មានសង្ឃឹមហើយ តុលាការខេត្តសៀមរាប បានចេញដីការសម្រេច ដើម្បីរឹបអូសជាបណ្តោះអាសន្ន ជូនម្ចាស់បំណុល ដែលចាញ់បោក ឧកញ៉ាឡេង ចាន់ណាហើយ

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា តុលាការកំពុងមានចំណាត់ការ​យ៉ាងយក​ចិត្តទុកដាក់ ​លើសំណុំរឿងព្រហ្មទណ្ឌចំនួន៤ និងសំណុំរឿងរដ្ឋប្បវេណីចំនួន៤ ដែល​ប្រជាពលរដ្ឋប្តឹង​ឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី។

សេចក្តីថ្លែងការរបស់អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹក​ថ្ងៃទី ​២៤ នេះបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលអះអាងថាជា​ជនរងគ្រោះ​នៃអំពើឆបោកដោយឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើល​ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយ​ស្រែកទាមទារឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប​ ចេញដីកាបង្គាប់​ឱ្យ​ចាប់​ខ្លួន​ឈ្មោះ ឡេង ចាន់ណា ដោយសារថា ពួកគាត់បានដាក់ពាក្យបណ្ដឹងចូលមកសាលាដំបូង និង​អយ្យការអមសាលាដំបូងខេត្ត សៀមរាបរួចហើយ ប៉ុន្តែសាលាដំបូង និងអយ្យការអមសាលា​ដំបូងខេត្តសៀមរាប​ពុំបានរកដំណោះស្រាយជូនពួកគាត់ឡើយ។

អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាបបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន​ទាំង​អស់មេត្តាជ្រាបថា ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និងបក្សពួកមកអយ្យការអមសាលា​ដំបូងខេត្តសៀមរាបចំនួន ៤ ​សំណុំរឿង រួមមាន សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សំណុំរឿង​ព្រហ្មទណ្ឌ លេខ២៦៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ និង សំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅពេលសំណុំរឿងព្រហ្មទណ្ឌទាំងនេះ ត្រូវបានបញ្ជូនមក​ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះនោះ សាលាដំបូងខេត្តសៀមរាប​ នឹងចាត់ការភ្លាម ដោយផ្អែកតាម ភស្តុតាងក្នុងសំណុំរឿង និង​តាមនីតិវិធី​ច្បាប់។

ដោយឡែក ចំពោះសំណុំរឿងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍​របស់ ឈ្មោះ ឡេង ចាន់ណា និងបក្សពួក សាលាដំបូងខេត្តសៀមរាប បាន​ទទួល​ចាត់ការ​សំណុំ​រឿងអង្គសេចក្ដីចំនួន ​៤ សំណុំរឿង រួមមាន សំណុំរឿងលេខ ៥០៦ ចុះថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សំណុំ រឿងលេខ ៥០៧ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សំណុំ​រឿងលេខ ៥០៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងសំណុំរឿងលេខ៧២ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះសំណុំរឿងរក្សាការពារមាន ចំនួន១ សំណុំរឿង គឺសំណុំរឿងលេខ ១៧ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសាលាដំបូង ខេត្តសៀមរាបបានចេញ​ដីកាសម្រេច រឹបអូស​ជា​បណ្តោះអាសន្ន និងបានអនុវត្តការរឹបអូសជាបណ្តោះអាសន្នជូនម្ចាស់បំណុលរួចហើយ។

ចំពោះសំណុំរឿងរដ្ឋប្បវេណី ដែលកំពុងតែចាត់ការទាំងអស់ សាលាដំបូងខេត្ត សៀមរាបកំពុងតែ​ធ្វើចំណាត់ការយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។ យោងតាមពលរដ្ឋរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីមានការឃោសនា អំពីក្រុមហ៊ុន ប្រ៊ីលានស៊ីធី អំពីការ​ដាក់ប្រាក់ចងការ ​ជាមួយក្រុមហ៊ុន នឹងទទួលបានការប្រាក់ខ្ពស់នោះ ប្រជាពលរដ្ឋ​បាន​នាំគ្នាយកប្រាក់ ដែលពួកគាត់បានខ្ចីពីធនាគារ មកចូលរួមជាមួយក្រុមហ៊ុន​ របស់​ឧកញ៉ា ឡេង ចាន់ណានេះ។

ពលរដ្ឋបន្តថា ទំហំទឹកប្រាក់ ដែលពលរដ្ឋទូទាំងប្រទេស រួមទាំងពលករនៅប្រទេសកូរ៉េផង បាន​យកប្រាក់មកចងការឲ្យឧកញ៉ាឡេង ចាន់ណា នេះមិនក្រោម៣០០លានដុល្លាអាម៉េរិកទេ ដែលប្រាក់ទាំងនោះពួកគាត់សុទ្ធតែបានខ្ចីពីធនាគារ៕

Leave a Reply

Your email address will not be published. Required fields are marked *