តាមពិត អន្ទិតសាន សុជា ប្រញាប់ប្រញាល់ ជិះយន្តហោះពីប្រទេសអូស្ត្រាលី មកស្រុកខ្មែរវិញ គឺដើម្បីចែកសំបុត្រការ ដែលត្រូវដឹកដៃគូរដណ្តឹងចូលរោងការ នៅថ្ងៃដើមខែវិច្ឆិកា ខាងមុខនេះសោះ ជាពិសេសប្រាប់ភ្ញៀវជាច្រើនតុ មានចំនួនរហូតដល់

អន្ទិតសាន សុជា អតីតព្រះធម្មកថិកដ៏ល្បីឈ្មោះ ដែលទើបតែលាចាកសិក្ខាបទបានជាង ២ខែ ទៅភ្ជាប់ពាក្យជាមួយនារីរូប ស្រស់ម្នាក់ ជាកូនអ្នកស្រុកសៀមរាបនោះ នឹងត្រូវដឹកដៃគូដណ្ដឹង ចូលរោងការ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ហើយ ។

បើយោងតាមលិខិតអញ្ជើញភ្ញៀវកិត្តិយស ចូលរួមពិធីមង្គលការ របស់អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលបានចែកជូនភ្ញៀវមិនតិចជាង ១០០តុនោះ បានបញ្ជាក់ថា លោកទិប ទុយ និងលោកស្រី អៀង ថែម ជាមាតាបិតាខាងប្រុស ជាមួយ លោកឡៅ ហួន និងលោកស្រី អ៊ុក ឆ្លើយ ជាមាតាបិតាខាងស្រី មានកិត្តិយស សូមគោរព អញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួម ចម្រើនជោគជ័យ សិរីសួស្តី ជ័យមង្គល ដល់កូនប្រុសនាម សាន សុជា និងកូនស្រីនាម ឡៅ ដាន ដែលនឹងរៀបអាពាហ៍ពិពាហ៍ និងពិសាភោជនាហារ នៅថ្ងៃអាទិត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង ១១និង០០នាទីព្រឹក នៅសាលមង្គល លំដាប់ថ្មី ផ្លូវក្រវាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា អតីតភិក្ដវជិរប្បញ្ញោ សាន សុជា ដែលជាព្រះធម្មកថិកដ៏ល្បីនោះ បានលាចាកសិក្ខាបទ កាលពី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅឯប្រទេសអូស្ត្រាលី ក្រោយពីបានបួសជាព្រះសង្ឃ អស់ពេលដល់ទៅ ៣១ឆ្នាំ ហើយក្នុងអំឡុងពេលបួសនេះ អតីត ភិក្ខុនេះ ធ្លាប់បានសុំម្ដាយសឹក រហូតដល់ទៅ ៣ដង តែដោយគោរពតាមឱវាទ ក៏ដូចជាដើម្បីបំពេញបំណងម្តាយ ក៏ទ្រាំបន្តបួសរហូតដល់បច្ចុប្បន្ន

ចុងក្រោយ សុំសឹកលើកទី៣ ទើបម្ដាយយល់ព្រម ឲ្យលាចាកសិក្ខាបទ។ បន្ទាប់ពីសឹករួចភ្លាម អន្ទិតសាន សុជា បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើល ជាមួយរូបភាពឱប កៀកកិតជាមួយស្រីស្រីក្មេង ដែលនាំឲ្យគេសង្ស័យជាគូស្នេហ៍ រហូតមានពាក្យរិះគន់ពីមជ្ឈដ្ឋានមួយចំនួនដោយលើកឡើងថា សឹកដោយសារតែគ្រប់គ្រងតណ្ហាខ្លួនឯងលែងបាន ហើយលឺថាលួចមានស្នេហាតាំងពីនៅគ្រងស្បង់ចីវរ ទើបសម្រេចចិត្តសឹក ជាដើម ។

ប៉ុន្តែទោះបីជាមានការរិះគន់ និងចោទប្រកាន់យ៉ាងណា ក៏អន្ទិតសាន សុជា មិនចេញបកស្រាយបំភ្លឺឡើយ រហូតដល់ប្អូនស្រីបង្កើត បានចេញមុខបំភ្លឺជំនួសបងប្រុសទៅវិញថា ស្រីស្រីក្មេងដែលអោបកៀកកិត ជាមួយ អន្ទិតសាន សុជា ក្រោយពេលសឹក នោះ សុទ្ធតែជាប្អូនស្រីបង្កើតរបស់លោកទេ ទើបមហាជនបានសប់ចិត្តវិញ។

ប៉ុន្តែបន្ទាប់ពីស្ងប់ស្ងាត់ ត្រឹមតែមួយរយៈខ្លី ស្រាប់តែអន្ទិតសាន សុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត ជាមួយ ការរៀបចំពិធីភ្ជាប់ពាក្យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ ជាមួយនារីខ្មែរ នៅប្រទេសអូស្ត្រាលីម្នាក់ ឈ្មោះឡៅ ដានេ ដែលលេចលឺព័ត៌មានថា ជាប្រពន្ធអតីតកូនសិស្សរបស់ខ្លួនទៀតផង

ក្រោយស្ងប់ស្ងាត់រឿងអន្ទិតសាន​សុជា យកប្រពន្ធកូនសិស្សខ្លួនឯង បានបន្តិច ស្រាប់អន្ទិតរូបនេះ បានវិលត្រឡប់ពីប្រទេសអូស្ត្រាលី មកស្រុកខ្មែរវិញកាលពីពាក់កណ្តាលខែតុលានេះ ដោយគ្មាននរណាដឹងថា លោកមកក្នុងគោលបំណងអ្វីនោះទេ ក្រៅពីឃើញដើរផ្សព្វផ្សាយព្រះធម៌ តាមការអញ្ញើញរបស់ពុទ្ធបរិស័ទ ដែលនៅស្មោះស្ម័គ្រនិងលោក

ក្រោយមកទើបបែកធ្លាយថា អន្ទិតសាន សុជា មកប្រទេសកម្ពុជាលើកនេះ មិនមែនមកក្នុងទិសដៅពន្យល់ព្រះធម៌ មេរៀនរបស់ព្រះសម្មាសម្ពុទ្ធឡើយ គឺមកដើម្បីចែកសំបុត្រការ ដែលនឹងត្រូវដឹកដៃគូរដណ្តឹងចូលរោងការ តាមប្រពៃណីខ្មែរ នៅថ្ងៃទី៥ ដើមខែវិច្ឆិកា ឆ្នាំ២០២៣ ចុងសប្តាហ៍ក្រោយនេះសោះ៕

Leave a Reply

Your email address will not be published. Required fields are marked *