មកដឹងលម្អិត ករណីនិស្សិតឆ្នាំទី៤ រៀនជិតចប់ហើយ បែរជាគិតខ្លីលោតពីលើបន្ទប់ជួលជាន់ទី៤ គឺបណ្តាលមកពីរឿងស្នេហា ឈ្លោះគ្នាជាមួយសង្សារ មិនយល់ចិត្ត ដឹងថាខ្លួនកើតជំងឺ វិបត្តិផ្លូវចិត្តហើយ នៅតែចង់ឈ្នះចង់ចាញ់ ចុងក្រោយសល់តែអនុស្សាវររីយប៉ុណ្ណោះ

យុវជនជានិស្សិតម្នាក់ សង្ស័យមានវិបត្តិស្នេហាជាមួយមិត្តស្រី បានលោតពីលើអគារបន្ទប់ជួល​ជាន់ទី៤ ​ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក​ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ​យុវជនខាងលើឈ្មោះស៊ឺ ចន្ដារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៅសាលាកុសុមៈ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលលេខអឺ៦ ​ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីស្ត្រីម្នាក់ អាយុ៣២ឆ្នាំ ជាអ្នកមើលការខុសត្រូវអគារបានឱ្យដឹងថា ​ជនរងគ្រោះ និងមិត្តស្រីបានមកជួលបន្ទប់ស្នាក់នៅជាមួយគ្នា តាំងពីថ្ងៃទី​១ ខែមីនា ឆ្នាំ២០២៤ ហើយនៅវេលាម៉ោងប្រហែល​១១និង៤២នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ជនរងគ្រោះ និងមិត្តស្រីបានឈ្លោះប្រកែកគ្នា នៅចំណតរថយន្តក្នុងអគារ ហើយក៏ឃើញមានបងប្អូនជនរងគ្រោះ មកសម្របសម្រួល ហើយមិត្តស្រី ជនរងគ្រោះក៏បានចេញពីអគារទៅបាត់ឈឹង

សាក្សីដដែលបានបន្តថា ​នៅវេលាម៉ោងប្រហែល១១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ពេលនាងខ្ញុំកំពុងអង្គុយលក់ដូរ នៅខាងក្រោមអគារ ស្រាប់តែ លឺសម្លេងប្រាវ នាងខ្ញុំងាកមើលទើបឃើញជនរងគ្រោះធ្លាក់មកដល់ សាបមុខតូបកាត់សក់ ហើយដំបូល សំយាប ពីខាងលើជនរងគ្រោះត្រូវបានធ្លុះ បាក់ធ្លាក់ដែកធ្នឹម ១កង់មកក្រោម ទើបនាងខ្ញុំទំនាក់ទំនងទៅសមត្ថកិច្ច​

យោងតាមការបំភ្លឺពីបុរសម្នាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជាបងប្រុសបង្កើតជនរងគ្រោះបានឱ្យដឹងថា ​ប្អូនប្រុសរបស់ខ្ញុំមានជំងឺទាក់ទង នឹងបញ្ហាផ្លូវចិត្ត និងបានទៅបើកថ្នាំពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីលេបជាប្រចាំ​

ហើយនៅវេលាម៉ោងប្រហែល១១ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មិត្តស្រីរបស់ប្អូនប្រុសខ្ញុំ បានទំនាក់ទំនងមកប្រាប់ថា ប្អូនប្រុសខ្ញុំកំពុងឈ្លោះប្រកែក រករឿងនាង នៅចំណតរថយន្តអគារស្នាក់នៅ ទើបខ្ញុំបានមកមើលហើយសម្របសម្រួល រួចខ្ញុំក៏បានប្រាប់ទៅខាងអាគារដែលប្អូនប្រុសខ្ញុំស្នាក់នៅថា បើលើកក្រោយមានបញ្ហាអ្វីជួយទំនាក់ទំនងមកប្រាប់ខ្ញុំផង។

លុះមកដល់​វេលាម៉ោងប្រហែល១១និង៥០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ស្រាប់តែខាងអាគារដែលប្អូនប្រុសខ្ញុំជួលនោះ ក៏បានទំនាក់ទំនងមកមែន ដោយប្រាប់ថាប្អូនប្រុសរបស់ខ្ញុំបានលោតពីលើអាគារជាន់ទី៤ មកដល់ក្រោមបាត់ទៅហើយ ទើបខ្ញុំបានមកមើល ពិតជា​ប្អូនប្រុសរបស់ខ្ញុំមែន។

បើយោងតាមការមើលកាមេរ៉ាសុវត្ថិភាពឃើញថា ​នៅវេលាម៉ោង១១និង៤៨នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ជនរងគ្រោះបានដើរឡើងមកដល់អាគារជាន់ទី៤ ដោយចាក់សោចូលទៅក្នុងបន្ទប់​ រួចជនរងគ្រោះបានដើរចេញពីក្នុងបន្ទប់មកក្រៅវិញ ដោយតោងបង្កាន់ដៃពីខាងមុខបន្ទប់ រួចក៏លោតទម្លាក់ខ្លួនចុះទៅក្រោមតែម្តង​

តាមការពិនិត្យនៅបន្ទប់លេខអឺ៦ នៅជាន់ទី៤ ឃើញទ្វារបន្ទប់បើកចំហរ នៅលើតុក្នុងបន្ទប់មានថ្នាំពេទ្យ ដែលជាថ្នាំរំងាប់អារម្មណ៍សម្រាប់អ្នកមានជំងឺផ្លូវចិត្ត

ហើយសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ​ជនរងគ្រោះ​ ប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ គឺជាការ​លោតចេញពីបង្កាន់ដៃអាគារជាន់ទី៤ ពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed