ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ជាប់ក្នុងឡានសាលារៀន អស់រយៈពេលជាង៤ម៉ោង រហូតថប់ដង្ហើមលាចាកលោក។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាអន្ដរជាតិកុលបុត្របញ្ញា ស្ថិតនៅភូមិព្រៃព្រាល ករ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្មេងប្រុសរងគ្រោះឈ្មោះ យ៉ុម រៃយ៉ា រស់នៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ។ ខណៈអ្នកបើករថយន្ដ ដឹកសិស្សឈ្មោះ ឡុង ស៊ីណែត ភេទស្រី អាយុ៤២ឆ្នាំ រត់គេចខ្លួនបាត់ក្រោយកើតហេតុ។

តាមការរៀបរាប់ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ឈ្មោះ ឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះ ឡុង ស៊ីណែត បានបើកសាលារៀនឯកជនឈ្មោះ អន្ដរជាតិ កុលបុត្របញ្ញា ហើយតែងតែបើករថយន្ដទៅដឹកសិស្សតាមផ្ទះរៀងរាល់ថ្ងៃ ដោយពេលខ្លះប្ដីអ្នកបើក និងពេលខ្លះប្រពន្ធបើក។

នៅថ្ងៃកើតហេតុ ប្រហែលម៉ោង ១ថ្ងៃត្រង់ ឈ្មោះ ឡុង ស៊ីណែត ពេលត្រឡប់មកពីដឹកសិស្សដូចធម្មតា ក៏បើកទ្វារឡានឲ្យសិស្សចុះ ហើយប្រគល់ឲ្យគ្រូបង្រៀន និងបានបញ្ជាក់ថា ថ្ងៃនេះសិស្សខ្លះ មិននាមមករៀននោះទេ ហើយគ្រូក៏ចាប់ផ្ដើមបង្រៀនធម្មតា។

រហូតដល់ម៉ោង៤ និង៣០នាទីល្ងាច ក៏ត្រូវដឹកសិស្សត្រឡប់ទៅវិញ ស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់ ជាប់នៅក្នុងរថយន្ដសន្លប់បាត់បង់ស្មារតី។ ពេលនោះឈ្មោះ ឡុង ស៊ីណែត បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះបានលាចាកលោកបាត់ទៅហើយ។ ក្រោយមកបានទូរស័ព្ទទៅប្ដី ដើម្បីឲ្យមកបើកបន្ដរួចគេចខ្លួនបាត់ ខណៈប្ដីបានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ច និងបានប្រគល់សពជូនក្រុមគ្រួសារ៕

Leave a Reply

Your email address will not be published. Required fields are marked *