ប្តីស្រឡាំងកាំង ពេលចោរលួចឡានរបស់ខ្លួនរត់គេចខ្លួនបាត់ស្រមោល តែប្រពន្ធអាចរកឃើញវិញ ព្រោះ ប្រពន្ធលួចបង្កប់ប្រព័ន្ធជីភីអេស តាមដានប្តីខ្លាចលួចដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់
មានករណីមួយ ចោរបានទម្លុះចូលមកក្នុងផ្ទះហើយយករថយន្តមួយគ្រឿង ចេញទៅបាត់ស្រមោល តែតាមរកឃើញយកមកវិញបាន ដោយសារតែប្រពន្ធម្ចាស់រថយន្តបានបង្កប់ ប្រព័ន្ធតាមដានជីភីអេសក្នុងរថយន្ត ព្រោះខ្លាចប្ដីលួចដឹកស្រីដើរលេង ស្រាប់តែធ្វើឲ្យបុរសជា ប្ដីស្រឡាំងកាំងជាខ្លាំង។
កាលពីពេលកន្លងទៅថ្មីថ្មីនេះ មានករណីចោរលួច រថយន្ដម៉ាកអ៊ីហ្ស៊ុយហ្ស៊ុយ ដោយចោរបានធ្វើសកម្មភាព ចូលលបលបលួចដល់ក្នុងផ្ទះ ទាំងដែលសោររថយន្តត្រូវបានទុកនៅក្នុងផ្ទះសោះ។ ក្រោយពេលកើតហេតុ ម្ចាស់ឡានដឹងថា ឡានរបស់ខ្លួនត្រូវបានចោរលួចយកទៅបាត់ហើយ ស្ត្រីជាប្រពន្ធ បានទូរស័ព្ទប្ដឹងប៉ូលីស មូលដ្ឋាននៅខេត្តឧប៊ុន ហើយរង់ចាំប៉ូលីសមកសាកសួរនៅផ្ទះ
នាង ពីយ៉ានុត ដែលជាប្រពន្ធរបស់ម្ចាស់ឡាន បានផ្ដល់ចម្លើយ ទៅប៉ូលីសថា ខ្លួនអាចឆែកមើលតាមដានការគេចខ្លួនរបស់ចោរបាន តាមរយៈប្រព័ន្ធជីភីអេស នៅក្នុងទូរស័ព្ទដៃរបស់ខ្លួនបាន ព្រោះខ្លួនធ្លាប់យកឧបករណ៍តាមដាន បង្កប់ដាក់នៅក្នុងរថយន្តប្ដីរបស់ខ្លួន ដើម្បីតាមដានពេលប្តីអត់ចូលផ្ទះ ខ្លាចដឹកស្រីស្នេហ៍ដើរលេង ហើយពេលនេះ រថយន្តដែលត្រូវចោរលួច គឺត្រូវបានលោតសញ្ញាប្រាប់ថា ស្ថិតនៅម្ដុំ បានដនឃេ ឃុំខាមយ៉ៃ ស្រុកកណ្ដាល ខេត្តឧប៊ុនរាជឋានី
បន្ទាប់មក ភ្នាក់ងារប៉ូលីស ក៏បានធ្វើការស្ទាក់ចាប់តាមប្រព័ន្ធជីភីអេស ដែលប្រពន្ធម្ចាស់ឡានបានបង្កប់នោះ នៅកន្លែងដែលនាង ពីយ៉ានុត ប្រាប់ហើយ ក៏បានរកឃើញរថយន្តដែលចោរបានលួច យកទៅ ឡាននោះត្រូវបានដោះស្លាក លេខចេញ តែមិនប្រទះឃើញជនសង្ស័យនោះទេ។ ចំណែកនាង ពីយ៉ានុត បានបង្ហាញពីហេតុការណ៍ ដែលបានកើតឡើងថា ខ្លួននិងស្វាមី កំពុងតែធ្វើកិច្ចការនៅផ្ទះ ស្រាប់តែលឺសំឡេង រថយន្តបើកចេញទៅយ៉ាងប្រញាប់ប្រញាល់ ដោយមិនបានដឹងថា អ្នកណាជាអ្នកបើកចេញទៅទេ ព្រោះកូនសោរ ឡាននៅក្នុងផ្ទះនៅឡើយ
តែនៅពេលដែលមិនឃើញឡានខ្លួនដែលចតនៅក្នុងផ្ទះ ទើបភ្ញាក់ខ្លួនថា ត្រូវចោរលួចឡានបាត់ទៅហើយ ទើបស្វាមីប្រញ៉ាប់នាំនាង ចេញទៅតាមរកទាំងអារម្មណ៍ភិតភ័យជាខ្លាំង។ តែសំណាងល្អពេលនោះស្ត្រីដែលជាប្រពន្ធក៏នឹកឃើញថា ខ្លួនធ្លាប់លួចដាក់ប្រព័ន្ធ ជីភីអេស នៅក្នុងរថយន្តរបស់ប្តី ដើម្បីតាមដានសកម្មភាពរបស់ស្វាមីពេលអត់មកផ្ទះថា លួចទៅដើរលេងដឹកស្រីស្នេហ៍ ឬផឹកស៊ី ជាមួយមិត្តភក្ដិដែរឬទេ
ពេលបើកប្រព័ន្ធ ជីភីអេស ក៏ប្រទះឃើញឡានរបស់ខ្លួនកំពុងត្រូវបានចោរបើកសំដៅ ទៅតាមផ្លូវមួយកន្លែង ទើបប្រញ៉ាប់ទាក់ទងប៉ូលីសឲ្យទៅត្រួតពិនិត្យស្ទាក់ចាប់នៅម្ដុំនោះតែម្តង។ ពេលនោះដែរ មានពលរដ្ឋ ចិត្តល្អម្នាក់ បានដឹង ព័ត៌មានពីការលួចឡាននេះ ក៏បានជួយត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព នៅផ្ទះគាត់ រហូតឃើញថា ជនសង្ស័យ បាននាំរថយន្តនោះមកចតទៅទុកក្នុងផ្ទះចាស់មួយ ហើយក៏ប្រញ៉ាប់គេចខ្លួនបាត់អស់ទៅ ។
ចុងក្រោយប៉ូលីសបានត្រឹម មកយករថយន្តប្រគល់ជូនម្ចាស់ដើមវិញ តែអ្វីដែលធ្វើអោយប្តីហួសចិត្ត និងភ្ញាក់ស្រឡាំងកាំងនោះ គឺនៅពេលប្រពន្ធប្រាប់ប៉ូលិសថាខ្លួនបានដាក់បង្កប់ប្រព័ន្ធជីភីអេស តាមដានឡានប្តីជិះទៅកន្លែងណាខ្លះ នាពេលកន្លងមក ព្រោះប្តីប្រហែលជាភ័យខ្លួន ធ្លាប់កុហកប្រពន្ធទាំងដែលប្រពន្ធដឹងថាប្តីទៅណាមកណាគ្រប់ទីកន្លែង។