អាជ្ញាធរជាតិអប្សរា សម្រេចដាក់ពិន័យរដ្ឋបាល និងធ្វើកិច្ចសន្យាទទួលកំហុស លើបុគ្គលិកម្នាក់ ដែលវាយក្មេងលក់អណ្តើកនៅមុខបរិវេណកសិន្ត អង្គរវត្ត
យោងតាមលិខិតអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកមេត្តាជ្រាបថា នៅរសៀលនេះបានផ្សព្វផ្សាយនូវវីដេអូដែលក្នុង នោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្តអង្គរវត្ត។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម
ទី១ ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើ ប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នា ពេលអនាគត។
ក្នុងករណីមិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុកម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
ទី២ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិកភ្នាក់ងារ ពលករ និងឆ្នាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងចៀសវាងឱ្យបានជា ដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
ទី៣ អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឲ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមាន ក្នុង
លក្ខន្តិកៈ របស់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកសាធារណៈ។
ទី៤ ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសារជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទ ទៅលែងក្នុងកសិន្ទុនា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិ ដែលមានប្រភពដើមនៅទីនោះ។