ប្រជាពុទ្ធបរិស័ទ ប្រកាសតវ៉ា បើគណៈសង្ឃតែងតាំង ភិក្ខុពេជ្រ ដេវីដ មកគ្រប់គ្រងវត្តក្រុងវុនតាឯក ដែលរដ្ឋាភិបាលបង្កើតថ្មី ព្រោះសង្ឃអង្គនេះ ធ្លាប់ជាប់គុក
ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក បានឲ្យដឹងថា ពួកគាត់នឹងធ្វើការតវ៉ា ប្រសិនបើមានការតែងតាំងភិក្ខុ ពេជ្រ ដេវិដ ជាអៈតីតគ្រូសូត្រនៅវត្តពោធិ៍លង្កា ឱ្យមកគ្រប់គ្រងវត្តរុនតាឯកថ្មី នៅក្រុងរុនតាឯក ដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងនោះ។
មូលហេតុដែល ពួកគាត់មិនពេញចិត្ត និងមិនគាំទ្រ ប្រសិនបើក្រសួងធម្មការ និងគណៈសង្ឃនា យកឱ្យភិក្ខុ ពេជ្រ ដេវិដ មកគង់នៅវត្តរុនតាឯកថ្មី ស្ថិតក្នុងក្រុងរុនតាឯក ខេត្តសៀមរាប ព្រោះតែភិក្ខុអង្គនេះកាលនៅជាសង្ឃក្នុងវត្តពោធិលង្កា ធ្លាប់បានប្រព្រឹត្តខុសវិន័យសង្ឃ រហូតជាប់ពន្ធនាគារថែមទៀតផង។ បើតាមប្រជាពលរដ្ឋថា ក្រោយចេញពី ពន្ធនាគារវិញ ភិក្ខុ ពេជ្រ ដេវិដ ក៏បង្ករឿងបែងចែក បក្ខពួកគ្នា រហូតបិទវត្តពោធិ៍លង្កាទាំងស្រុងទៀតផង ក្នុងខេត្តសៀមរាប ដែលរឿងនេះ អ្នកណាក៏ដឹងដែរ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ គណៈសង្ឃនាយក បានបើកកិច្ចប្រជុំសម្របសម្រួលមួយ ដោយមានការចូលរួម ពីអាជ្ញាធរ គណៈសង្ឃ ព្រមទាំងតំណាងប្រជាពលរដ្ឋរុនតាឯកផងលើករណីយ៍នេះ ។ តែយ៉ាងណាក៏ដោយតំណាងប្រជាពលរដ្ឋរុនតាឯក នៅតែបដិសេធ មិនព្រមទទួលយកភិក្ខុ ពេជ្រ ដេវិដ ឱ្យមកគង់នៅវត្តរុនតាឯកថ្មីឡើយ ហើយប្រសិនបើនៅតែមានការតែងតាំងទៀត នោះប្រជាពលរដ្ឋទាំងអស់នឹងលើកគ្នាធ្វើការតវ៉ាតែម្តង។
គេនៅចាំបានថា នៅក្នុងលិខិតមួយចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈសង្ឃនាយកបានសម្រេចបញ្ចប់មុខតំណែង គណៈសង្ឃវត្តពោធិ៍លង្កា ស្ថិតក្នុងភូមិស្លរក្រាម សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាង ក្រោម ១ បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ ២ បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីដ ពីគ្រូសូត្រស្ដាំ ៣ បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ីន ពីគ្រូសូត្រឆ្វេង និង៤ បញ្ចប់មុខតំណែង ភិក្ខុ ពីវិន័យធម៌។
សូមបញ្ជាក់ថា ព្រះគ្រូចៅអធិការវត្តពោធិលង្កា ព្រះនាម កែវ ខូយ ត្រូវបានព្រះមេគុណខេត្តសៀមរាប សាលាអនុគុណក្រុង មន្ទីរធម្មការ និងសាសនា ព្រមទាំងមន្ត្រីសង្ឃសម្រេច ផ្អាកតួនាទីពីចៅអធិការវត្ត ក្រោយពីបែកធ្លាយ រឿងលួចទាក់ទងជាមួយស្ត្រីម្នាក់ រហូតឈានដល់តេវិដេអូ សម្រេចមេថុន តាមឆាតហ្វេសប៊ុកទៀតផង
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការផ្អាកតួនាទីរបស់ព្រះចៅអធិការវត្តពោធិ៍លង្កា ធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះ ចុះពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ផងដែរ។
ពេលនោះ សាលាអនុគុណក្រុងសៀមរាប ក៏បានបញ្ជាក់ថា សាលាអនុគណក្រុងសៀមរាប សូមប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនប្អូន សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លរក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាស រំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឲ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប ដែលមានព្រះសង្ឃ សរុបមានចំនួន ១៤០អង្គ និងតាជី យាយជី ក្មេងវត្តមាន ចំនួន ៣១នាក់ ក្នុងនោះ៖ ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យ រាជបូណ៌ ចំនួន ៣៨អង្គ ត្រូវនិមន្តទៅគង់វត្តរាជបូណ៌វិញ។
ចំណែកព្រះសង្ឃ ចំនួន ១០២អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរកវត្តស្នាក់នៅបន្ត។ ដោយឡែក តាជី យាយជី និង ក្មេងវត្ត ចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។
សាលាអនុគណក្រុង មិនអនុញ្ញាតឲ្យបុគ្គលណាមួយ បន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមួយមិនព្រមចាកចេញ តាមការជូនដំណឹងនេះ សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមាន សមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ។