ហួសចិត្ត ប្តីប្រពន្ធអភិជន១គូរ នាំគ្នាទៅញាំអាហារប៊ូហ្វេ លួចច្រកគ្រឿងសមុទ្រដាក់ចូលថង់ ជិត៥គីឡូ ទុកយកទៅហូបនៅផ្ទះ តែត្រូវម្ចាស់ហាងឆែកកាមេរ៉ាឃើញ
គូស្នេហ៍មួយគូបានតែងខ្លួនយ៉ាងថ្លៃថ្នូរ ហើយចូលមកហូបប៊ូហ្វេ នៅហាងមួយកន្លែង តែបែរជាមានចរិតមិនល្អ លួចបន្លំគ្រឿងសមុទ្រដាក់ចូលក្នុងថង់ ទុកយកទៅផ្ទះឡើងជាង ៤គីឡូ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសវៀតណាម ដោយខាងហាងបានឱ្យដឹងថា គូស្នេហ៍មួយគូនេះ បានចូលមកហូបដូច ភ្ញៀវទូទៅដែរ គឺម្នាក់ ១៦ដុល្លារ តែហាក់មានអាការៈប្លែកប្លែក ដោយបានសុំដូរតុដល់ទៅ ៣ដង ទម្រាំតែពេញចិត្ត ហើយបានយក ភេសជ្ជៈមកឱ្យបុគ្គលិកវិញ ព្រោះបានយកស្រាក្រហម ពីផ្ទះមកផឹកដោយខ្លួនឯង។
ខណៈពេលហូប ក៏លីបលរលឹបលរថែមទៀត គឺខាងប្រុសហាក់យកខ្លួនបាំងបាំងខាងស្រីយ៉ាងចម្លែក តាមពិត គឺដើម្បីឱ្យនាងលួចដាក់គ្រឿងសមុទ្រចូលទៅក្នុងថង់។
យ៉ាងណាមិញ ខណៈគូស្នេហ៍ទាំងគូរមកគិតលុយ ខាងហាងក៏បានសម្រេចចិត្តសុំឆែក តែអ្នកទាំងពីរបានប្រកែក មិនព្រមឡើយ ទើបខាងហាង ក៏បានយកកាមេរ៉ាសុវត្ថិភាពមកឱ្យមើល ប្រកែកលែងបាន ទើបពួកគេព្រមឱ្យឆែក។
ក្នុងនោះ គេឆែកឃើញមានគ្រឿងសមុទ្រនៅក្នុងថង់ដល់ទៅ ៤ គីឡូឯណោះ តែគូស្នេហ៍បានប្រកែកថា ហូបមិនអស់ទើបវេចយកទៅផ្ទះ។ ដោយសារតែមិនចង់មានរឿង និងទុកមុខឱ្យភ្ញៀវ ខាងហាងក៏បានគិតលុយ ថែមចំពោះតែស្រាក្រហម ដែលបានយកមកផឹកនៅក្នុងហាង រួចក៏ឱ្យពួកគេត្រឡប់ទៅវិញបាត់ទៅ៕