ករណី នារីម្នាក់ថាមានទាំងសម្លេង មានទាំងរូបភាពប៉េអឹមសង្ហារម្នាក់ បានប្រើល្បិចឆរបោកលុយខ្លួន១៥០០ដុល្លារតាមឆាត ពេលនេះត្រូវអ្នកនាំពាក្យបំភ្លឺថា មានគេក្លែងបន្លំគណនីហ្វេសប៊ុក
ក្រោយពីមានស្ត្រីម្នាក់ បង្ហោះចែកចាយរូបភាព និងសារសំឡេងបុរសម្នាក់ ដែលមានតួនាទីជា កងកម្លាំងអាវុធហត្ថ ប្រើល្បិចឆរបោកប្រាក់ពីខ្លួន ប្រមាណ ១៥០០ដុល្លារ តែមិនបានសម្រេច ស្រាប់តែពេលនេះអ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលក្នុងរូប ពិតជាមន្ត្រីអាវុធហត្ថប្រាកដមែន តែបានបដិសេធថា មានគេក្លែងបន្លំគណនីហ្វេសប៊ុក និងយករូបខ្លួនទៅប្រើប្រាស់
តែយ៉ាងណា អ្នកនាំពាក្យអាវុធហត្ថ បានប្រកាសរង់ចាំទទួលភ័ស្តុតាង ឬបណ្តឹងពាក់ព័ន្ធមន្ត្រីខាងលើផងដែរ ប្រសិនបើមានដើម្បីស្រាវជ្រាវរកការពិត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថានាពេលថ្មីថ្មីនេះ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានថា ល្បិច ឆរបោកថ្មី ដែលត្រូវប្រុងប្រយ័ត្ន! ហើយក្នុងរូបភាព នោះមានរូប ព្រិន្ទបាលឯក រិទ្ធ ដារិន ជាបុគ្គលិកការិយាល័យផែនការ ជ្រើសរើសនិងបណ្តុះបណ្តាល នៃស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង បានបញ្ជាក់ថា គណនីហ្វេសប៊ុក ឈ្មោះបឺរី សីងហ្គល់ ពុំមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ឈ្មោះរិទ្ធ ដារិន ទេ ហើយគេបានយករូបភាពចាស់ចាស់របស់រិទ្ធ ដារិន ទៅបង្ហោះ ធ្វើសកម្មភាពឆរបោក។ គណនីពិតប្រាកដរបស់រិទ្ធ ដារិន ប្រើប្រាស់សព្វថ្ងៃ មានតែមួយ គឺឈ្មោះ បឺរី ផា កន
គួរបញ្ជាក់ថា ស្ត្រីម្នាក់ បានចែករំលែកនូវបទពិសោធន៍មួយ ជុំវិញករណីឆបោកថ្មី ពីសំណាក់បុរសម្នាក់ ដែលស្ត្រីរូបនោះអះអាងថា ជាមន្ត្រីអាវុធហត្ថ តែបែរជាមកប្រើល្បិចបោកប្រាស់ប្រជាជនស្លូតត្រង់ទៅវិញ តាមរយៈការឆបោកជាប្រព័ន្ធ។ តាមរយៈវីដេអូដែលមានរយៈពេល ប្រមាណជាង ៩នាទី ស្ត្រីរូបនោះ បានរៀបរាប់ថា មានបុរសម្នាក់ មានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថ ពោលគឺគណនីទិកតុក ហ្វេសប៊ុក តេឡេក្រាម ជាដើម តែងបង្ហោះបង្ហាញពីភាពហ៊ឺហា ឡូយឆាយ ការស្លៀកពាក់ឯកសណ្ឋាន មានឋានៈតួនាទី ដើម្បីឱ្យគេជឿទុកចិត្ត ងាយប្រើល្បិចឆបោក។
តាមរយៈការរៀបរាប់ពីស្ត្រីខាងលើ បានបញ្ជាក់ថា ជនឆរបោក បានបង្កើតសាច់រឿងជាក្រុម ដើម្បីក្លែងបន្លំឱ្យនាងជឿទុកចិត្ត និងបាញ់លុយឱ្យបក្ខពួកខ្លួន ចំនួន១៥០០ដុល្លារ ជាថ្នូរនឹងការដោះដូរការឃាត់រថយន្តឆ្លងដែននៅច្រកទ្វារប៉ោយប៉ែត បើមិនដូច្នោះទេ គេនឹងបញ្ជូនទៅ កាន់ថ្នាក់លើបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ លុះក្រោយពីនាងបាននិយាយជាមួយនឹងបក្ខពួក ដែលបន្លំខ្លួនជាមន្ត្រីច្រកព្រំដែនហើយនោះ នាងក៏បានប្រាប់ឱ្យបុគ្គលជាមន្ត្រីអាវុធហត្ថនោះ បាញ់កុងធនាគារមកឱ្យខ្លួន ដើម្បីនាងបាញ់លុយទៅឱ្យ ក៏ប៉ុន្តែបុរសជាជនឆរបោកនោះ មិនព្រមឱ្យគណនីធនាគារមកនោះទេ បែរជាព្យាយាមឱ្យនាងបាញ់លុយតាមវីងវេរលុយវិញ។