អាសូរណាស់ នាងខ្ញុង ដួលសន្លប់ទាំងមួយជំហរខ្លួន ពេលខំឡាយលក់ផលិតផល ដើម្បីរកលុយសងម្ចាស់បំណុល ដែលកំពុងតាមទារជុះទិសរើខ្លួនមិនរួច

តារាកំប្លែងអ្នកនាង ខ្ញុង បានដួលសន្លប់ទាំងមួយជំហរខ្លួន ខណៈពេលកំពុងតែធ្វើការឡាយផ្ទាល់តាមរយៈហ្វេសប៊ុក ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ឆោឡោជាខ្លាំង កាលពីយប់ថ្ងៃទី ២៣ ខែមករា​ ដោយការដួលសន្លប់របស់តារាកំប្លែងរូបនេះ គេនៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។

ប៉ុន្តែតាមការរៀបរាប់របស់ក្រុមការងាររបស់អ្នកនាងឡើបរីយ៉ា បានអោយដឹង ថាការដួលសន្លប់នេះ អាចបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ ដោយប៉ុន្មានថ្ងៃនេះ អ្នកនាង ខ្ញុង បានប្រឹងប្រែងធ្វើការងារជាខ្លាំង ចុះឡើង តាមខេត្ត មិនសូវជាមានពេលសម្រាក់នោះឡើយ។ ណាមួយវិញទៀត តារាកំប្លែងរូបនេះ ក៏អាចមានអារម្មណ៍ធុញថប់ គិតច្រើនអំពីបញ្ហាមួយចំនួន ដែលអ្នកនាងកំពុងតែប្រទះផងដែរ។

​អ្នកនាង ខ្ញុង ដែលធ្លាប់ជាតារាកំប្លែងមានកេរ្តិ៍ឈ្មោះបោះសំឡេង និងជាមនុស្សមានសមត្ថភាព ពូកែវោហារសម្ដីចាក់ទឹកមិនលិចនោះ បែរជាមកធ្លាក់ខ្លួនជាប់បំណុលគេរាប់ម៉ឺនដុល្លារ ធ្វើឱ្យជីវិត ដែលធ្លាប់ពោរពេញទៅដោយក្ដីសុខ ប្រែមកជាជួបទុក្ខផ្ទួនផ្ទួនស្ទើរគ្មានលាស់ថ្ងៃទៅវិញ។

បន្ទាប់ពីស្ងប់ស្ងាត់រឿងបំណុលរាប់សិបម៉ឺនដុល្លារកាលពីឆ្នាំ ២០២១ អ្ននាង ខ្ញុង ចាប់ផ្ដើមតស៊ូខំប្រឹងរកស៊ី ទាំងត្រដាបត្រដួស រហូតអាចទាញខ្លួនចេញពីរណ្ដៅដ៏ជ្រៅ ខណៈជីវិតទើបតែមានពន្លឺបានបន្តិច ស្រាប់នៅប៉ុន្មានថ្ងៃមុននេះ អ្នកនាង ខ្ញុង ត្រូវបានម្ចាស់បំណុលជាច្រើននាក់ ចេញមុខប្រកាសក្ដែងក្តែងសាជាថ្មី នៅលើបណ្ដាញសង្គមថា ពួកគេអាចនឹងចាត់ការទៅតាមផ្លូវច្បាប់ រឿងបំណុលជាមួយតារាស្រីរូបនេះ ក្នុងនោះមានទាំងលោក ម៉ា ដូណា ដែលជាមិត្តអ្នកសិល្បៈរួមអាជីពផង ដោយពួកគេថា តារាកំប្លែងរូបនេះ តែងគេចវេសមិនព្រមសងបំណុល បំពានកិច្ចសន្យាម្ដងហើយម្ដងទៀត។

​បច្ចុប្បន្ន​នាង ខ្ញុង ទោះបីជាមានការទាមទារពីសំណាក់ម្ចាស់បំណុលក្ដី ក៏តារាស្រីរូបនេះមិនចុះចាញ់ នៅបន្តធ្វើការងាររបស់ខ្លួនមិនឈប់ តាមរយៈការឡាយលក់ផលិតផលរបស់អ្នកនាងឡើបរីយ៉ា ​ក្នុងនោះនាង ខ្ញុង បានលើកឡើងថា ខ្លួនមិនខឹងនឹងម្ចាស់បំណុលទេ ដែលបង្ហោះរូបជាសាធារណៈ ហើយខ្លួនក៏មិនមែន មិនចង់សងនោះដែរ គ្រាន់តែពេលនេះខ្លួនពិតជាមិនទាន់លទ្ធភាពពិតមែន។

រហូតនៅម៉ោងប្រមាណជា ៩ ជាងយប់ថ្ងៃទី ២៣ ខណៈកំពុងតែធ្វើការឡាយលក់ផលិតផល​សុខសុខ តារាកំប្លែងរូបនេះ បែរជាងងឹតមុខ នឹងបានដួលដាច់ផ្ងារទាំងមួយជំហរខ្លួនទៅខាងក្រោយ សន្លប់បាត់មាត់ឈឹង ភ្លាមភ្លាម​គេក៏បានឃើញក្រុមការងារនៅទីនោះជាច្រើននាក់ ព្យាយាមជួយសង្គ្រោះបឋមផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការ បញ្ជាក់បន្ថែមអំពីស្ថានភាពរបស់អ្នកនាង ខ្ញុង នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *