ចំឡែកមែន ស្ត្រីម្នាក់ ដឹកសាកសពតាមរទេះ មកខ្ចីលុយធនាគារ ១៧០០០ដុល្លារ ដោយបន្លំថាត្រូវជាពូនឹងក្មួយ ស្រាប់តែពេលមន្ត្រីធនាគារ ចាប់ផ្តើមធ្វើកិច្ចសន្យាផ្តិតស្នាមមេដៃ ទើបដឹងថា បុរសចំណាស់នោះបានស្លាប់អស់ជាច្រើនម៉ោងបាត់ទៅហើយ
មានរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយកាលពីពេលថ្មីថ្មីនេះ ដោយមានព័ត៌មានទាក់ទងនឹង ស្ត្រីជនជាតិប្រេស៊ីលម្នាក់ បានរុញរទេះមួយ ដឹកបុរសចំណាស់ម្នាក់ ដែលគ្មានដង្ហើម ចូលធនាគារ ហើយអះអាងថា នាងជាក្មួយស្រី នាំពូមកខ្ចីប្រាក់ធនាគារ ចំនួនទឹកប្រាក់ជាង ១៧០០០ដុល្លារ
ប៉ុន្តែបុគ្គលិកធនាគារ បានរកឃើញថា គួរឱ្យសង្ស័យ និងបានថតវីដេអូទុកជាភុសតាងដើម្បី បង្ហាញថា បុរសដែលជិះរទេះរុញបានស្លាប់បាត់ទៅហើយ ចំណែកឯស្ត្រីម្នាក់នោះ បានប្រឹងលើកសពដាក់លើរទេះរុញធ្វើធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើងឡើយ ដើម្បីបោកប្រាស់មន្ត្រីធនាគារ។ ប៉ុន្តែនៅទីបំផុត ស្ត្រីម្នាក់នោះ ត្រូវបានគេរាយការណ៍ទៅប៉ូលិស បន្ទាប់មកក៏ត្រូវបានចាប់ខ្លួនតែម្តង។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះបើតាមគេហទំព័រ ព័ត៌មានអាល ចាហ្សេរ៉ា បានរាយការណ៍អោយដឹងថា ស្ត្រីឈ្មោះ អេរិកា វីអេរ៉ា ណាន់នេស ជាជនជាតិប្រេស៊ីល ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបានយកបុរសចំណាស់ម្នាក់ ដែលបានស្លាប់អស់ជាច្រើនម៉ោងទៅហើយនោះ លើកដាក់អង្គុយលើរទះរុញ មកដាក់ពាក្យខ្ចីប្រាក់ នៅធនាគារមួយ នៅក្នុងទីក្រុង រីអូ ដឺហ្សានេរ៉ូ ដោយអះអាងថា នាងត្រូវជាក្មួយស្រីរបស់បុរសនោះ។
ប៉ុន្តែបុគ្គលិកធនាគារ បានសម្គាល់ដោយមានការសង្ស័យថា បុរសដែលជិះរទេះរុញនោះ មានសភាពទន់ដៃទន់ជើងមិនកំរើកអ្វីទាំងអស់ ក្នុងពេលដំណើរការធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ដោយក្បាលរបស់បុរសចំណាស់នោះ ត្រូវងាកក្រោយជានិច្ច ហើយខ្លួនប្រាណទាំងមូលក៏គ្មានកម្លាំងកំហែងអ្វីដែរ គឺដូចជាមនុស្សស្លាប់អញ្ចឹង។
ប៉ុន្តែស្ត្រីនោះ បានព្យាយាមប្រាប់មន្ត្រីធនាគារថា ពូខ្ញុំបានប្រាប់ឲ្យយកគាត់ ទៅដាក់ពាក្យខ្ចីលុយពីធនាគារ ដោយប្រើឈ្មោះគាត់។ ហើយស្ត្រីនោះក៏បានសរសេរឯកសារសុំខ្ចីប្រាក់ ១៧០០០ដុល្លារ នាងព្យាយាមដាក់ប៊ិចក្នុងដៃបុរសសាកសពចំណាស់នោះ ឲ្យចុះហត្ថលេខា ប៉ុន្តែវាមិនជោគជ័យទេ ព្រោះដៃម្ខាងទៀត នាងត្រូវទ្ររក្បាលបុរសចំណាស់នោះ ហើយម្ខាងទៀតប្រឹងកាន់ដៃសាកសពនោះ។
ទោះបីជាយ៉ាងណាមន្ត្រីធនាគារ បានមើលឃើញថា មនុស្សចាស់នោះ មានស្បែកស្លេកស្លាំងខ្លាំងទៅខ្លាំងទៅ ហាក់មានស្ថានភាពមិនល្អដូចមនុស្សធម្មតានោះទេ។ ប៉ុន្តែស្ត្រីម្នាក់នោះ បានឆ្លើយតបថា ពូខ្ញុំតែងតែឈឺបែបនេះ យូរហើយ ភាគច្រើនគាត់ មិនដែលចូលចិត្តនិយាយស្ដីអ្វីទាំងអស់
ទោះបីជាយ៉ាងណា នៅទីបំផុត មន្ត្រីធនាគារ ក៏បានទាញទូរស័ព្ទរាយការណ៍ទៅប៉ូលិសដើម្បីសុំកិច្ចអន្តរាគមន៍។ ស្រាប់តែនៅពេលប៉ូលិស មកដល់ បុរសចំណាស់ ដែលជិះរទេះរុញ ត្រូវបានគេធ្វើកោសល្យវិចៃ រកឃើញថា មានអាយុ ៦៨ឆ្នាំ បានស្លាប់អស់ជាច្រើនម៉ោងមកហើយ។ ចំណែកស្ត្រីម្នាក់ ឈ្មោះអេរិកា វីអេរ៉ា ណាន់ណេសនៅ មិនមែនត្រូវជាសាច់ញាតិ ហើយក៏មិនពាក់ព័ន្ធនឹងអ្នកស្លាប់របស់បុរសចំណាស់នេះដែរ ។
យ៉ាងណាមិញប៉ូលិស បានធ្វើកំណត់ហេតុ និងបានបញ្ជាក់ថា ស្ត្រីខាងលើនេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទបន្លំសាកសព និងប៉ុនប៉ងឆបោកធនាគារ។ ខណៈនេះ ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុ នៃការស្លាប់របស់បុរសចំណាស់នេះផង៕