នោះមិនចប់ត្រឹមអប់រំទេ ពេលនេះ ឆឺរី រួមទាំងបក្ខពួកក្មេងទំនើង៤នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ
នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិតស្រី រួមជាមួយបក្ខពួកសរុបចំនួន ៤នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើមិនគប្បីលើក្មេងស្រីសិស្សសាលាម្នាក់។
នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់
អ្នកសារព័ត៌មាននៅថ្ងៃនេះ ។
សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់អំពើអសីលធម៌លើក្មេងស្រី សិស្សសាលាម្នាក់។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងជនដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិត ដើម្បីធ្វើសកម្មភាពទាំងនោះ។
កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានការភ្ញាក់ផ្អើលនូវការចែកចាយវីដេអូមួយ នៅតាមបណ្តាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម ដែលរួមមាន យុវជនចរិតស្រីម្នាក់ ក្មេងស្រី៣នាក់ និងម្នាក់ទៀត ជាអ្នកផ្តល់មធ្យោបាយអោយជនដៃដល់ គឺដឹកជនរងគ្រោះ អោយគេព្រួតគ្នាវាយសិស្សស្រីម្នាក់ នៅលើដីវាលមួយកន្លែង ដែលគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្រ្ត ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់ អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរាំវនេះ មិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ យុវជនចរិតស្រី បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។
សូមបញ្ជាក់ថា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការសំណូមពរអោយសមត្ថកិច្ចចាត់វិធានការក្រុមក្មេងទំនើងទាំងនេះ បន្ទាប់ពីអំពើអសីលធម៌ ចេះតែបន្តកើតមានច្រើនឡើងនៅក្នុងសង្គមខ្មែរយើង ៕