ហួសចិត្ត ប្រពន្ធដើម ខំខ្ចីលុយគេទិញម៉ូតូអោយប្តីរត់ឌុប ដល់ដឹកម៉ូយយូរយូរ ចាប់ផ្តើមបែកគំនិតពីម៉ូយក្លាយជាប្រពន្ធចុង រហូតដល់ចុងក្រោយ ដឹកប្រពន្ធចុង មកវាយប្រពន្ធដើម បង្ខំឲ្យផ្តិតមេដៃលែងប្តី ជាបន្ទាន់ ព្រោះខ្លួនប្រញាប់រៀបការ
ស្ត្រីជាប្រពន្ធចុងម្នាក់ បានបង្ខិតបង្ខំឱ្យស្ត្រីជាប្រពន្ធដើម ផ្តិតមេដៃលែងលះប្តី ឱ្យដាច់ស្រេច លុះស្ត្រីជាប្រពន្ធដើមមិនព្រមធ្វើ តាមសំណើខ្លួន ក៏ផ្ទុះកំហឹងស្ទុះទៅវ៉ៃទាំងកំរោល បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធដើមរងរបួស ស្នាមពេញផ្ទៃមុខ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងនៅចំណុចភូមិចោមចៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះជាប្រពន្ធដើម ដែលត្រូវប្រពន្ធ ចុងវ៉ៃបង្ខំឱ្យផ្តិតមេដៃលែងប្តី មានឈ្មោះងឹម សុខគា អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និង មានស្រុកកំណើតនៅភូមិលាងស្រាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកបុរស ជាប្តីជើងល្អ មានឈ្មោះម៉ង់ គា អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប និងមានស្រុកកំណើតនៅ ខេត្តកំពត។ ដោយឡែកស្ត្រីបង្កហេតុ ជាប្រពន្ធ ចុង មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មការិនីរោងចក្រកាត់ដេរ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធដើម បាន រៀបរាប់ប្រាប់ថា នាងត្រូវបានឪពុកម្តាយរៀប ចំផ្សំផ្គុំឱ្យរៀបការជាមួយប្តីឈ្មោះម៉ង់ គា តាំង ពីឆ្នាំ២០០៨មកម៉្លេះ និងបានរួមរស់បង្កើតបាន កូនប្រុសម្នាក់ ជាចំណងដៃ ដោយសព្វថ្ងៃ កូនមានអាយុ៩ឆ្នាំទៅហើយ។ ក្រោយមកដោយសារតែចង់ឱ្យជីវភាពគ្រួសារធូរស្រាល ទើបប្តី ប្រពន្ធនាងបាននាំគ្នាមកភ្នំពេញ ដើម្បីរកការងារធ្វើ ដោយនាងចូលធ្វើជាកម្មការិនីរោងចក្រ ចំណែកប្តីធ្វើជាកម្មករសំណង់ លុះពេលឃើញ ប្តីធ្វើការសំណង់ប្រើកម្លាំងហត់នឿយខ្លាំងពេក ទើបនាងប្រឹងចាយវាយក្បិតក្បៀត សន្សំប្រាក់ ពីការងាររោងចក្រផង ខ្ចីបុលគេបន្ថែមផង យកលុយទៅទិញម៉ូតូមួយឱ្យប្តីគ្រាន់ចេញរត់ឌុបវិញ ដើម្បីសម្រាលកម្លាំងប្តីផង និងគ្រាន់បាន ជួយរកចំណូលចិញ្ចឹមផ្គត់ផ្គង់គ្រួសារផង។
ស្ត្រីរងគ្រោះបន្តថា ដំបូងឡើយ ប្តីប្រពន្ធ នាងស្រលាញ់គ្នាល្អូនល្អិនខ្លាំងណាស់ ទោះក្រីក្រ រស់ក្នុងផ្ទះជួល ជួនស៊ីអត់ស៊ីឃ្លាន ក៏នៅតែមាន ចិត្តស្មោះស្ម័គ្រប្រគល់ឱ្យគ្នាទៅវិញទៅមក។ លុះប្តីបានម៉ូតូថ្មី ចេញរត់ឌុបយូរយូរ ស្រាប់តែជាប់ ចិត្តម៉ូយពិសេស រហូតដល់លួចលាក់បង្កាត់ភ្លើង ស្នេហ៍ជាមួយគ្នា ដើរចោលផ្ទះបាត់បាត់សម្ងំសោយ សុខជាមួយស្រីថ្មី ទីបំផុតក៏អស់ចិត្តអស់ចិត្ត ពីនាងជាប្រពន្ធដើម លែងគិតគូរជួយផ្តល់ប្រាក់ ទំនុកបម្រុងគ្រួសារ ប្រាក់រកបានយកទៅប្រគល់ ឱ្យស្រីជាប្រពន្ធចុងនោះអស់អស់ទៅវិញ មិនខ្វល់ថានាង ត្រូវប្រឹងធ្វើការតែម្នាក់ឯង រកប្រាក់ចិញ្ចឹមកូនផង សងបុលគេ ដែលខ្ចីយកមកទិញម៉ូតូឱ្យប្តីផង អ្វីនោះទេ។
ស្ត្រីរិងគ្រោះបានឱ្យដឹងទៀតថា ជាច្រើន ខែមកហើយ ដែលគ្រួសារនាងជួបតែរឿងរកាំរកូសមិនស្វាង បន្ទាប់ពីនារីជាម៉ូយម៉ូតូឌុបឆក់ យកបេះដូងប្តីរបស់នាងបាត់ ហើយនៅពេល ដែលប្តីនេះចូលដល់ផ្ទះម្តងម្តងតែងរករឿងឈ្លោះ ប្រកែកជាមួយនាងជាប់ជាប្រចាំ លែងស្គាល់អ្វី ហៅថា សេចក្តីសុខ និងសុភមង្គលទៀតហើយ។
ស្ត្រីរងគ្រោះជាប្រពន្ធដើម បានបញ្ជាក់ថា លុះមកដល់យប់ថ្ងៃកើតហេតុ នាងជាប្រពន្ធចុង បានទូរស័ព្ទមកគំរាមឱ្យនាង ផ្តិតមេដៃលែងលះប្តី តែត្រូវនាងជាប្រពន្ធដើមបបដិសេធ មិនព្រមធ្វើតាមដោយងាយស្រួលឡើយ ព្រោះប្តី នាងការអស់ទាំងលុយ មានទាំងកូននឹងគ្នាទៀត រឿងអីប្រគល់ឱ្យនាងប្រពន្ធចុងស្រួលស្រួលនោះ។
ស្រាប់តែពេលនាងកំពុងដើរចេញពីផ្ទះជួលសំដៅទៅរោងចក្រ ស្រាប់តែលេចមុខប្តី ជើងល្អជិះម៉ូតូឌុបប្រពន្ធចុងតាមនាងពីក្រោយ ដើម្បីបញ្ឈឺចិត្តនាងផង និងបានស្រែកប្រាប់នាងថា ចាំទៅស្រុក និយាយគ្នារឿងផ្តិតមេដៃ លែងលះឱ្យដាច់ស្រេច ពេលនោះនាងក៏ឆ្លើយ តបវិញថា គ្មានពេលទំនេរទេ ជាប់រវល់ការងារណាស់ ចាំដល់យូរបន្តិចទៅ ស្រាប់តែធ្វើឱ្យនាង ប្រពន្ធចុង ដែលអង្គុយពីក្រោយផ្ទុះកំហឹង ស្រែកជេរប្រមាថ គំរាមនាងសព្វបែបយ៉ាង ដោយនិយាយថា បើមិនព្រមផ្តិតមេដៃ លែងប្តីទេ ប្រយ័ត្នបែកមាត់ ទើបធ្វើឱ្យនាងខឹង ក៏តបតរ ទៅប្រពន្ធចុងនោះវិញ បង្កើតបានជាជម្លោះ តឹងសរសៃកដាក់គ្នា រហូតដល់នាងប្រពន្ធចុង ស្ទុះចុះមកវាយនាងទាំងកំរោល បណ្តាលឱ្យរងរបួសស្នាមពេញផ្ទៃមុខ ហើយក៏នាំគ្នារត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធដើម កើតទុក្ខមិនសុខចិត្ត ក៏រត់ទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យជួយស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ជាប្រពន្ធចុង ដែលបង្កហិង្សាដាក់នាង នាំយកមកដោះស្រាយគ្នា និងចាត់ការតាមច្បាប់ ព្រោះនាងនិងប្តីមិនទាន់បានលែងលះគ្នាដាច់ស្រេចនៅឡើយ ហេតុអ្វីនាងប្រពន្ធចុងដណ្តើមប្តីនាងហើយ មិនអស់ចិត្តនៅមកវាយដំនាងតាមអំពើចិត្តបែបនេះទៀត៕