បាយជាមួយម្តងតម្លៃ ៣ពាន់ដុល្លារ កញ្ញារ៉ូស ប្រាប់ថាតម្លៃខ្លួន គឺស្មើរនឹងតារាចម្រៀងរ៉េប វណ្ណដា ព្រោះតែខ្លួនអាចច្រៀងបានរហូតដល់ ៥ភាសា
ក្រោយពីផ្ទុះរឿង បាយមួយពេលមានតម្លៃខ្លួនរហូតដល់ ៣០០០ដុល្លារ ហើយត្រូវមហាជនរិះគន់ពេញបណ្តាញសង្គម ពេលនេះស្រាប់តែ រ៉ូស និយាយថាខ្លួននាងមានក្រេដីតស្មើនឹងតារាចម្រៀងរ៉េបលំដាប់ប្រទេស វណ្ណដា ដោយសារតែនាងអាចច្រៀងបាន រហូតទៅដល់ ៥ភាសាឯណោះ។ គ្រាន់តែឃើញឃ្លានេះហើយ ធ្វើអោយហ្វេនហ្វេន លើកឡើងថា រ៉ូស ល្មមភ្ញាក់ខ្លួនហើយ។
នៅល្ងាចថ្ងៃទី១២ កុម្ភះនេះកញ្ញា រ៉ូស ដែលកំពុងល្បី ជុំវិញរឿងបាយមួយពេលតម្លៃខ្លួន រហូតដល់៣០០០ដុល្លារ បានបង្ហោះសំណេរមួយ នៅលើបណ្តាញសង្គមថា បើគិត គិតទៅក្រេដីតនាង ស្មើ វណ្ណដា ដែរ ព្រោះនាងអាចច្រៀងបទបរទេសបាន រហូតដល់ ៥ភាសា ខ្មែរ ចិន ថៃ អង់គ្លេស វៀតណាម ប៉ុន្តែរឿងបងប្អូនស្ដាប់បានមិនបានគឺមិនដឹងទេ។ ពាក្យសម្តីនេះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមសឹងតែមិនគួរឱ្យជឿថា រ៉ូស អាចនឹករកឃ្លានេះ និយាយចេញមកកើត។
អ្នកប្រើហ្វេកប៊ុក បានចូលទៅបញ្ចេញមតិជាហូរហែ លើការបង្ហោះរបស់ រ៉ូស ថា វណ្ណដា ច្រៀងតែពីរភាសាទេ សល់លុយរាប់លាន ដោយចោទសួរទៅ រ៉ូស វិញច្រៀងបាន ៥ភាសាហើយសល់ប៉ុន្មាន។ អ្នកខ្លះបានបញ្ចេញមតិថា ច្រៀង ៥ភាសា តែពិបាកស្តាប់។ ចំណែកមតិផ្សេងទៀតបានលើកឡើងថា ល្មមភ្ញាក់ខ្លួនហើយ រ៉ូស ព្រមជាមួយនឹងការបញ្ចេញយោបល់ជាច្រើនទៀត។
មុននឹងឈានដល់ការបង្ហោះលើកតម្កើងក្រេដីតខ្លួនឯងស្មើនឹងតារាចម្រៀងរ៉េប វណ្ណដា កញ្ញារ៉ូស កំពុងមានរឿងមិនល្អ ព្រោះតែបង្ហោះពីតម្លៃខ្លួនបាយមួយពេលត្រូវចាយ ៣០០០ដុល្លារដោយសារជាតារាល្បីក្រោយពីមានថៅកែចិនទាក់ទងមកសួរតម្លៃខ្លួន។
ទោះយ៉ាងណា បន្ទាប់ពីរងនូវសម្តីរិះគន់រួមទាំងប្រធានសមាគមសិល្បករខ្មែរចេញមុខប្រតិកម្មផង រ៉ូស បានចេញវីដេអូបកស្រាយថ្មីដោយនិយាយថា ថៅកែចិនទាក់ទងមកនាងដើម្បីថតផ្សាយពាណិជ្ជកម្ម ដោយនាងដាក់តម្លៃខ្លួន ទៅមិនក្រោម ៣០០០ដុល្លារនោះទេ សម្រាប់ការផ្សាយ តែនាងបានបដិសេធវិញ ដោយសារផលិតផលនោះ ជាល្បែងអនឡាញ។
ក្រោយពីរងមតិរិះគន់យកពាក្យសិល្បៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ក្នុងរឿងមិនគប្បី រ៉ូស ក៏បានបង្ហោះអត្តសញ្ញាណប័ណ្ណ សមាគមសិល្បករខ្មែរ ជំនាញជាតារាចម្រៀង ដោយមានបំណងលែងចង់ដើរលើវិថីសិល្បៈ ព្រោះមានតែអ្នកជាន់ពន្លិច សុំត្រឹមមានឈ្មោះជាអ្នករកស៊ីអនឡាញ ឬជាស្រ្តីជំនួញវិញ។
ការយកពាក្យជាអ្នកសិល្បៈ ដើម្បីទៅធ្វើរឿងមិនគួរគប្បី សមាគមសិល្បករខ្មែរ បានចេញសេចក្តីថ្លែងការណ៍មិនគាំទ្រ និងបដិសេធជាដាច់ខាត ចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករ៕