វត្តព្រះអង្គចន្ទមុនី ប្រកាសរំសាយរាល់ការជួបជុំតូចធំតាមបណ្ដាលរាជធានីខេត្តទាំងអស់ ចាប់ពីពេលនេះតទៅ ដោយសារ​ពុទ្ធបរិស័ទខ្លះ បានបង្កឲ្យមានភាពគ្មានសណ្ដាប់ធ្នាប់ និងក្រោមហេតុផលមួយចំនួនទៀត

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣នេះ ស្តីពីផ្អាកមកក្រាបថ្វាយបង្គំ និងសុំនិមន្ត ព្រះអង្គ ចន្ទមុនី ទៅតាមបណ្តារាជធានី ខេត្ត ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំទាំងអស់គ្នា ជាព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្ត ចន្ទប្បជោត្ត​នារាម ហៅវត្តតាសុត មានកិត្តិយស សូមជម្រាប់ជូនដំណឹងដល់ ព្រះករុណា គុណម្ចាស់ និងសាធារណៈជន ទាំងអស់ មេត្តាជ្រាបថា

ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ប្រជាបរិស័ទមានការភ្ញាក់ផ្អើលនាំគ្នា មកគោរពក្រាបថ្វាយបង្គំនិង សុំនិមន្តព្រះធម្មៈវរនៈ វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម មានចំនួនច្រើនកើនឡើងមិនដាច់ រហូតមកដល់សព្វថ្ងៃនេះ មានរយៈពេល ៤ខែ ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះផងដែរ ការគោរពប្រតិបត្តិរបស់បរិស័ទខ្លះត្រឹមត្រូវល្អ តាមរបៀបប្រពៃណី សាសនា ហើយបរិស័ទខ្លះទៀត មានភាពមិនសមរម្យ បង្កឲ្យមានភាពអសណ្តាប់ធ្នាប់ នៅក្នុងវត្តអារាម ក៏ដូចជាតាម បណ្តាល រាជធានីខេត្ត និងទីកន្លែងផ្សេងផ្សេង ដែលព្រះអង្គគ្រូបាននិមន្តទៅដល់ ក្នុងលក្ខណៈរូបភាពប្រជែតប្រជែងគ្នាចង់ជួប ចង់ឃើញ ព្រះអង្គគ្រូ មិនថាពេលយប់ ឬពេលថ្ងៃ ដែលបង្កឲ្យទៅជាផល រំខានដល់ព្រះអង្គ មិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាកព្រះកាយ ជាពិសេសក្នុងការបដិបត្តិរបស់ព្រះអង្គ ដែលជាអ្នកមានអធ្យាស្រ័យក្នុងការរស់នៅស្ងប់ស្ងាត់ មិនច្របូកច្របល់ដោយ ពួកគណៈ ប៉ុន្តែដោយឡែក រយៈពេល ៤ខែកន្លងមកនេះ ព្រោះតែទឹកព្រះទ័យ អាណិតមេត្តាដល់បរិស័ទទើបព្រះអង្គបន្តជួប ដោយមិនគិតអំពីភាពនឿយហត់របស់ខ្លួនព្រះអង្គផ្ទាល់ឡើយ។

ដោយអាស្រ័យការបារម្ភពីព្រះសុខភាព និងព្រះកាយពល របស់ព្រះអង្គគ្រូ អំពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត​យើងខ្ញុំ មិនអាចបណ្តែតបណ្តោយឲ្យ សភាពរបស់បរិស័ទ ចេះតែបន្ត ក្នុងរូបភាពបែបនេះតទៅទៀតបាន យើងខ្ញុំព្រះករុណា​អាត្មាភាព​ជាព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត​ សូមសម្រេច រំសាយនូវរាល់ការជួបជុំធំធំ តាមបណ្តា រាជធានីខេត្ត វត្តអារាម ដែលបាននិមន្តព្រះអង្គ បូករួមទាំង នៅក្នុងវត្ត តាសុតនេះផ្ទាល់ទៀតផង ដែលមានមនុស្សចូលរួម ច្រើន រហូតគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ និងផាសុខភាព សុវត្តិភាព ជូនដល់ប្រជាពលរដ្ឋមិនបានល្អ បង្កឲ្យមានរូបភាពមិន ល្អនៅក្នុងសង្គម ។

អាស្រ័យហេតុនេះ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម សូមនិរាករណ៍នូវរាល់លិខិតនិមន្ត និងការនិមន្ត ក្នុងលក្ខណៈ
មហាជនដែលបានឯកភាព និងមិនទាន់បានឯកភាពទាំងអស់ ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាបាន នូវ សណ្ដាប់ធ្នាប់ និងអនាម័យជូនដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ក៏ដូចជា មានពេលទុកឲ្យព្រះអង្គគ្រូ បានសម្រាក និងបដិបត្តិ តាមរបៀបអធ្យាស្រ័យរបស់ព្រះអង្គ តាមធម្មតាវិញ។

ជាចុងបញ្ចប់ យើងខ្ញុំព្រះករុណាអាត្មាភាព ព្រះសង្ឃ អាចារ្យ គណៈកម្មការ តំណាងឲ្យគណៈគ្រប់គ្រងវត្តទាំងមូល សុំខន្តីអធ្យា​ស្រ័យ​អត់ទោស ពីសំណាក់ព្រះករុណា គុណម្ចាស់គ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ដោយក្ដីអនុគ្រោះ។សូមអរព្រះគុណ និងសូមអរគុណ!!!

Leave a Reply

Your email address will not be published. Required fields are marked *

You missed