ជឿព្រះសង្ឃប្រាប់លេខឆ្នោត ខំទៅខ្ចីលុយគេថែម យកមកចាក់ រហូតដល់ម៉ោងចេញលទ្ធផល ស្រាប់តែចេញលេខឆ្នោតខុស ខឹងទ្រាំមិនបាន ចូលទៅវាយព្រះសង្ឃដល់ក្នុងវត្ត
មានការភ្ញាក់ផ្អើលពេញបរិវេណវត្ត និងនៅលើបណ្ដាញសង្គម ក្រោយពីបានឃើញការឈ្លោះប្រកែកតវ៉ាយ៉ាងតឹងសរសៃករ រហូតឈានទៅដល់ការប្រើប្រាស់អំពើវាយតប់ ជាមួយនឹងព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ព្រោះតែខឹងរឿងឱ្យលេខឆ្នោតខុស ចាក់មិនត្រូវ។
បើយោងតាមប្រភពពីព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា ដើមឡើយ បុរសចិត្តខ្លាំងលែងស្គាល់បាបបុណ្យខាងលើនេះ បានទៅរកព្រះសង្ឃ ១អង្គដែលខ្លួនជឿជាក់បំផុត ដើម្បីសុំលេខឆ្នោត យកទៅចាក់ផ្សងសំណាង នឹងគេ ហេតុនេះព្រះសង្ឃ ក៏បានកត់លេខឱ្យ និងថែមទាំងបានបញ្ជាក់ថា លេខនេះចាក់ទៅ គឺពិតជាត្រូវជាក់ជាមិនខាន។
ក្រោយពីបានលេខឆ្នោតរួច ដោយមានជំនឿថា លេខនេះគឺពិតជាត្រូវ អាចឈ្នះបានប្រាក់តាមការបញ្ជាក់របស់ព្រះសង្ឃរួចមក បុរសរូបនោះក៏បានស្ទុះស្ទារ ទៅខ្ចីប្រាក់គេមកថែមទៀត ដើម្បីចាក់ឱ្យបានច្រើន ព្រោះបើចាក់កាន់តែច្រើន វាក៏ត្រូវបានប្រាក់កាន់តែច្រើនដែរ ខណៈប្រសិនបើមានប្រាក់ច្រើន រូបគេនឹងក្លាយទៅជាអ្នកមានត្រឹមមួយប៉ប្រិចភ្នែកតែម្តង។
ទោះជាយ៉ាងណា អ្វីអ្វីគឺមិនដូចការរំពឹងទុកឡើយ ឬដូចទៅតាមការទស្សន៍ទាយរបស់ព្រះសង្ឃអង្គនោះទេ ពោលគឺនៅពេលម៉ោងឆ្នោតចេញ លេខដែលព្រះសង្ឃឱ្យមកបុរសម្នាក់នេះ គឺមិនបានត្រូវឡើយ។ ព្រោះតែទប់កំហឹងចំពោះព្រះសង្ឃ ដែលឱ្យលេខឆ្នោតមក បែរជាមិនត្រូវ ហើយថែមទាំងធ្វើឱ្យខ្លួនត្រូវជំពាក់គេទៀតនោះ បុរសរូបនេះ ក៏បានទៅដល់វត្តសារជាថ្មីម្ដងទៀត រួចបន្តស្រែកស្ដីបន្ទោសទៅកាន់ព្រះសង្ឃដោយមិនខ្វល់ខ្វាយរឿងបាបបុណ្យអ្វីសោះឡើយ។
តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថត និងបង្ហោះចូលទៅក្នុងបណ្ដាញសង្គម បានបង្ហាញឱ្យឃើញថា បន្ទាប់ពីបានប៉ះពាក្យសម្ដីគ្នាប៉ុន្មានម៉ាត់ បុរសរូបនេះ ក៏បានស្ទុះទៅវិញតប់លើព្រះសង្ឃទាំងកម្រោល ជាហេតុធ្វើឱ្យព្រះសង្ឃ ទប់កំហឹងមិនជាប់ដូចគ្នា ក៏វាយបកមកវិញ រហូតបង្កបានទៅជាបាតុភាព យ៉ាងហិង្សាផ្អើលអស់មនុស្សម្នា រត់ចូលមកជួយឃាត់ និងបំបែកចេញពីគ្នា។
ចំពោះលទ្ធផលចុងក្រោយ ក្នុងការដោះស្រាយវិវាទរវាងព្រះសង្ឃ និងបុរសជាជនជាតិថៃនោះ គឺមិនទាន់ត្រូវបានដឹងថា សម្រេចបែបណានោះទេ។ ប៉ុន្តែក្រោយពីវីដេអូឃ្លីបមួយនេះបានលេចឡើងនៅលើបណ្ដាញសង្គម មហាជនបានបង្ហាញពីការមិនពេញចិត្ត និងរិះគន់ព្រោងព្រាតទៅកាន់ភាគីខាងបុរសនោះថា ជាមនុស្សល្ងង់ ជឿទាំងងប់ងល់ គ្មានការពិចារណាថា មួយណាពិត ឬមួយណាមិនពិត ដោយគួរណាស់តែចេះគិតថា បើព្រះសង្ឃអាចទស្សន៍ទាយលេខឆ្នោតបានត្រូវ ១០០ភាគរយនោះ ម្ល៉េះសមព្រះអង្គ និងបណ្ដាញាតិញោម ឬពុទ្ធបរិស័ទផ្សេងទៀត ក្លាយទៅជាមហាសេដ្ឋីអស់រលីងបាត់ទៅហើយ៕