ក្រោយនារីម្នាក់ថា មន្ទីរពេទ្យរុស្ស៊ីសម្លាប់ប៉ាខ្ញុំ ខាងមន្ទីរពេទ្យ ចេញមុខបកស្រាយយ៉ាងខ្លីថា មកពីអ្នកជំងឺឈឺធ្ងន់ពេក ទើបមិនអាចសង្គ្រោះបាន និងផ្តាំទៅគ្រួសារសពវិញថា
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាន និង កំពុងនាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងកក្រើក បន្ទាប់ពីម្ចាស់គណនីម្នាក់ឈ្មោះ បានបង្ហោះសារមួយរៀបរាប់ពីការឈឺចាប់ពីការបាត់បង់លោកឪពុក ដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ។
តាមរយៈម្ចាស់គណនីឈ្មោះ ស្រីពេជ្យ ធូរ ដែលបានបង្ហោះសាររៀបរាប់ពីភាពឈឺចាប់កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នោះ បានបង្ហាញថា មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតសម្លាប់ប៉ាខ្ញុំ តើមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀត ដែលត្រូវជួបរឿងបែបនេះ
កាលពីម៉ោង ២ ទាបភ្លឺថ្ងៃទី ២៦ ខែមករា ប៉ាខ្ញុំមានអាការសន្លប់បាត់បង់ស្មារតី ខ្ញុំ និងម៉ាក់បានដឹកប៉ា មកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬហៅថាពេទ្យរុស្ស៊ី មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោល ហើយតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង ៤០នាទី
បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហើយ ពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេ តេដាស់ពេទ្យដើម្បីស្កែន និង តម្រូវឱ្យបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់មកពីថត គេអូសប៉ាខ្ញុំទៅថតស្កែន ១កន្លែងទៀតដោយ ក្រុមការងារ មានតែ ម្នាក់គត់
រឿងដរដែលកើតឡើងនៅពេលដល់បន្ទប់ស្កែន គេត្រូវចំណាយពេលតេដាស់ពេទ្យម្តងទៀត។ មិនមានការសង្គ្រោះបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡើយ គាត់ត្រូវសន្លប់ពីម៉ោង ២ រហូតដល់ម៉ោង ៤ កន្លះដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំ និងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ។
ស្របគ្នានេះ ម្ចាស់គណនីខាងលើបានបន្តសំណេរទៀតថា រឿងដែលហួសចិត្តជាងនេះទៅទៀត នៅពេលដែលខ្ញុំសុំពេទ្យយកប៉ាចេញទៅព្យាបាលបន្តនៅវៀតណាម ខាងឡានសាមុយពេទ្យរុស្ស៊ីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ មិនឱ្យចូលដោយនិយាយថា មន្ទីរពេទ្យមិនអនុញ្ញាតឱ្យឡានខាងក្រៅ ដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃសុំអនុញ្ញាតយក ប៉ាខ្ញុំចេញព្យាបាលទៅជាមួយហើយក៏ដោយ។
មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរុស្ស៊ីទេ តែតម្លៃខាងគាត់ គឺគុណនឹង ២ ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លើសពីនោះទៅទៀត គាត់បាននិយាយមកកាន់ពួកខ្ញុំថា នរណាអនុញ្ញាតឱ្យបងចេញ ពេទ្យមួយណា ឈ្មោះអី
ចំពោះតម្លៃអ្នកឯងមានតថ្លៃពួកខ្ញុំហើយឬនៅ ទាំងដែលប៉ាខ្ញុំជិតអស់ពេលទៅ រហូតដល់ម៉ោង ៨ ព្រឹក ទើបពួកខ្ញុំអាចដោះស្រាយ ដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហើយ ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវឱ្យរដ្ឋាភិបាលរកយុត្តិធម៌ ក៏ដូចជាមានវិធានការចំពោះករណីនេះផង
បន្ទាប់ពីរងការចោទប្រកាន់ ពីសំណាកមហាជន ដែលប្រើប្រាស់បណ្តាញសង្គម ខាងក្រុមមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការបកស្រាយដូច្នេះថា តាងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានផុស ខាងលើនេះ។
យើងខ្ញុំសូមជម្រាបជូនដល់បងប្អូនសាធារណៈជនអោយបានជ្រាបថា ស្ថានភាពអ្នកជំងឺពេលចូលមកដល់មន្ទីរពេទ្យ ក៏មានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៍បាន ព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពដែរ នៅតែមិនអាចសង្គ្រោះបាន ដោយក្រុមគ្រូពេទ្យជំនាញ ក៏បានបកស្រាយ និងពន្យល់អំពីសភាពធ្ងន់ធ្ងររបស់អ្នកជំងឺជូនក្រុមគ្រួសារទៅតាមដំណាក់ កាលរួចរាល់ដែរ។
យើងខ្ញុំរង់ចាំស្វាគមន៍សាច់ញាតិបងប្អូន សម្រាប់ការសាកសួរព័ត៌មានបន្ថែមអំពី ការជួយសង្គ្រោះនេះ សូមអញ្ជើញមកទំនាក់ទំនងសួរផ្ទាល់នៅមន្ទីរពេទ្យបាន។ អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៍មាន។ សូមអរគុណ។
គួរបញ្ជាក់ផងដែរថា បេីបងប្អូននៅតែមានចម្ងល់ ឬមានសំណួរទៀតនោះ ខាងមន្ទីរពេទ្យអាចពន្យល់បានទៀត ដោយសូមមេត្តាអញ្ជេីញទៅជួបក្រុមការងាររបស់មន្ទីរពេទ្យផ្ទាល់៕