ហួសចិត្ត ប្តីនាំប្រពន្ធចុង មកផឹកស៊ីជាមួយប្រពន្ធដើម ឲ្យយល់ចិត្តគ្នា លុះពេលប្រពន្ធដើមស្រវឹងស្រឿងស្រឿង ឃើញប្តីដែលធ្លាប់អោបនឹងទ្រូង បែរជាទៅកៀកកើយស្និតស្នាលជាមួយប្រពន្ធថ្មី នៅនឹងមុខទ្រាំមិនបាន ស្រែកឡាំប៉ា ដាក់ប្រពន្ធចុង និងប្តីផ្អើលឆោឡោពេញភូមិ
ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ ស្រែកផ្អើលឆោឡោ ប្រកែកគ្នាជាមួយ អតីតៈបុរសជាប្តី ដែលទើបនិងលែងលះគ្នា បានរយៈពេលត្រឹមតែកន្លះខែប៉ុណ្ណោះ ហើយត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរស់នៅជិតខាងជួយធ្វើអន្តរាគមន៍ ខណៈពេលដែលបុរសអតីតៈជាប្តី បានហៅប្រពន្ធចុង មកផឹកស៊ីជាមួយប្រពន្ធដើមជុំគ្នា ដើម្បីអោយយល់ចិត្តគ្នា លុះដល់ពេលស្រវឹងស្រឿងស្រឿងរៀងរៀងខ្លួន ក៏ឈ្លោះប្រកែកគ្នាផ្អើលភូមិ។
ភាគីខាងបុរសជាប្តី មិនបានបញ្ជាក់ពីអត្តៈសញ្ញាណទេ តែបើមើលភិនភាគមានអាយុប្រហែលជាង៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ ចំណែកអតីតៈប្រពន្ធដើម ដែលទើបនិងលែងលះគ្នាបានត្រឹមតែរយៈពេលកន្លះខែនោះ ក៏មិនស្គាល់ឈ្មោះដែរ ប៉ុន្តែមានវ័យប្រមាណជា៣០ឆ្នាំ ហើយមានមុខរបរបុគ្គលិកភោជនីយដ្ឋានមួយកន្លែង និងមានកូនស្រីម្នាក់ អាយុ៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើតែម្តង ។ ចំណែកឯប្រពន្ធចុងវិញ ក៏ព្យាយាមលាក់មិនអោយគេស្គាល់អត្តៈសញ្ញាណដូចគ្នា ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្ទះកើតហេតុខាងលើ មានរៀបចំកម្មវីធីផឹកស៊ីនៅមុខផ្ទះ ដោយមានមនុស្សប្រុសស្រីជាច្រើននាក់ កំពុងតែសប្បាយក្អាកក្អាយ លុះដល់វេលាម៉ោងកើតហេតុ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែមានរឿងឈ្លោះប្រកែកគ្នា ផ្អើលឆុលរហូតដល់ពលរដ្ឋនិងសមត្ថកិច្ច ចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមភ្លាម ចុងក្រោយទើបដឹងរឿងថា ជារឿងប្រច័ណ្ឌគ្នា រវាងប្រពន្ធចុង និងប្រពន្ធដើម។
បើតាមប្រភពពីបុរសជាប្តី បានឲ្យដឹងថា រូបគាត់ជាមួយប្រពន្ធដើម បានចាប់ដៃគ្នាអស់រយៈពេលជិត ១០ឆ្នាំមកហើយ ដោយបានកូនស្រីម្នាក់អាយុ៧ឆ្នាំ លុះការរស់នៅជាមួយគ្នាយូរទៅ ដូចជាមិនចុះសម្រុងនិងគ្នា ទើបពួកគាត់ បានសម្រេចចិត្តបែកគ្នារៀងរៀងខ្លួន ដោយផ្តិតមេដៃលែងលះគ្នា ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ
បុរសជាប្តីបន្តថា ប៉ុន្តែក្រោយពីលែងលះគ្នារួច ប្រពន្ធដើម គឺបានសុំមករស់នៅជុំគ្នាជាមួយគាត់ដដែល ដោយលើកហេតុផលថា ព្រោះតែអាណិតកូនស្រីនៅតូច តែពេលឈ្លោះគ្នាជាមួយប្រពន្ធចុង ទើបដឹងថាប្រពន្ធដើម នៅតែរក្សាចិត្តស្រលាញ់ប្តីគ្មានការកែប្រែទេ អាចដោយសារខឹងគ្នា ឬអាក់អន់ចិត្តមួយពេល ចង់ឈ្នះចង់ចាញ់រៀងរៀងខ្លួនផង ក៏ផ្តិតមេដៃលែងលះទៅ តែដឹងអី តាមពិតប្រពន្ធដើមនៅតែមិនដាច់ចិត្តចោលប្តីដដែល
ចំណែកឯបុរសជាប្តីវិញ គ្រាន់តែប្រពន្ធដើម ព្រមផ្តិតមេដៃភ្លាម ក៏ប្រញាប់ទៅយកប្រពន្ធចុងភ្លាម នេះមិនដឹងផងថា បែកគ្នាពីប្រពន្ធដើមហើយ ទើបមានអ្នកថ្មី ឬមានតាំងពីនៅត្រូវរ៉ូវគ្នាជាមួយប្រពន្ធដើម ទើបការរស់នៅ ចេះតែមានរឿងរកាំរកូស មិនចុះដំណេកដូចគ្រាដើម ។
ក្រោយលែងលះពីប្រពន្ធដើមបានសម្រេច នៅយប់ថ្ងៃកើតហេតុ រូបគាត់ជាប្តី បានរៀបចំកម្មវីធីជប់លៀង ដោយមានការផឹកស៊ីជួបជុំបងប្អូនមិត្តភក្តិ នៅមុខផ្ទះរបស់ខ្លួនជាមួយ និងប្រពន្ធដើម បន្ទាប់មកប្តីក៏អោយប្អូនស្រីរបស់គាត់ ទៅឌុបប្រពន្ធចុងមកលេងប្រពន្ធដើម ដើម្បីអោយស្គាល់គ្នា និងបានហូបចុកផឹកស៊ីសប្បាយជាមួយគ្នា តែរូបគាត់បានប្រាប់ប្រពន្ធដើមហើយ ថាកុំឲ្យរករឿងគ្នាអី ព្រោះសុទ្ធតែជាស្រីស្រីដូចគ្នាទេ
តែជាក់ស្តែង វាមិនដូចការនិយាយឡើយ លុះពេលប្រពន្ធដើម ចាប់ផ្តើមផឹកស្រវឹងស្រឿងស្រឿង ឃើញប្តីដែលធ្លាប់អោបនឹងទ្រូង ទៅកៀកកើយស្និតស្នាលជាមួយប្រពន្ធថ្មី នៅនឹងមុខស្រស់ស្រស់បែបនេះ ទ្រាំមិនបានក៏និយាយឌឺដង ផ្លែផ្កា ដាក់ប្រពន្ធចុងចុះឡើង ស្រាប់តែប្រច័ណ្ឌប្រពន្ធចុង ក៏បានរករឿងស្រែកឡាំប៉ា ដាក់ប្តី ផ្អើលរត់ចែកជើងគ្នាតែម្តង ។
ក្នុងហេតុការណ៍នោះដែរ ស្ត្រីជាប្រពន្ធដើម គិតតែពីឈរស្រែក ហែកហួរគ្មានសល់ ចន្លោះត្រង់ណានោះទេ ហើយស្ត្រីជាប្រពន្ធចុង ក៏មិនបានចេញមុខមកតរតាំងអ្វីដែរ គឺសម្ងំនៅក្នុងផ្ទះ រហូតបុរសជាប្តី លួងលោមឲ្យស្ត្រីជាប្រពន្ធដើម និងសម្របសម្រួលអោយចូលទៅក្នុងផ្ទះដេកបាត់ទៅ ។
ករណីនេះ សរបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា ចិត្តជាមនុស្សស្រី ទោះបីជាខុសឬត្រូវ មានកំហុសកំហឹងយ៉ាងណា ក៏នៅតែចិត្តមិនដាច់ ពីប្តី បើក្នុងករណីខ្លួនមិនទាន់មានអ្នកទីបីនៅឡើយ ប៉ុន្តែងាកទៅមើលភាគីខាងប្តីវិញ គ្រាន់តែប្រពន្ធដើមដែលស្រលាញ់គ្នារាប់ឆ្នាំទៅហើយ ព្រមផ្តិតមេដៃភ្លាម មានអោកាស់ទៅយកប្រពន្ធចុងភ្លែត មិនខ្វល់ពីអារម្មណ៍ឈឺចាប់របស់ប្រពន្ធដើមទេ មិនត្រឹមតែប៉ុណ្ណោះបែរជា ហៅប្រពន្ធចុងមកកៀកកើយនៅនឹងមុខថែមទៀត សួរថាតើប្រពន្ធដើមឯណា ធ្វើចិត្តបានទៅ។