មកដឹងលម្អិត តារាកំប្លែងនាយស្វិត ស្លាប់ទាំងវ័យក្មេង គឺមកពីកើតជំងឺមួយនេះរហូតដល់ថ្នាក់ ខូចក្រលៀន ហើយត្រូវលាងឈាមជាប្រចាំ

នៅរសៀលថ្ងៃទី ២៧ មករា នេះមហាជនរួមអ្នកសិល្បៈជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា នាយស្វិត ដែលជាសិល្បករកំប្លែងជើងចាស់មួយរូប បានទទួលមរណភាព​ បន្ទាប់ពីធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ត្រូវគេងក្នុងមន្ទីពេទ្យអស់ជាច្រើនខែ។

នៅលើបណ្ដាញសង្គមមុននេះបន្តិចគេឃើញមានសិល្បករ សិល្បការិនី ជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខ សម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ វីរៈសិល្បករ ជើងចាស់ នាយស្វិត ។

កាលពីថ្ងៃទី ១៨ មករា កន្លងទៅ នាយ ក្រឹម តាំងនាមជាប្រធានក្រុមកំប្លែង ប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ បានសម្ដែងការអគុណ ក៏ដូចជារំភើបជំនួស នាយស្វិត ដែលត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រូពេទ្យ ធីដា ​ធ្វើការយកចិត្តទុកដាក់ព្យាបាលជំងឺ ដល់តារាកំប្លែងរូបនេះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដោយមិនគិតថវិកា និងបានឧបត្ថម លើចំណាយផ្សេងផ្សេងជាច្រើនទៀត។

ដ្បិតមានការជួយជ្រោមជ្រែងលើការចំណាយថ្លៃព្យាបាល និងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួពេទ្យយ៉ាងណាក្ដី ក៏នៅតែមិនអាចជួយសង្គ្រោះជីវិត របស់តារាកំប្លែងរូបនេះបានឡើយ។

តាមរយៈសាររំលែកទុក្ខរបស់ សមាគមយុវសិល្បករ ដើម្បីសន្តិភាព បានបង្ហោះនៅមុននេះបន្តិចថា​ ​សារចូលរួមរំលែកទុក្ខ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមយុវសិល្បករ ដើម្បីសន្តិភាព មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា នាយស្វិត ដែលជាអ្នកកប្លែងជើងចាស់ និងមានការចូលចិត្ត ពីបងប្អូនអ្នកគាំទ្រក្នុងឱកាសនៃទុក្ខដ៏ក្រៀមក្រំនេះ យើងទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ហើយសូមឧទ្ទិសបួងសួងសុំឱ្យ វិញ្ញាណក្ខន្ធ របស់ នាយស្វិត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​។

សូមបញ្ជាក់ថា នាយស្វិត ឈ្មោះដើម ឈឿន រិទ្ធី មុននឹងចាប់យកអាជីពជាអ្នកកំប្លែង លោកត្រូវបានគេដឹងថា ធ្លាប់ធ្វើជាតួកំប្លែង ក្នុងក្រុមល្ខោនបាសាក់ រស្មីអប្សរាខេត្តសៀមរាប។

បន្ទាប់ពីបានវិត្តន៍ខ្លួនចូលសម្តែងនៅក្រុមកំប្លែងមួយចំនួន នៅរាជធានីភ្នំពេញក្នុងអំឡុងឆ្នាំ ២០០៥ នាយស្វិត កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង នៅក្នុងការងារសិល្បៈ ដោយតែងតែលេចមុខនៅក្នុងកម្មវិធីកំប្លែង និងប៉ុស្តិ៍ទូរស្សន៍ច្រើនជាបន្តបន្ទាប់។

នាយស្វិត ត្រូវបានមិត្តភក្កិជិតស្និតទម្លាយថា តារាកំប្លែងរូបនេះបន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈពេលធំ ព្រោះតែរូបលោកបានធ្លាក់ខ្លួនឈឺមានជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ជំងឺទឹកនោមផ្អែម ខូច​ក្រលៀន និងត្រូវលាងឈាមជាប្រចាំ។

យ៉ាងណាមិញការទទួលមរណភាពរបស់ នាយ ស្វិត ត្រូវបានគេចាត់ទុកថាគឺជា ការបាត់បង់វីរៈសិល្បករកំប្លែង ដ៏មានស្នាដៃម្នាក់នៅក្នុងវិស័យសិល្បៈខ្មែរ ក្នុងនាមជាអ្នកគាំទ្រ មានតែការសោកស្ដាយនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កំប្លែងរូបនេះ និងសូមឱ្យលោកទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed