ពុទ្ធបរិស័ទភ្ញាក់ផ្អើល អន្ទិតឡុង ចន្ថា ដែលធ្លាប់ត្រូវគៈណៈសង្ឃចាប់ផ្សឹក កាលជាង៣ឆ្នាំមុន ដោយសារលួចឆាតញ៉ែសង្សារគេតាមហ្វេសប៊ុកនោះ ហើយដើរលេង ផឹកស៊ី ឆ្អែតឆ្អន់នោះ ពេលនេះរត់មកបួសវិញ

​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញលោកអន្ទិត ឡុង ចន្ថា ជាអៈតីតៈ​សង្ឃ មានវោហាសព្ទ ចាក់ទឹកមិនលិច ជាពិសេសទេសនាបែបជេរបញ្ចោ និងចូលចិត្តមានសង្ឃដិការបែបកំប្លែង ដ៏ល្បីឈ្មោះរូបនេះបានវិលត្រឡប់មកសាងផ្នួសសារជាថ្មីម្តងទៀតហើយ ស្ថិតនៅលើទឹកដីកម្ពុជាក្រោម ក្រោយពីបានលាចាកសិក្ខាបទ ទៅជាគ្រហស្ថដើរហើរ សោយសុខយ៉ាងសប្បាយ អស់រយៈពេលប៉ុន្មានឆ្នាំរួចមក។

ទាក់ទងដំណឹងដ៏ភ្ញាក់ផ្អើលនេះ យោងតាមប្រភពពីទំព័រហ្វេសប៊ុក ​ជីវិតខ្មែរក្រោម​ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះសរសេររៀបរាប់នូវខ្លឹមសារបញ្ជាក់​ថា ថ្ងៃនេះ លោកបង ឡុង ចន្ថា បានបួសជាបព្វជិតបន្តទៀតហើយ។ ព្រះអង្គបួសនៅវត្តធំ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម យ៉ាងណា សូមជូនពរលោកបងបួសជារៀងរហូត សង្ឃឹមថាលោកបួសសិក្សាតាមមាគាពុទ្ធអោវាទ ដើម្បីជាប្រយោជន៍ក្នុងពុទ្ធសាសនា ។

ខ្មែរក្រោមមិនប្រកាន់រឿងបួស ២ ឬ៣ដងទេ សំខាន់គឺបួសហើយជួយអភិរក្សផ្សព្វផ្សាយសាសនាអក្សរសាស្ត្រ វប្បធម៍ ប្រពៃណី អត្តសញ្ញាណខ្មែរឱ្យបានល្អរុងរឿង គឺខ្មែរក្រោមស្រឡាញ់នឹងឱ្យតម្លៃជានិច្ច មិនជាន់ពន្លិចគ្នាឯងឡើយ។ អ្នកណាក៏ធ្លាប់មានកំហុស និងមានអៈតីតៈកាលដែរសំខាន់ គឺចេះកែខ្លួននោះទើបប្រពៃ។ សង្ឃឹមថា លោកបងនឹងធ្វើឱ្យខ្មែរគ្រប់កន្លែងស្គាល់ខ្មែរក្រោម កាន់តែច្បាស់ច្រើនទៀត​។

យ៉ាងណាមិញ ក្រោយពីទទួលជ្រាបនូវដំណឹងនៃការវិល មកសាងផ្នួសជាថ្មីរបស់​អន្ទិត ឡុង ចន្ថា រួចមក ឃើញថាមានមហាជនជាច្រើនបានបង្ហាញពីការត្រេងអរជាខ្លាំង ទោះយ៉ាងណា ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនបានបង្ហាញការហួសចិត្តខ្លាំង​ថា ចប់បាត់ បួសវិញហើយ​ សឹកដើរលេងឆ្អែតឆ្អន់បួសវិញ ស្រួលម្យ៉ាងដែរស្រុកខ្ញុំ សឹករួចមួយរយៈដូចជាពិបាករកស៊ី ក៏វិលចូលមុខរបរចាស់ ដូចជាស្រួលជាង សង្ឃឹមថា មិនទេសនាជេរយាយតានៅកម្ពុជាក្រោមចុះ

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ព្រះភិក្ខុ ឡុង ចន្ថា គង់នៅវត្ត ភ្នំបូរីឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ បានប្រកាសសុំលាចាកសិក្ខាបទ ក្រោយពីផ្ទុះរឿងបែកធ្លាយនូវសារសំឡេងឆ្លងឆ្លើយគ្នា ដោយហ៊ានលួចប្រតិព័ទ្ធសង្សារគេ តាមរយៈឆាតនៅលើបណ្តាញសង្គមហ្វេសប៊ុក

កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២០ សម្តេចគណៈសង្ឃនាយក នន្ទ ង៉ែត បានស្នើឲ្យព្រះមេគណខេត្តតាកែវ និមន្តព្រះអង្គ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវនេះ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នា ព្រះអង្គ ឡុង ចន្ថា ក៏បានសរសេរកិច្ចសន្យាពីការលាចាកសិក្ខាបទ។

យ៉ាងណា ​នាកាលកន្លងទៅ ព្រះអង្គ ឡុង ចន្ថា ដ៏បានបដិសេធចំពោះការចោទប្រកាន់ ថាព្រះអង្គ ពុំត្រូវអាបត្តិបារាជិក ​ដែលជាអាបត្តិធ្ងន់ជាងគេបំផុតក្នុងវិន័យព្រះពុទ្ធសាសនា ដែលទាមទារឲ្យភិក្ខុ ដែលត្រូវអាបត្តិនេះ ​លាចាកសិក្ខាបទភ្លាមភ្លាមដែរ ព្រះអង្គ ឡុង ចន្ថា បានអះអាងថា ព្រះអង្គ គ្រាន់តែប្រើពាក្យសម្ដីបែបលេងសើចជាមួយនារីម្នាក់នោះប៉ុណ្ណោះ តែពុំ ធ្លាប់បានប៉ះពាល់រាងកាយនាងឡើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed