នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង ក្បត់លើទំនុកចិត្ត ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម យកមាស និងប្រាក់ដុល្លារ ពិតប្រាកដ ពេលប្រគល់មកវិញ ជារបស់ក្លែងក្លាយ ដែលសាលក្រម បានផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងតម្រូវឲ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២៨មុឺន ៩១៧៩ ដុល្លារអាមេរិក និងពិន័យចូលរដ្ឋចំនួន ១៦លានរៀល ។ សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុក មិនសុខចិត្ត ចំពោះការកាត់ក្តីនេះ ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ឆបោក មួយករណី មកបើកសវនាការជាសាធារណៈ ដើម្បីផ្តន្ទាទោស លើជនជាប់ចោទ ដែលសវនាការនោះ ដឹកនាំដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះ និងលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង ជាតំណាងអៃយ្ការ អមសាលាដំបូងរាជធានីភ្នំពេញ ។
នៅចំពោះមុខអង្គសវនាការមានជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ ជាអាជីវករ អមជាមួយមេធាវីការពារក្តី រីឯដើមបណ្តឹង រដ្ឋប្បវេណីមានឈ្មោះ វ៉ា សូលីដា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ អ្នករកស៊ី ហើយដើមបណ្តឹង និងជនជាប់ចោទ ត្រូវជាបងប្អូនថ្លៃនិងគ្នា ។
សវនាការបានសាកសួរដេញដោលទៅលើជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការពារក្តីរៀងរៀងខ្លួនរហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះបានលើក ពេលប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាប់ទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ ។
ប៉ុន្តែអ្វីដែលសាធារណៈមានការចាប់ អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ព័ន្ធករណី ឆបោក ដែលមានទំហំទឹកប្រាក់ជិត កន្លះលានដុល្លារអាមេរិក បែរជាបង្ហូរទឹកភ្នែក ឲ្យគេអាណិត ព្រមទាំងបានសំណូមពរ ឲ្យតុលាការដោះលែងរូបគេនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ ។
តែការសំណូមពរនេះត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្កា មិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាង ដែលជនជាប់ចោទមានល្បិចគេចវេស តាំងពីមិនទាន់ត្រូវបានចាប់ខ្លួន ។
ទាក់ទិន និងអង្គហេតុក្នុងសំណុំរឿងក្បត់ទំនុកចិត្ត ដែលតុលាការបានលើកយកមកបើកសវនាការពេលនេះ ត្រូវបានគេដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សូលីដា និងជនជាប់ ចោទឈ្មោះ ម៉ន សូលីដែត ត្រូវជាបងថ្លៃនិងប្អូនថ្លៃគ្នា តាំងពីឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីឈ្មោះ ម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុស ដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ២៤បេ ផ្លូវលេខ៩៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងអំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយពីរឿង អបិយជំនឿប្រាប់បងថ្លៃថា គាត់ជាមនុស្សអភ័ព្វគូរ និងរកស៊ីមិនសមប្រកបទេ ហើយបើចង់កែប្រែវាសនា ប្អូនថ្លៃប្រាប់បងថ្លៃថា បានស្គាល់លោកសង្ឃមួយអង្គ នៅខេត្តតាកែវ ។
ពេលនោះ ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយប្រើល្បិចអូសទាញជនរងគ្រោះឲ្យជឿជាក់លើខ្លួន ដោយប្រៀបធៀបទៅលើបុគ្គល ដែលរកស៊ីដោយជោគជ័យមួយចំនួន នៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែ បានទៅរកលោកសង្ឃអង្គនោះ ឲ្យជួយធ្វើមន្តអាគម្ភអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ ។
ដោយមានការជឿលើអបិយជំនឿ និងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃ បងថ្លៃដែលជា ជនរងគ្រោះបានយល់ព្រមឲ្យជួយទាក់ទងទៅលោកសង្ឃនោះ ដើម្បីឲ្យជួយធ្វើកិច្ចកែប្រែវាសនាគាត់ ដើម្បីឲ្យរកស៊ីកាន់តែលូតលាស់មានបានទៅមុខទៀត ។
ពេលនោះ ឈ្មោះ ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយលោកសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមមិនឲ្យជនរងគ្រោះទាក់ទងទេ ពោលគឺការងារចាត់ចែងអ្វីអ្វី ឈ្មោះ ម៉ន សូលីដែត អនុវត្តផ្ទាល់ទាំងអស់ ។
បន្ទាប់មកទៀត ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឲ្យវេលុយផ្តល់តាមកុងអេប៊ីអេ ម៉ន សូលីដែត ជាបន្តបន្ទាប់សរុបទឹកប្រាក់ ២០ មុឺន ៧៥៧៩ ដុល្លារអាមេរិក ដើម្បីយកទៅតម្កល់កំណល់ ជើងព្រះ មាស ចំនួនពីរដុំទម្ងន់២០ដំឡឹង ស្មើទឹកប្រាក់ចំនួន ៤មុឺន៧០០០ ដុល្លារអាមេរិក សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់លុយសុទ្ធ នៅក្រោមខ្នើយរបស់ខ្លួន ម៉ន សូលីដែត សម្រាប់ចម្លងដៃ ចម្លងកិច្ច អបិយជំនឿ លើទឹកប្រាក់ចំនួន ៣មុឺន៤៦០០ ដុល្លារអាមេរិកបន្ថែមទៀត ។
តាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកទៀតឈ្មោះ ម៉ន សូលីដែត តែងតែល្បួងលួងលោម ជនរងគ្រោះដែលជាបងថ្លៃ ឲ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿ ព្រោះនៅពេលដាក់លុយឲ្យម្តងម្តង មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយជនរងគ្រោះ ក៏បានឈប់បន្តធ្វើកិច្ច តទៅទៀត
ទើបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយ និងមាសយកមកវិញ ពេលនោះឈ្មោះ ម៉ន សូលីដែត បានទៅកាយយកមាស ដែលកប់ក្នុងបន្ទប់សមាធិ ស្រាប់តែឃើញ សុទ្ធតែមាសក្លែងក្លាយយកមកប្រគល់ឲ្យជនរងគ្រោះ
ឃើញដូច្នោះជនរងគ្រោះបានឆោឡោ ទើបឈ្មោះ ម៉ន សូលីដែត និយាយថាចាំរូបគេ ជាអ្នកទទួលខុសត្រូវ ។
លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ឆែកឆេរលើឈ្មោះ ម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារ និងមាសក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ហើយជនសង្ស័យត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសចាប់ពីពេលនោះមក ៕