ប្រយ័ត្នឈប់ចាញ់បោកឧកញ៉ា បែរជាមកចាញ់បោកឯកឧត្តមម្តង តាមពិត ដីដែល ឯកឧត្តម ជួន គន្ធា ប្រកាសចែកជូនពលរដ្ឋដែលចាញ់បោកឧកញ៉ា នាពេលកន្លងមក ហ្វ្រីហ្វ្រីនោះ គឺជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាចកាប់ឆ្ការ ទន្ទ្រាន ឬឈូសឆាយលើដីនោះបានឡើយ

អាចជាស្ទីលថ្មី គេបោក ប្រជាពលរដ្ឋ តាមរូបភាពចែកដីអោយ អត់ គិតលុយ តែគិតសេវាឈូសឆាយ និង សេវារដ្ឋបាល ៤៥០ ដុល្លារ សម្រាប់ ដី១ឡូត៍ ទំហំ ១០ម៉ែត្រ គុណ នឹង ៣០ម៉ែត្រ ។ បេីនិយាយអំពីតម្លៃ៤៥០ ដុល្លារ នេះគឺ បោកទៀតហើយ បងប្អូន បេីមិនគិតពិចារណា ងាយរងគ្រោះ គឺ អស់ស្រូវពូជអស់ដីស្រែជំពាក់ធនាគារ ហេីយដេីរស្រែក ទាមទាររកយុត្តិធម៌ទៀតហើយ ។ ពិភពលោកនេះ គ្មានអ្នកណាចិត្តល្អ ទិញដី មកចែក ប្រជាពលរដ្ឋ ទទេទទេបែបនេះទេ សូមពិចារណាតាមផ្លូវច្បាប់។

រឿងនេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើលិខិតបដិសេធហើយ ទីតាំងដីដែលចែក នោះ ជាដីរដ្ឋស្ថិតនៅក្នុងដែនបរិស្ថានគ្រប់គ្រង ។

សូមជម្រាបថា មានលិខិតមួយសន្លឹក ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មិនដឹងថា ជាផ្លូវការ ឬមួយយ៉ាងណាទេ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយដាក់ថា សេចក្តីជូនដំណឹង

ក្រោមអធិបតីភាព ឯកឧត្តម ជួន គន្ធា ដោយយល់ឃើញថា កន្លងមកនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានជីវភាពក្រីក្រ គ្មានដីសម្រាប់ សង់លំនៅឋានឬអាស្រ័យផល ។ ហើយបងប្អូនមួយចំនួនទៀតបានចាញ់បោកក្រុមហ៊ុនអចលនទ្រព្យ ដែលចំណាយលុយហើយប៉ុន្តែមិនបានដី។

ក្នុងឱកាសនេះ ឯកឧត្តម ជួន គន្ធា បានធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឲ្យបានជ្រាបថា ឯកឧត្តម ជូន គន្ធា នឹងចែកជូនដីឡូតិ៍ចំនួន ៦០០០ឡូតិ៍ ជូនដល់ប្រជាពលរដ្ឋក្រីក្រដើម្បីសាងសង់លំនៅឋានឬអាស្រ័យផល ។ ទីតាំងដីស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចម្ងាយពីទីរួមខេត្តកំពង់ស្ពឺមកដល់ផ្សារកន្ទួត ៥១គីឡូ រួចចុះពីផ្សារកន្ទួតទៅដល់ទីតាំងដីចម្ងាយ ៨ គីឡូ ។

ការចែកជូនអាចផ្តល់ឱកាសក្នុងមួយគ្រួសារអាចទទួលបាន ១០ ឡូត៍ចុះ ដីឡូតិ៍មានទំហំ ១០មគុណ៣០ម ។

លក្ខខណ្ឌ អ្នកទទួលបានដីត្រូវចំណាយទៅលើសេវារដ្ឋបាលដូចជាៈ ការឈូសឆាយដី ឈូសឆាយផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ផ្សេងផ្សេង ក្នុងមួយឡូតិ៍ ៤៥០ ដុល្លារ

សូមភ្ជាប់មកជាមួយនូវឯកសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសៀវភៅគ្រួសារ ។ ចំពោះបងប្អូនដែលទទួលបានទីតាំងដីឡូតិ៍នេះ នឹងមានសិទ្ធិឈូសឆាយ ដាំដំណាំ ដាំដើមឈើហូបផ្លែ ចិញ្ចឹមសត្វ ជីកស្រះចិញ្ចឹមត្រីនិងសង់លំនៅឋានបានភ្លាមភ្លាម ។

សូមបញ្ជាក់ថា ពលរដ្ឋនឹងទទួលបានប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ ដោយទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ សូមទាក់ទងតាម រយៈអាជ្ញាធរមូលដ្ឋាន ឬក្រុមការងាររដ្ឋបាល។

ដោយឡែករដ្ឋបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា យោងតាមការ ផ្សាយផ្ទាល់វីឌីអូរបស់ផេកព័ត៌មាន ខេអេច ផ្លើសញ៉ូវ ​ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បានធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮលើករណី ខាងលើ ព្រោះការអះអាងរបស់បុគ្គល ខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាច កាប់ឆ្ការ ទន្ទ្រាន ឬឈូសឆាយលើដីនោះបានឡើយ។

ក្នុងករណីបើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តតាមគោលនយោបាយ ដីសម្បទានសង្គមកិច្ចដែល មិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។

រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដី ដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងផ្សេង បើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៧៥ ៥០ ៤៧៧ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ មេត្តា ជ្រាបជាព័ត៌មាន។ ជុំវិញពាក់ព័ន្ធករណីនេះ ពុំទាន់មានប្រតិកម្ម ឬបកស្រាយពី ឈ្មោះ ឯកឧត្តម ជួន គន្ធា នៅឡើយនៅថ្ងៃនេះ ប៉ុន្តែលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហោះព្រោងព្រាត ហាក់មានចេតនា ពន្យល់ដាស់តឿនប្រជាពលរដ្ឋកុំឱ្យងាយរងគ្រោះ រឿងដីធ្លីនេះ ។

ម្យ៉ាងទៀត សង្ឃឹមថា អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ស្ថាប័ន ជំនាញពាក់ព័ន្ធ សិក្សាក្នុងរឿងនេះ ដើម្បីទប់ស្កាត់ប្រសិនបើ ការអំណោយដី មានភាពមិនប្រក្រតី ទៅជាកលល្បិចបោកប្រាស់ប្រជាពលរដ្ឋ ស្ថិតក្នុងយល់ដឹងមានកម្រិត ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed