ឧកញ៉ាទៀតហើយ រកឃើញទីតាំងមួយកន្លែងទៀត ដែលឧកញ៉ាម្នាក់ បានចាក់ដីចូលទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ នៅខេត្តកំពង់ចាម
បន្ទាប់ពីករណីឧកញ៉ាអ៊ាង ចាក់ដីលុបទន្លេមេគង្គធ្វើឱ្យល្បីល្បាញស្រុកស្រីសន្ធរនោះមក ស្រាប់តែមានរឿងឧកញ៉ាម្នាក់ទៀត កើតនៅក្បែរគ្នានោះ កំពុងចាក់ដីចូលខ្ពបទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ។
បុរសម្នាក់នោះមានងារជាឧកញ៉ាទៀតផងគឺមានឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ កំពុងបំពានច្រាំងទន្លេ ដូចទៅនឹងឧកញ៉ាអ៊ាងនោះដែរ ដោយការចាក់ដីលុបដៃទន្លេមេគង្គនៅចំណុចភូមិ តាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដោយសារល្បីល្បាញរឿងអំពើរបស់ឧកញ៉ាអ៊ាង នៅក្នុងស្រុកស្រីសន្ធរនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើង៣ ជើង៤ ចុះទៅផ្អាកសកម្មភាព នៃការសាងសង់របស់លោកឧកញ៉ានួន រិទ្ធី ដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់ផងដែរ។
ប្រភពរាយការណ៍ថា ទង្វើនោះសង្ស័យមានការឃុបឃិតគ្នារវាងមន្ត្រីថ្នាក់ស្រុក ក្រោមការដឹកនាំរបស់លោកស៊ឹម គង់ ចៅហ្វាយស្រុកស្រីសន្ធរ ជាមួយលោកឧកញ៉ានួន រិទ្ធី ដែលភរិយារបស់ឧកញ៉ាមានស្រុកកំណើតនៅឃុំព្រែកដំបូកនោះ។ ទង្វើបំពានច្បាប់ដ៏ស្អុយរលួយបែបនេះ គឺកើតឡើងដោយការគុបគិតគ្នា រវាងចៅហ្វាយស្រុកស្រីសន្ធរ លោកស៊ឹម គង់ និងឧកញ៉ានួន រិទ្ធី ដែលពិបាកនឹងប្រកែកណាស់ ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះនាំគ្នាខ្សិបថា បើគ្មានការឃុបឃិតគ្នា តើគេអាចធ្វើសំណង់លយចូលដៃទន្លេបានយ៉ាងដូចម្ដេចទៅ និយាយរួមទៅបើគ្មានការបិទភ្នែកពីចៅហ្វាយស្រុក ស៊ឹម គង់ ដែលដើរអែបអបជាមួយឧកញ៉ាទេនោះ គឺមិនអាចមានអំពើបំពានច្បាប់ប្រទេសបែបនេះ កើតឡើងបានដោយងាយងាយនោះឡើយ។
ចាំមើលថា តើរដ្ឋបាលខេត្តកំពង់ចាម របស់លោក អ៊ុន ចាន់ដា មានអ្វីបំភ្លឺបន្ថែមទៀត ចំពោះករណីឧកញ៉ានួន រិទ្ធី នេះ ព្រោះរឿងរ៉ាវដែលកំពុងកើតឡើងនៅស្រុកស្រីសន្ធរ ចំពោះករណីបំពានច្បាប់ប្រទេសនេះ គឺដោយសារមន្ត្រីអ្នកអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋាន សង្ស័យពាក់ព័ន្ធគ្នាទើបធ្វើបាន ។
បើគ្មានការគុបគិតរវាងពួកឈ្មួញអ្នកមានលុយ ជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកទេនោះ គឺពិតជាគ្មានរឿងរ៉ាវដ៏ហួសចិត្តកើតឡើងបែបនេះឡើយ។ រាស្ត្រក្រីក្រនៅស្រុកស្រីសន្ធរ នាំគ្នាដើររិតតែដើមទ្រូងថា មិនគួរអ្នកមានទ្រព្យស្ដុកស្ដម មានងារជាឧកញ៉ាហើយ បែរជាប្រព្រឹត្តអំពើយ៉ាងដូច្នេះឡើយ។