តារាចម្រៀងរតនៈ ពិសី ត្រូវតុលាការសម្រេចដាក់ពន្ធនាគារព្រៃសរហើយ ដោយសារតែមូលហេតុធ្វើរឿងនេះជំនួសគេ
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញ ដីកាឃុំ ខ្លួនតារាចម្រៀងនាង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
សូមជម្រាបថា កាលរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅរតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួន ពីបទរំលោភ លើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ។
ការឃាត់ និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសីនេះ គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដែលបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ។
តាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កែវ ពិសី ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ ជាម្ចាស់ក្រុមហ៊ុនអេលី ខេភី ត្រេដីង ខូរ អិលធីឌី មានអាសយដ្ឋានផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តារាចម្រៀងរូបនេះ សមត្ថកិច្ចធ្លាប់បានកោះហៅឲ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ ប្រាក់ឬសែកស្អុយ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។
ពាក់ព័ន្ធករណីចេញមូលៈប្បទានប័តគ្មានសាច់ប្រាក់នោះ ត្រូវបានតារាចម្រៀងរូបស្រស់ រតនៈ ពិសី បំភ្លឺនៅសមត្តកិច្ចថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារកំពុងរត់គេចខ្លួន ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងគេតែម្នាក់ឯង ។
ស្ថិតក្នុងដំណាក់ការស៊ើបសួរនៅសាលដំបូងរាជធានីភ្នំពេញ គេបានឃើញជនរងគ្រោះជាបន្តបន្ទាប់ បានទៅដាក់ពាក្យបណ្តឹង តារាចម្រៀង រតនៈ ពិសី ករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ដូចគ្នា សរុបទឹកប្រាប់ រាប់ម៉ឺនដុល្លារអាមេរិកថែមទៀត។
តារាចម្រៀង រតនៈ ពិសី កន្លងមក ធ្លាប់បានបញ្ជាក់ឲ្យដឹងថា រឿងដែលថ្មីសម្រាប់នាងនាដើមឆ្នាំ ២០២៣ គឺចាត់វិធានការក្ដៅប្ដឹងទៅលើអ្នកជំពាក់លុយនាងអត់សងចូលគុកទាំងអស់។ នាងថា កុំឃើញខ្លាដេក ថាខ្លាងាប់ ធ្វើទាំងអស់ មិនទុកទេ គឺធ្វើម្ដងមួយម្តងមួយ។
ប្រាកដណាស់ ពាក់ព័ន្ធរឿងបំណុលរាប់សិបម៉ឺនដុល្លារ ដែលត្រូវគេជំពាក់នេះដែរ តារាស្រី រតនៈ ពិសី បានចាត់ទុកថាខ្លួនជាជនរងគ្រោះ ព្រោះត្រូវប្រឈមមុខចេញសងជំនួសគេ ។យ៉ាងណាមិញទំនងដោយសារការអស់ភាពអត់ធ្មត់ ស្រីស្អាត រតនៈ ពិសី បានចាប់ផ្ដើមទម្លាយមុខកូនបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងអ្នកសិល្បៈថែមទៀតផង។
ជាមួយគ្នា នឹងការបង្ហាញមុខកូនបំណុលនេះដែរ កញ្ញា រតនៈ ពិសី បានរម្លឹក ដល់អ្នកលក់អនឡាញល្បីឈ្មោះ អឿន ម៉ូលីកា ដែលបច្ចុប្បន្នកំពុងជាប់ទោសនៅពន្ធនាគារដូច្នេះថា គ្រាន់តែម៉ូលីកាម្នាក់ ខ្ញុំអស់ជាង ១៨មុឺន ៤៥២០ដុល្លារ តើអ្នកណាជួយខ្ញុំបានពេលនេះ ខ្ញុំត្រូវសងគេដែរ។ ចំណែកក្រៅពីនេះ ក៏ត្រូវបាន ពិសី បញ្ចេញអត្តសញ្ញាណជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបដែរថា រតនៈ ពិសី កន្លងមកតែងបង្ហើបពីបញ្ហាជួបរឿងពិបាកចិត្ត ព្រោះកូនតុងទីនបោក លើសេចក្ដីទុកចិត្ត ដោយជំពាក់លុយរាប់សិបម៉ឺនដុល្លារមិនព្រមសង។ ម្យ៉ាងទៀតជារឿយរឿយ នាងបានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ ប៉ុន្តែជាចុងក្រោយបែរជាខ្លួននាង ត្រូវជាប់ឃុំខ្លួននៅពន្ធនាគារព្រៃសរ ទៅវិញ។