ធការត្រួតពិនិត្យជាតិអាល់កុល នៅពេលរាត្រី ក្នុងរាជធានីភ្នំពេញ រួមមាន
ទី១ ប្រសិនបើស្ថានភាពអ្នកបើកបរ មិនមានជាតិស្រវឹង ពុំចាំបាច់សួរនាំយកឯកសារពាក់ព័ន្ធ ដូចជាប័ណ្ណបើកបរ កាតគ្រីឡានជាដាច់ខាត
ទី២ ហាមដាច់ខាតការត្រួតពិនិត្យជាតិស្រវឹង លើអ្នករួមដំណើរ ដែលមិនមែនជាអ្នកបើកបរដាច់ខាត
ទី៣ ប្រសិនបើរថយន្ដធ្វើដំណើរជាលក្ខណៈក្រុមគ្រួសារ ដោយមានទាំងមនុស្សចាស់ ឬកូនតូចតូច មិនចាំបាច់ត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរនោះទេ
ចំពោះការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រោយលោកទទួលបាននូវម៉ាតិរបស់សាធារណៈជនជាបន្ដបន្ទាប់ ពាក់ព័ន្ធការអនុវត្តយុទ្ធនាការ រឹតបន្ដឹងច្បាប់ចរាចរណ៍ នៅពេលយប់ក្នុងរាជធានីភ្នំពេញ មានគោលដៅខ្លះ អនុវត្តលើសពីអ្វី ដែលលោកបានណែនាំនាពេលកន្លងមក និងជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។
គួរជម្រាបជូនថា កន្លងទៅនេះ មានគោលដៅត្រួតពិនិត្យជាតិស្រវឹងមួយចំនួន ហាក់អនុវត្តខុសពីការណែនាំប្រាកដមែន ពោលគឺនៅពេលត្រួតពិនិត្យ ទៅអ្នកបើកបរមិនមានជាតិស្រវឹង មន្ដ្រីអនុវត្តច្បាប់ចាប់ផ្ដើមសួររកឯកសារពាក់ព័ន្ធ ដូចជាប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់យានយន្ដ កាតគ្រីឡាន ជាដើម។
ករណីខ្លះទៀត មន្ដ្រីនគរបាលបានត្រួតពិនិត្យជាតិស្រវឹង លើអ្នករួមដំណើរ ដែលមិនមែនជាអ្នកបើកបរ ថែមទៀតផង និងមានខ្លះទៀត រថយន្ដដែលជិះជាលក្ខណៈគ្រួសារមានចាស់ មានកូនតូច ក៏ហៅចូលដើម្បីត្រួតពិនិត្យដូចគ្នា។
ជុំវិញបញ្ហានេះដែរ គេសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបទបញ្ជាជាថ្មីរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មន្ដ្រីនគរបាលទាំងអស់ នឹងអនុវត្តប្រកប ដោយការទទួលខុសត្រូវ ព្រោះលោកបានបញ្ជាក់ទៀតថា ប្រសិនបើមានភាពអសកម្មនៅគោលដៅណាមួយនោះ មន្ដ្រីទាំងអស់នោះនឹងទទួលខុសត្រូវដោយគ្មានការលើកលែងឡើយ៕