លោកបណ្ឌិតអ្នកឧកញ៉ា គួច ម៉េងលី ​និងលោក សៀវ សុផល ដែលគេស្គាល់ថា​ ជាគ្រូ​បណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យនោះ បានចេញសារឌឺដងគ្នា ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានរឿងចាញ់បោលលុយក្រុមហ៊ុន ស៊ីអាយស៊ី

លោក សៀវ សុផល បានសរសេរបង្ហោះសារក្នុងន័យឌឺដងទៅលើលោក គួច ម៉េងលី ថាអ្នកចម្រៀង ​សំឡេងពីរោះ តែច្រៀងខុសម៉េឡូឌី ​ ចំណែកឯលោក គួច ម៉េងលី ក៏មិននៅស្ងៀមដែល បាននិយាយផ្លែផ្កាទៅកាន់លោក សៀវ សុផល វិញ ពាក្យថា ​គ្រូជោគជាំ​

​លោក គួច ម៉េងលី ​បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី៣០ មីនា ថា ​ភ្លេចសតិមួយគ្រា វេទនាមួយជីវិត​ ក្នុងន័យនេះ លោក គួច ម៉េងលី បានរៀបរាប់ប្រាប់សារព័ត៌មានក្នុងន័យ លោកចង់ពញ្ញាក់អារម្មណ៍ និងដាស់សតិមនុស្សទូទៅ ឱ្យចេះគិតពិចារណាវែងឆ្ងាយ មុននឹងធ្វើអ្វីមួយ ព្រោះបើធ្វើខុសហើយ វានឹងនាំឱ្យប៉ះពាល់ដល់​ជីវិត។ លោក គួច ម៉េងលី អះអាងថា លោកសរសេរទ្រឹស្តីនេះ ដោយសារចង់រំឭកស្មារតីមនុស្សទូទៅ។

តែយ៉ាងណាលោក សៀវ សុផល បានសរសេរសារមួយ ភ្ជាប់ជាមួយឃ្លាទ្រឹស្ត្រីខាងលើ និងរូបលោក គួច ម៉េងលី ជាមួយខ្លឹមសារថា ​សំឡេងពីរោះ តែច្រៀងខុសមេឡូឌី គ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ ក៏បានសរសេរបន្ថែមលើហ្វេសប៊ុកថា​ ភ្លេចសតិមួយគ្រា មធ្យមទេ ងំនោះអំពាវនាវសុំអន្តរាគមន៍ សុំជំនួយ រដ្ឋាភិបាលចេញពីវិទ្យុអាស៊ីសេរី និងវីអូឌី ​ដែលសុទ្ធតែជាវិទ្យុប្រឆាំងរដ្ឋាភិបាល ខាតធំជាងវិនិយោគខុសទៅទៀត។ គិតមិនដល់​ ។

កាលពីពេលថ្មីថ្មីនេះ លោក គួច ម៉េងលី បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់អស់ ៣០ម៉ឺនដុល្លារ ក្នុងការដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនស៊ីអាយស៊ី ​ វិទ្យុអាស៊ីសេរី និងសារព័ត៌មានផ្សេងផ្សេងទៀត បានស្រង់សម្តីវិនិយោគិនរូបនេះ យកទៅចុះផ្សាយព្រោងព្រាត នាពេលប៉ុន្មានថ្ងៃនេះ។

ចំពោះការមិនបកស្រាយរបស់លោក សៀវ សុផល នេះ បានធ្វើឱ្យលោក គួច ម៉េងលី កាន់តែដាក់ការសន្និដ្ឋានថា គ្រូបង្រៀនផ្នត់គំនិតជោគជ័យរូបនេះ កំពុងលាបពណ៌ខ្លួន ជាក្រុមប្រឆាំងរដ្ឋាភិបាល។ មូលហេតុដែលនាំឱ្យលោក ម៉េងលី គិតបែបនេះ ដោយសារសំណេររបស់លោក សុផល មានភ្ជាប់ជាមួយឃ្លាថា ​វិទ្យុប្រឆាំងរដ្ឋាភិបាល​

​លោកសៀវ សុផល​ ដូចជាលាបព័ណ៌ខ្ញុំថា ជាបក្សប្រឆាំង ហើយជាមួយវិទ្យុប្រឆាំង។ មានន័យថា ឱ្យតែគេនិយាយជាមួយវិទ្យុ ដែលមិននៅក្នុងស្រុក គឺជាវិទ្យុប្រឆាំងទាំងអស់ ហើយឱ្យតែគេនិយាយពីរឿងការពារប្រជាពលរដ្ឋ ចាត់ទុកគេជាអ្នកប្រឆាំង វាដូចជាខុសខ្លាំងពេក។ ប្រជាជនខ្មែរតែមួយ កុំឱ្យចេះតែលាបពណ៌គ្នា កុំចេះតែចោទគ្នា វានាំឱ្យគ្រោះថ្នាក់ដល់ពលរដ្ឋទូទៅ​ នេះជាការយល់ឃើញរបស់លោក ម៉េងលី​

ឆ្លើយតបការលើកឡើងរបស់លោក ម៉េងលី នេះ លោក សៀវ សុផល បានបកស្រាយយ៉ាងខ្លីវិញថា សំណេររបស់លោក គ្មានបំណងចោទ ឬលាបពណ៌លោក ម៉េងលី ថា​ ជាក្រុមប្រឆាំងរដ្ឋាភិបាលឡើយ។ ខ្ញុំសរសេរក្នុងន័យធម្មតាទេ គ្មានន័យអ្វីផ្សេងទេ​។ នេះជាការបកស្រាយរបស់គ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ ។

​លោក គួច ម៉េងលី ទ្រាំនឹងការចោទប្រកាន់នេះមិនបាន ក៏បានហៅលោក សៀវ សុផល វិញថា ​គ្រូជោគជាំ​ ហើយលោកបានសរសេរ​យ៉ាងខ្លី តបលោកសៀវ សុផល វិញថា គ្រូជោគជាំអើយ រៀនរស់ជាមនុស្សម្នាដូចគេដូចឯងឡើង។ ជីវិត​គឺ​ខ្លី​ណាស់​

​ជាការឆ្លើយតបរបស់លោក សៀវ សុផល ដែលបានសរសេរលើហ្វេសប៊ុក នាថ្ងៃទី១ មេសានេះថា​ ខ្ញុំបានប្រកាសខ្លួនឯង ក្នុងហ្វេសប៊ុក ​របស់ខ្ញុំថា ខ្ញុំជាគ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ មិនមែនជាគ្រូជោគជាំ ដូចអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដាក់ងារឱ្យនោះទេ​។

គួររំលឹកថា លោក គួច ម៉េងលី និងលោក សៀវ សុផល នេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ។ មូលហេតុនៃវិវាទផ្លូវចិត្តរវាងបុគ្គលសាធារណៈទាំងពីរនេះ ផ្ដើមចេញពីទស្សនៈផ្ទុយគ្នា លើ​ផ្នត់គំនិតជោគជ័យ​ ដោយម្ខាងជាអ្នកបណ្ដុះបណ្ដាលផ្នត់គំនិតជោគជ័យ និងម្ខាងទៀត ជាអ្នកដើរពន្យល់យុវជន ឱ្យយល់ពីអត្ថន័យជោគជ័យពិតប្រាកដ ហើយកុំស្រលាញ់ និងលង់ជឿលើពាក្យជោគជ័យពេក។

Leave a Reply

Your email address will not be published. Required fields are marked *

You missed