មានករណីជនបរទេសម្នាក់បានបង្ហោះសារតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ ហ្វ្រង់កូ ឌូតូ ​ បានលើកឡើងថា សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ទាញករខ្ញុំចង់យកដាក់ពន្ធនាគារ និងស្នើឱ្យខ្ញុំបង់លុយផាកពិន័យទៅគណនីធនាគារអេប៊ីអេ​ ផ្ទាល់ខ្លួន គ្រាន់តែខ្ញុំអត់មានមួកសុវត្ថិភាព

ជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុង ដោយហេតុថា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ១ប៊ីអេច ៩៤ ៥៦ ​បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ​

បន្ទាប់មកសមត្ថកិច្ចឱ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០ចុច៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី ​និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេបើមិនដូច្នោះទេ ត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។

បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។

ក្រោយមកសមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះ ហៅពួកម៉ាកដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាកគាត់បានមកទទួលហើយសមត្ថកិច្ចអនុញ្ញាតឱ្យពួកម៉ាកជនបរទេសនេះជិះម៉ូតូធំរបស់គាត់ដឹកចេញទៅបាត់។

ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រាវគឺគាត់ធ្វើការជាឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបានក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង ឱ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរនាំពីព្រោះការចុះអនុវត្តច្បាប់នេះ សមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទូទៅមិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឱ្យចូលរួមគោរពច្បាប់។ ការអនុវត្តច្បាប់នេះដោយវិជ្ជាជីវៈ និងតាមគោលការណ៍ច្បាប់

ជុំវិញករណីនេះផងដែរ យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនស្គាល់តាមរយៈក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខ ពីសិល្បៈផ្សេងផ្សេង ដូចជាប្រាសាទខ្មែរជាដើម។ ថ្មីថ្មីនេះលោកបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននូវហេតុការណ៍ក្តៅគគុកមួយ ដែលមានជនបរទេសម្នាក់ចោទប៉ូលិសចរាចរណ៍ខ្មែរថា បានផាកលុយចំនួន២៥០ដុល្លារ ដោយសារអត់មួកសុវត្ថិភាព។

លោកវ៉ាត វ៉ាន់ ថាការចោទរបស់ជនបរទេសនេះ ហួសហេតុពេកដោយសង្ឃឹមថាប្រជាជនខ្មែរ គិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។

សូមរំលឹកថា នៅយប់ថ្ងៃទី១ មីនា តាមរយៈគណនីហ្វេកប៊ុកជនបរទេសមួយឈ្មោះថាហ្វ្រង់កូ ឌូតូ ​បានបង្ហោះចែកចាយព័ត៌មានបង្ហាញថា ខ្លួនលោកត្រូវបានប៉ូលិសចរាចរណ៍ខ្មែរ ចាប់ផាកពិន័យចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាព ព្រមទាំងបង្ហាញថា ប៉ូលិសបានចាប់ករលោក និងហាមឃាត់មិនឱ្យមានការថតរូប វីដេអូផ្សេងផ្សេងនោះទេ។ ជនបរទេសនោះ បញ្ជាក់ទៀតថា ផ្លូវដែលប៉ូលិសស្ទាក់ចាប់នេះគឺលោកបើកបរស្ទើរតែរាល់យប់ពេលចេញពីធ្វើការ។

ទោះយ៉ាងណា ការបង្ហាញថាប៉ូលិសចរាចរណ៍ខ្មែរ ចាប់ផាកពិន័យជនបរទេសចំនួន២៥០ដុល្លារ ដោយសារតែអត់ពាក់មួកសុវត្ថិភាពនេះ បានធ្វើឱ្យមានមតិសាធារណជនរិះគន់យ៉ាងច្រើនទៅលើប៉ូលិសចរាចរណ៍នោះ។

ដ្បិតតែសាធារណជនមួយចំនួនបញ្ចេញយោបល់មិនសំចៃមាត់ ងាកទៅកាន់យុវជន វ៉ាត វ៉ាន់ បានបង្ហាញមតិយោបល់របស់ខ្លួនស្នើឱ្យមហាជនគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។

នៅថ្ងៃទី២ មីនា វ៉ាត វ៉ាន់ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា​ ឃើញផុសនេះហើយ ចង់បង្ហាញបន្តិច។ បរទេសម្នាក់បង្ហោះសារ អាចចូលអានបាន។ ប៉ូលិសវាស់គាត់មានជាតិអាកុល ចឹងអាចនឹងផាកថ្លៃចឹងហើយ។

មួយទៀត កុំជាន់ជាតិសាសន៍ខ្លួនឯងពេក មើលហេតុផលសិន។ គាត់ជនជាតិបរទេស តែដូចជាធ្វើការនៅក្លឹបខ្មែរដូចគ្នា ហើយការផុសរបស់គាត់ ដែលអះអាងថា មិនបានផឹក គ្រាន់តែអត់មួកសុវត្ថិភាពផាកគាត់២៥០ដុល្លារ ​នេះដូចជាចោទហួសពេក។

មួយទៀត ទទួលស្គាល់ថាជាសិទ្ធិប្រជាជនដែលមានសិទ្ធិថតទុកការពារខ្លួន ប៉ូលិសមិនអាចចេះ តែលើកដៃប៉ះពាល់គេ រឺទាញទូរស័ព្ទឡើយ។ តែសរុបសេចក្ដីមក គឺសំណេរជនបរទេសនេះ ក៏អាចធ្វើឱ្យខូចឈ្មោះសណ្ដាប់ធ្នាប់ប្រទេសកម្ពុជាផងដែរ គាត់ដាក់ទង់ជាតិខ្មែរច្បាស់ច្បាស់ចឹងម៉ង បើបរទេសផ្សេងផ្សេងមិនដឹងមូលហេតុគេអាចគិតអាក្រក់លើប្រទេសយើងទាំងមូលបាន​។

បើយើងដឹងថាពេលខ្លះមានករណីចឹងមែន តែក៏សូមបង្ហាញព័ត៌មានដែលពិតដូចគ្នា។ តែគាត់ក៏ត្រូវទទួលស្គាល់ថា មិនមែនតែអត់មួកទេ តែគឺមានជាតិអាកុលទើបប៉ូលិសផាកបែបនេះ ​ដូចគេផ្សេងផ្សេងចូលខាំមិន បញ្ជាក់ គាត់មានជាតិអាកុល គាត់ហាក់ដូចជាមិនទទួលស្គាល់ ហើយថាមិនបានផឹក​។

សង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃ។ កុំគិតថាខ្មែរយើង រឺជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។ ទទួលស្គាល់លុយពិបាករកណាស់ តែបើយើងអោយគ្រួសារដទៃបាត់បង់ជីវិត ដោយសារយើងព្រោះតែស្រា តើលុយនឹងថ្លៃជាងអាយុជីវិតអ្នកដទៃដែរមែនទេ  ជួនកាលមានហេតុ ទើបមានផល។

ហើយក៏សង្ឃឹមថាការរិតបណ្ដឹងបន្តអនុវត្ត តែសូមអនុវត្តដោយស្មើរភាព ក្រមសីលធម៌ និងត្រឹមត្រូវ»៕

Leave a Reply

Your email address will not be published. Required fields are marked *