គណៈកម្មការវត្ត សម្រេចកែលម្អរដំបូលវត្តធ្វើដូចផ្ទះវីឡា ដែលចំណាយលុយអស់ជិតកន្លះលានដុល្លារ មកជាដំបូលមានរចនាបថបែបខ្មែរវិញ
ក្រោយពីមានការរិះគន់ ពីសំណាក់មហាជនតាមបណ្ដាញសង្គម ជុំវិញសំណង មហាកុដិធ្វើម៉ូតដូចផ្ទះវីឡានៅវត្តថ្មីនេះ គណៈកម្មការចម្រុះក្នុងនោះរួមមាន មន្ទីរធម្មការខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សាលាមេគុណខេត្ត អភិបាលស្រុកកំពង់សៀម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក លោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានប្រជុំដោះស្រាយជាបន្ទាន់ ដោយមានការចូលរួម ពីព្រះចៅអធិការវត្ត ព្រះនាមប៊ន ស្រឿន ព្រមទាំងគណៈកម្មការអាចារ្យវត្ត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
ប្រធានមន្ទីរធម្មការនិងសាសនា អោយដឹងថា មហាកុដិនេះមានទំហំ ១៦ម៉ែត្រគុណ១៤ម៉ែត្រ មានកម្ពស់ បីជាន់ ដោយជាន់ខាងក្រោមមានបន្ទប់ សម្រាប់ព្រះចៅអធិការសឹង និងតាមជញ្ជាំងមានរូងដាក់ព្រះពុទ្ធរូបចំនួន១០៨ អង្គ ជាន់ទី២ មានតម្កល់សេរីរៈធាតុ ដែលយកពីប្រទេសឥណ្ឌា មានបន្ទប់ស្ទូតយោ សម្រាប់ផ្សព្វផ្សាយព្រះធម៌ និងបណ្ណាល័យ
ចំណែកឯនៅជាន់ទី៣ មានព្រះពុទ្ធរូបមួយអង្គធំ កន្លែងធ្វើសមាធិ ដោយសុទ្ធសឹងតែធ្វើឡើងតាមលក្ខណៈព្រះពុទ្ធសាសនាសុទ្ធសាធ។ បន្ទាប់ពីមានការពន្យល់ពីស្ថាប័នមន្ទីរវប្បធម៌ខេត្ត ក៏ដូចជាមន្ទីរធម្មការខេត្ត ព្រះចៅអធិការវត្តរួមទាំងគណៈកម្មការវត្តបានយល់ព្រមកែលម្អដំបូលមហាកុដិ ធ្វើយ៉ាងណាតាមរចនាបទខ្មែរវិញ
សូមបញ្ជាក់ថាមហាកុដនេះ ត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ២០១៨ បន្តរហូតមកដល់ឆ្នាំ២០២៤ សម្រេចបាន៨៧% ទៅ៩៨% ចំពោះបច្ច័យ ដែលត្រូវចំណាយប្រមាណ ៣៥ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា ព្រះចៅអធិការអង្គនេះ បានគ្រប់គ្រងវត្តថ្មីក្នុងអំឡុងឆ្នាំ២០១៣ បន្តរហូតមកដល់បច្ចុប្បន្ន ចំពោះសមិទ្ធិផល ដែលសម្រេចបានវិញ រួមមានមហាកុដិ បានមកពីពុទ្ធបរិស័ទចំណុះជាងវត្តទាំងនៅទីជិតទីឆ្ងាយ និងមួយផ្នែកទៀតនៅក្រៅស្រុក ក្រៅពីនេះ មានតូបតាជីយាយជី សាលាពុទ្ធិកៈមួយជាន់សាងសង់អំពីបេតុង ៕