ចូលហាងផឹកស៊ី បុរស ៤នាក់ វាយគ្នាដណ្តើមស្រី មកអង្គុយកំដរ ផ្ដាច់មុខរៀងរៀងខ្លួន តែចុងក្រោយបែរជាត្រូវជាប់ខ្នោះទៅវិញ
បុរសចំនួន២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងហាងលក់ស្រាក្រឡុក ១កន្លែង លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះនឹងគ្នា រឿងដណ្តើមនារី បម្រើការ នៅក្នុងហាង មកអង្គុយកំដរ រហូតឈានដល់ប្រើអំពើប្រតាយប្រតប់គ្នា បណ្តាលឱ្យរងរបួសទាំងសងខាង ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ និងឃាត់ខ្លួនភាគីទាំងសងខាង ចំនួន ៤នាក់ ចំណែកនារីបម្រើការងារក្នុងហាងស្រាក្រឡុកចំនួន៣នាក់ ក៏ត្រូវបានសមត្ថកិច្ច ហៅទៅសាកសួរផងដែរ។
ករណីដណ្តើមស្រីគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងស្រាក្រឡុក មួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ផ្លូវអូដឹម តំបន់កប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភព ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុការនេះ បុរសទាំង ២ក្រុមខាងលើ បានចូលទៅផឹកស៊ី នៅក្នុងហាងស្រាក្រឡុក ទីតាំងខាងលើ តាំងពីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ មកម៉្លេះ ដោយសារភាគីម្ខាងមានគ្នា ២នាក់ ជិះរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ចំណែកឯភាគីម្ខាងទៀត មានគ្នា ២នាក់ដូចគ្នា ជិះម៉ូតូ១គ្រឿង។
ផឹកស៊ីរហូតមកដល់វេលាទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ទៅហើយ ក៏នៅមិនទាន់ឈប់ផឹកទៀត នៅសម្លក់សម្លឹងប្រទាញប្រទុងនារីបម្រើនៅក្នុងហាងស្រាក្រឡុកនោះដូចគ្នា និងថែមទាំងបានដណ្តើមពួកនាងយកមកអង្គុយកំដរ ផ្តាច់មុខរៀងរៀងខ្លួនទៀតផង ទើបធ្វើឱ្យក្លាយទៅជាទំនាស់យ៉ាងតឹងសសៃ ករដាក់គ្នាបែបនេះ។
ប្រភពដរដែល បានបន្តថា លុះក្រោយមក ជម្លោះពាក្យសម្តី កាន់តែក្តៅគរគុក រហូតឈានដល់ការប្រើប្រាស់អំពើមិនសមរម្យ ដោយភាគីទាំងសងខាង ដេញវាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួស ធ្វើឱ្យផ្អើលដល់កម្លាំងនគរបាល ប៉ុស្តិ៍ត្រពាំងក្រសាំង ចុះអន្តរាគមន៍។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រោយពេលឃើញមានសមត្ថកិច្ចចុះអន្តរាគមន៍ ស្រាប់តែបុរសទាំង ២ក្រុម ដែលកំពុងប្រើអំពើមិនគម្បី ដណ្តើមស្រីនោះ បែរជាសម្លុត ដាក់សមត្ថកិច្ចថែមទៀត ប៉ុន្តែប៉ះចំសមត្ថកិច្ចមិនខ្លាច ក៏ចាប់វាយខ្នោះភាគីទាំងសងខាង សរុប៤នាក់ នាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។
ជុំវិញករណីខាងលើនេះ ក្រៅពីឃាត់ខ្លួនបុរសទាំង ៤នាក់ខាងលើ សមត្ថកិច្ចក៏បានកោះ ហៅនារីចំនួន ៣នាក់ ដែលបម្រើការនៅក្នុងហាងស្រាក្រឡុកខាងលើ ទៅសាកសួរបំភ្លឺផងដែរ ពាក់ព័ន្ធជម្លោះនៅកន្លែងកើតហេតុ៕