ជិតដល់ថ្ងៃចូលរោងការហើយ ស្រាប់តែឈ្លោះគ្នារឿងចាញ់បោកគេ អស់លុយ៣០០ដុល្លារ ខាងស្រីអន់ចិត្តគូរដណ្តឹងមិនព្រមលួង បែរជាគិតខ្លី យកអាវចងនឹងស្នួរខោអាវ បញ្ចប់ជីវិតខ្លួនឯង

នារីម្នាក់ មានគូរដណ្តឹង ជិតចូលរោងការទៅហើយ បែរជាសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកអាវចង​នៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្តី មិននិយាយរកគ្នាជាមួយបុរសជាគូដណ្តឹង រឿងចាញ់បោកគេ អស់ចំនួន៣០០ដុល្លារ ។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ ផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះ មានឈ្មោះហាក់ ឌីណា អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល លេខ១ ជាន់ទី៥ ជាមួយគូរដណ្ដឹង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានី ភ្នំពេញ ។ តាមប្រភពបុរសជាគូរដណ្តឹង បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ខ្លួននិងគូដណ្ដឹង បានទាស់សម្តីគ្នាបន្តិចបន្តួច រឿងចាញ់បោកគេ អស់លុយ៣០០ដុល្លារ ។

បន្ទាប់មក រូបគេ បានចេញពីបន្ទប់ជួល ទៅធ្វើការដូចរាល់ដង ចំណែកឯនារីរងគ្រោះត្រូវជាគូដណ្តឹង មិនបានចេញទៅធ្វើការនោះទេ ដោយនៅក្នុងបន្ទប់ តែម្នាក់ឯង ។ លុះមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃកើតហេតុ ខាងលើ ខ្លួនបានចេញពីធ្វើការត្រឡប់មកបន្ទប់ ជួលវិញ ខណៈពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារ និងស្រែកហៅគូរដណ្តឹងខ្លាំងខ្លាំង មិនឃើញនារីរងគ្រោះបើកទ្វារឱ្យសោះ ក៏សម្រេចចិត្តធាក់ទ្វារចូលទៅ ស្រាប់តែឃើញនារីជាគូដណ្ដឹង បានយកអាវចងលើស្នួរដែកដាក់សម្លៀកបំពាក់ ស្លាប់បាត់ទៅហើយ ទើបខ្លួនបានស្រែកឱ្យអ្នករស់នៅបន្ទប់ជិតខាង ជួយនិង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកើតហេតុ ។

ក្រោយពីទទួលបានព័ត៍មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣បានចុះមកដល់ ធ្វើ ការពិនិត្យនិងយកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែក កោសល្យវិច័យ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យសពនារីរងគ្រោះ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច បានបញ្ជាក់ថា នារីរងគ្រោះ ពិតជាបានបញ្ចប់ជីវិត ខ្លួនឯងប្រាកដមែន រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *