មកដឹងលម្អិត ពេលនេះ លោកស្នងការរងខេត្តកំពង់ស្អឺ ត្រូវបានចាប់បញ្ជូនខ្លួនទៅកាន់តុលាការហើយ ជុំវិញរឿងរ៉ាងលួចធ្វើលិខិតប្តូរឈ្មោះ ទីកន្លែងក្លែងក្លាយ ដើម្បីទៅរៀបការជាមួយប្រពន្ធថ្មី ទាំងខ្លួនមិនទាន់លែងលះប្រពន្ធចាស់
លោកឧត្តមសេនីយ៍ត្រី ង៉ាម រឺ ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកអន្តរាគមន៍ នៅពេលនេះ ត្រូវបានកូនចៅរបស់លោក នៅកងអន្តរាគមន៍ចេញមុខការពារយ៉ាងព្រោងព្រាត ជាទីបំផុត លោកត្រូវបាន បញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺហើយ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីសាកសួរជុំ វិញការក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី។
ក្រោយផ្ទុះរឿងលោកស្នងរង ខេត្តកំពង់ស្ពឺម្នាក់ លួចរៀបការប្រពន្ធថ្មី ដោយប្រើឈ្មោះផ្សេង លើលិខិតសុំរៀបអាពាហ៍ពិពាហ៍ និងមិនហៅភ្ញៀវ មិត្តរួមការងារ ជាមន្ត្រីនគរបាលណាម្នាក់ ឲ្យចូលរួមផងនោះ ។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ថាជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចទៅរៀបការប្រពន្ធម្នាក់ទៀត ដោយបានធ្វើពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើម មកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នុរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ដែលត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រី នៅភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយខាងស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ ។
យោងតាមប្រភព ពីមន្ត្រីសាលាឃុំកាហែង បានឲ្យដឹងថា លោក ង៉ាម រឺ ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីលោកចៅសង្កាត់ បឹងសាឡាង ជាពោះម៉ាយ មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបសាលាឃុំកាហែង បានចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ជូនសាម៉ី ខ្លួនតាមការស្នើសុំ ។
ចំពោះប្រពន្ធដើមរបស់លោក ង៉ាម រី វិញដែលត្រូវបានស្គាល់ថា គឺជាអធិការរងមួយរូប នៅខណ្ឌសែនសុខ ពេលនេះ ត្រូវបានអោយដឹងថា កំពុងធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺហើយ បើមានការអីយ៉ាងណា គាត់នឹងប្រាប់តាមក្រោយ ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យយើងដឹងថា រឿងលោក ឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងលួច រៀបការនោះ លោកមិនបានដឹងទេ ពីព្រោះគេមិនបានហៅលោកឡើយ។ ហើយមួយវិញទៀត សូម្បី តែមន្ត្រីនគរបាលម្នាក់ណា ក៏គេមិនហៅផង គឺថា លាក់ឡើងជិតឈឹងតែម្តង ហើយករណីនេះ រូបលោកមិន អាចបកស្រាយបានឡើយ ចំពោះបញ្ហារៀបការប្រពន្ធថ្មីនេះ ។
លោកស្នងការ បានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី បានមកដាក់ពាក្យប្ដឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ ។
មហាជនគ្រាន់តែបានឆ្ងល់ថា បើលោកពិតជារៀបការស្របតាមច្បាប់មែន ចាំបាច់អីប្រើឈ្មោះក្លែងរួមទាំងទីលំនៅទៀត គឺខុសគ្នាទាំងអស់ មិនតែប៉ុណ្ណោះ សូម្បីតែមន្ត្រីក្នុងខេត្ត ក៏មិនហៅសូម្បីម្នាក់។ ហើយការប្រើឈ្មោះក្លែងក្លាយបែបនេះ តើខុសច្បាប់ដែរឬទេ? ក្នុងនាមលោកជាមន្ត្រីអនុវត្តច្បាប់មួយរូប ។ មហាជនដែលដឹងរឿងនេះ ពិតជាចង់ឃើញថ្នាក់ដឹកនាំ ចាត់វិធានការលើលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ដែលជាមនុស្សតែម្នាក់នេះជាខ្លាំង។ ពីព្រោះថា លោកបានបំពានទៅនឹងច្បាប់រៀបអាពាហ៍ពិពាហ៍យ៉ាងធ្ងន់ធ្ងរ
មកដល់ថ្ងៃទី១៩នេះ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមអាធិបញ្ជារបស់ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ។ មហាជនក៏ដូចជាមន្ត្រីរាជការទូទាំងខេត្តកំពុងរង់ចាំមើលថាតើ វាសនារបស់លោកង៉ាម រី និងទៅជាយ៉ាងណា ក្រោយពេលបញ្ជូនទៅកាន់តំណាងអយ្យការធ្វើការសាកសួរ។
រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ប្រពន្ធដើមរបស់លោកហាក់បីដូចជាបន្ទន់ឥរិយាបថខ្លះខ្លះហើយ តែទោះជាយ៉ាងណាក៏លោកអាចនឹងជាប់ពាក់ព័ន្ធបទល្មើសផ្សេងផ្សេងទៀតផងដែរ។
ចំណែកឯរោងការដែលទើបសងឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមករាឆ្នាំ២០២៣ នោះក្នុងគោលបំណងសែនចងដៃកាត់សក់បង្កក់សេរីក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកជាមួយកូនក្រមុំថ្មីនោះ ក៏ត្រូវបានរុះរើចេញហើយដែរ។ ចំណែកឯភ្ញៀវ ដែលគ្រោងនឹងមកចូលរួមពិធីនេះ ក៏បានដឹងគ្រប់គ្នាអស់ហើយ តា រយៈការជូនដំណឹងរបស់សារព័ត៍មាន។
សូមបញ្ជាក់ថា លោក ង៉ាម រឺីឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការ ជាមួយនារីម្នាក់ ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេចទេ។
ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយ ដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញទៀតផង។ ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំ ក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ ពាក់ព័ន្ធនឹងចំណាត់ការយ៉ាងណា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង លោក ស៊ិន វីរៈ នៅមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈកំពុងសាកសួរជនសង្ស័យនៅអយ្យការនៅឡើយ ។