នារីម្នាក់ ទិញបាយស្រូប១ប្រអប់ តម្លៃ៤០០០រៀល តែច្រឡំបាញ់លុយ ៤០០០ដុល្លារ ពេលទារលុយវិញអ្នកលក់ មិនព្រមអោយទេ ស្រាប់តែ ម្ចាស់លុយប្តឹងទៅស្នងការខេត្ត អោយចាប់ដាក់គុកតែម្តង
បុរសជាអ្នកលក់ដូរម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមាននារីជានិស្សិតម្នាក់ប្តឹងថា ទិញបាយសាច់ជ្រូកខ្ចប់១ប្រអប់តម្លៃ៤០០០រៀល ហើយនាងច្រឡំបាញ់លុយចំនួន៤០០០ដុល្លារចូលគណនីរបស់ជនសង្ស័យ នៅពេលដឹងថាបាញ់លុយច្រឡំ នាងក៏បានមកសុំប្រាក់នោះពីជនសង្ស័យវិញ តែជនសង្ស័យមិនព្រមប្រគល់ប្រាក់ឱ្យវិញទេ រួចនាងក៏ដាក់ពាក្យបណ្ដឹងមកកាន់នគរបាលក្រុងសៀមរាប ដើម្បីជួយយកលុយនោះឱ្យនាងវិញ ។
ហេតុការណ៍វេរប្រាក់ច្រឡំខាងលើនេះ បានកើតហេតុកាលពីវេលាម៉ោង៩និង១៨នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចហាងលក់បាយមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ បើតាមលោកវរៈសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធិ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះថា ជនរងគ្រោះឈ្មោះ ចែត ខ្លូត ភេទស្រី អាយុ២១ឆ្នាំមុខរបរនិស្សិត រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ចំណែកជនសង្ស័យឈ្មោះ សំ យោធិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងបន្តថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានប្ដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩និង១៨នាទីព្រឹក ស្ថិតនៅចំណុចហាងលក់បាយ ក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនរងគ្រោះបានទិញ បាយសាច់ជ្រូកខ្ចប់មួយប្រអប់ ក្នុងតម្លៃ៤០០០ រៀល ។
ជនរងគ្រោះបានបន្តថា ដោយសារជនរងគ្រោះពុំមានប្រាក់ ក៏សុំខ្យូ អរកូត របស់ជនសង្ស័យ ដើម្បីផ្ទេរប្រាក់ចំនួន៤០០០រៀល ឱ្យថ្លៃបាយ ប៉ុន្តែពេលនោះជនរងគ្រោះច្រឡំស្គេន ប្រាក់ដុល្លារ ហើយបានផ្ញើរប្រាក់ចំនួន ៤០០០ដុល្លារ ចូលគណនីរបស់ជនសង្ស័យទៅវិញ ។
លុះនៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះដឹងថាខ្លួនបានផ្ទេរប្រាក់ច្រឡំ ហើយក៏បានសុំប្រាក់ពីជនសង្ស័យវិញ តែជនសង្ស័យមិនព្រមប្រគល់ប្រាក់ឱ្យវិញនោះទេ រួចជនរងគ្រោះក៏ដាក់បណ្ដឹង មកកាន់នគរបាលក្រុងសៀមរាប ដើម្បីជួយយកលុយនោះឱ្យជនរងគ្រោះវិញ ។
ក្រោយសមត្ថកិច្ចហៅមកសួរនាំ ក៏សុំគោលការណ៍ពីថ្នាក់លើ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងបាន រួមមាន ប្រាក់ចំនួន ៥៤៥ដុល្លារ ប្រាក់ថៃចំនួន២៤០បាត ប្រាក់ខ្មែរចំនួន ៨២០០រៀល ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមក
ការិយាល័យជំនាញ និងបញ្ជូនបន្តទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ៕