ក្រោយត្រូវគ្នាជាមួយបងស្រីវិញ អ្នកស្រីទ្រីដាណា ទម្លាយមូលហេតុដែលនាំអោយបងប្អូនខ្លួនឈ្លោះគ្នា គឺមកពីជឿសម្ដីអ្នកដ៏ទៃចាក់រុក ជាពិសេសអ្នកស្រីទ្រីសុផានិត ក៏ប្រាប់ពីកំហុសរបស់ខ្លួនថា

បើគិតមកដល់ពេលនេះ មិនមែនតិចឆ្នាំនោះទេ ដែលបងប្អូនអ្នកជំនួញត្រកូល ទ្រី បានបែកបាក់សាមគ្គី ទាស់ពាក្យសម្ដីមើលមុខគ្នាលែងចំ រហូតឈានដល់ការកាត់ការបងប្អូនជាមួយគ្នាថែមទៀតផង។

ប៉ុន្តែនៅសុខសុខស្រាប់តែលោកស្រី ទ្រី ដាណា និងលោកស្រី ទ្រី សុផានិត ដែលជាបងស្រីបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមទាំងកណ្ដាលយប់តែម្ដង។

​កន្លងមកបងប្អូនទាំង ៤នាក់ របស់លោកស្រី ទ្រី ដាណា ដែលជាជំនួញនិងជាថៅកែហាងពេជ្រដ៏ធំ ប្រចាំប្រទេសកម្ពុជា បានកើតមាននូវភាពចម្រូងចម្រាស់ជាមួយគ្នារហូតដល់ថ្នាក់ ធ្វើឱ្យបងប្អូនទាំង ៤ មើលមុខគ្នាលែងចំ និងបានប្រកាសកាត់ការបងប្អូនជាមួយគ្នាថែមទៀតផង។

ខណៈគេនៅចាំថាសូម្បីតែថ្ងៃមង្គលការរបស់លោកស្រី ទ្រី ដាណា ក៏មិនបានអញ្ជើញលោកស្រី ទ្រី សុផានិត ដែលជាបងស្រីបង្កើត និងលោក ទ្រី វាយោ ជាប្អូនប្រុសឱ្យចូលរួមក្នុងកម្មវិធីរបស់ខ្លួនផងដែរ។

ដោយឡែកស្រាប់តែនៅយប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤ នេះលោកស្រី ទ្រី ដាណា និងលោកស្រី ទ្រី សុផានិត បានបង្ហោះរូបភាពជួបជុំជាមួយបងប្អូនរបស់ខ្លួនព្រមព្រមគ្នា និងបានបញ្ជាក់ថា គ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់ហើយ បងប្អូនរបស់លោកស្រី ក៏បានវិលមកជួបជុំគ្នាវិញផងដែរ។

តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង និងពិតជានឹកស្មានមិនដល់នោះគឹ ទាំងពីរនាក់បងប្អូនបានទម្លាយពីមូលហេតុដែលនាំឱ្យបងប្អូនរបស់ខ្លួន កើតមានជម្លោះ ដល់ថ្នាក់កាត់កាល់គ្នាអស់ជាច្រើនឆ្នាំ គឺមកពី​ការជឿងប់ងល់ទៅលើពាក្យសម្ដីចាក់រុករបស់អ្នកដទៃ ហើយក៏មិនព្រមបើកចិត្តយកបញ្ហា មកដាក់លើតុជជែកគ្នា។

នេះបើតាមការបង្ហោះរបស់លោកស្រី ទ្រី ដាណា ថា​គ្រប់យ៉ាងកើតឡើងពីភាពមិនច្បាស់លាស់ ដោយសារគាត់ជឿលើអ្នកដទៃចាក់រុក ហើយក៏មិនព្រមយកបញ្ហាមកដាក់លើតុជជែកគ្នា។ ទម្រាំដឹងខ្លួន គេជេរខ្ញុំឡើងឆ្អែតឆ្អន់។

កំហុសគាត់កើតឡើង ម្ដងជាពីរដង ខ្ញុំក៏ធ្លាប់គិតថា មិនអាចអភ័យ ព្រោះការឈឺចាប់វាខ្លាំងហួសប្រមាណ។ តែសាច់ឈាម មិនអាចកាត់ដាច់ ខ្ញុំក៏មានបេះដូង មានមនោសញ្ចេតនា ថ្ងៃនេះគាត់មកជួបខ្ញុំ គាត់ប្រាប់ថា មកពីជឿលើសម្ដីអ្នកដទៃ។

នាងខ្ញុំ បេះដូងទន់ណាស់ រឹតតែមានមនោសញ្ចេតនា ឥឡូវខ្ញុំទទួលយកពាក្យសុំទោសគាត់ហើយ។ សង្ឃឹមថាថ្ងៃក្រោយ បងអាចទុកចិត្តបងប្អូន កុំជឿការចាក់រុករបស់អ្នកដទៃ។ ចុងក្រោយ គេទៅបាត់អស់ហើយ គ្មានអ្នកណា ជួយដោះស្រាយយើងទេ ហើយចុងក្រោយ ក៏មានតែបងប្អូននេះឯង​

រីឯលោកស្រី ទ្រី សុផានិត វិញក្រោយទទួលបានការអភ័យពីប្អូនស្រីក៏ស្រាប់តែពោលពាក្យយ៉ាងក្ដុកក្ដួលបែបនេះថា ថ្ងៃនេះ ទើបយល់ពីទឹកចិត្តប្អូនស្រី បងអរគុណណាស់ សុំទោសដែលកន្លងមក បងជឿគេចាក់រុក តែឥឡូវបងបានដឹងច្បាស់ហើយ។

បងធ្លាប់និយាយអាក្រក់ពីប្អូនច្រើនដង ទាំងបំពាន ដោយសារអ្នកដទៃ ដល់ពេលភ្ញាក់ខ្លួន ក៏គិតថាប្អូនប្រហែលមិនលើកលែងដល់បងទេ តែតាមពិតមនោសញ្ចេតនា ចំពោះបងប្អូន មិនអាចកាត់ដាច់បាន ប្អូនជាមនុស្សស្រីម្នាក់ ដែលតែងលើកស្ទួយបងប្អូន និងជួយជ្រោងកិត្តិយសគ្រួសារ។

តែចៃដន្យ ពីមុនប្អូនមានជីវិតគ្រួសារមិនគាប់ប្រសើរ គួរណាស់តែអាណិត ព្រោះរាល់ដង សុទ្ធតែរៀបការពេញច្បាប់ មិនចេះរញ៉េរញ៉ៃច្រើន តែបងបែរជាគាស់ កកាយរឿងអស់នេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្អូន។

មកពីអារម្មណ៍គិតខុស ហើយក៏មានអារម្មណ៍ថាស្ដាយក្រោយណាស់ ពេលនេះ។ តែយ៉ាងណា ថ្ងៃនេះ បងក៏រំភើបចិត្ត ដែលប្អូនព្រមជួបបង ទទួលការរៀបរាប់ ពីកំហុសរបស់បង ថ្ងៃក្រោយ បងឈប់ជឿអ្នកដទៃហើយ មានតែបងប្អូនទេ ដែលកាត់គ្នាមិនដាច់​។

គួរបញ្ជាក់ថាកាលពីដើមខែ កុម្ភៈ ឆ្នាំ ២០២៤ លោក ទ្រី វាយោ ដែលជាប្អូនប្រុសពៅ ក៏បានដឹងពីកំហុស និងបានទៅសូមទោសដល់លោកស្រី ទ្រី ដាណា ដែលជាបងស្រីដូចគ្នាផងដែរ។ យ៉ាងណាមិញជុំវិញភាពចម្រូងចម្រាស់នៅក្នុងគ្រួសារអ្នកជំនួញរូបនេះ ក៏បានស្ដែងចេញជាសារអប់រំ និងជាការដាស់តឿនដល់បងប្អូនមហាជនមួយចំនួនថា ពាក្យសម្ដីរបស់មនុស្សប្រៀបដូចជាអាវុធគ្មានមុខ ពាក្យសម្តីដែលអ្នកនិយាយនៅថ្ងៃនេះ អាចសម្លាប់ទឹកចិត្តអ្នកដទៃអស់មួយជីវិតដោយអ្នកមិនដឹងខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *