រៀបការហើយក្រពេក ប្តីគិតតែពីនាំប្រពន្ធរើសអេតចាយ រកព្រឹកខ្វះល្ងាច ប្រពន្ធទ្រាំលែងបាន លុតជង្គង់អង្វរប្តី សុំទៅយកប្តីថ្មី ដើម្បីជីវភាពធូរធារ ទុកអោយប្តីចាស់ នៅរើសអេតចាយជាមួយកូន យ៉ាងលំបាកវេទនា

ប្តីប្រពន្ធមួយគូនេះរស់នៅក្នុងជីវភាពក្រតោកយ៉ាកយ៉ាងខ្លាំងណាស់ ចំណែកឯកូនក៏ច្រើនទៀត រហូតដល់ទៅ៥នាក់ឯណោះ លុះទ្រាំនឹងជីវភាពក្រហៅលែងលឺបែបនេះតទៅទៀត លែងបាន ស្រាប់តែស្ត្រីជាប្រពន្ធបែកគំនិតលុតជង្គង់សំពះប្តី អង្វរសុំចាកចេញពីផ្ទះ ដើម្បីទៅរកប្តីថ្មី ក្រែងមានជីវភាពល្អប្រសើរជាងនេះ ធ្វើឱ្យបុរសជាប្តីឈឺចាប់ស្ទើរក្អួតឈាមដូចអុកសារ៉េត រកអ្វីមកនិយាយលែងចេញ មានតែយល់ព្រមបើកផ្លូវឱ្យប្រពន្ធចេញទៅរកអនាគតថ្មីចុះ ចំណែកឯខ្លួនសុខចិត្ត រ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទាំងគ្រាំចិត្ត។

បុរសអភ័ព្វស្នេហ៍ដែលត្រូវប្រពន្ធលុតជង្គង់សុំចាកចេញទៅរកប្តីថ្មីនេះ មានឈ្មោះវុធ ម៉ៅ អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នបានសុំដីគេសង់កូនខ្ទម ស្នាក់នៅជាមួយកូន ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ចំណែកស្ត្រីជាប្រពន្ធដែលសំពះសុំប្តីរបស់ខ្លួនដើម្បីទៅយកប្តីថ្មីនេះ មានឈ្មោះសុខ គៀត អាយុ៣៥ឆ្នាំ។

បុរសអភ័ព្វខាងលើ បានរៀបរាប់ទាំងក្តីឈឺចាប់ថា រូបគាត់បានរៀបការជាមួយប្រពន្ធ ឈ្មោះសុខ គៀត អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយនៅស្រុកកំណើត គ្មានមុខរបរត្រឹមត្រូវ ក៏បាននាំប្រពន្ធមកស៊ីឈ្នួលគេនៅក្នុងស្រុកកែវសីមានេះ និងបង្កើតកូនប្រុសបានរហូតដល់ចំនួន ៥នាក់ តែកាលពីប៉ុន្មានខែមុន កូនប្រុសម្នាក់ត្រូវពោះពស់ចឹក បណ្តាលឱ្យស្លាប់បាត់ទៅហើយ ហេតុនេះសព្វថ្ងៃនៅសល់តែកូនប្រុស ៤នាក់ប៉ុណ្ណោះ។

បុរសរូបនេះ បានបន្តថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់រកស៊ីមិនឡើងសោះ រកព្រឹកខ្វះល្ងាច ជួនដាច់បាយក៏មាន រហូតដល់ប្រពន្ធរបស់គាត់ ទ្រាំនឹងជីវភាពក្រលំបាកបែបនេះលែងបាន ក៏ស្រាប់តែរៀបចំវេចបង្វេច រួចមកលុតជង្គង់សំពះសុំចាកចេញពីជីវិតរបស់គាត់ជាប្តី និងកូនតូចតូចទាំង៤ ដោយគ្មានស្តាយស្រណោះបន្តិចសោះឡើយ និងបានប្រាប់គាត់ជាប្តីដោយត្រង់ថា នាងសុំទៅយកប្តីថ្មីហើយ ក្រែងមានជីវភាពធូរធារជាងនេះ។

ចំណែកគាត់គ្រាន់តែស្តាប់លឺសម្តីប្រពន្ធបែបនេះភ្លាម ស្ទើរគាំងបេះដូងស្លាប់មួយរំពេច និងមិនដឹងជារកពាក្យអ្វីមកហាមឃាត់ប្រពន្ធបានឡើយ មានតែបណ្តោយតាមចិត្តរបស់នាង បើកផ្លូវឱ្យ​ទៅរកមនុស្សប្រុសថ្មីចុះ ក្រែងប្រសើរខ្ពង់ខ្ពស់ជាងគាត់។

បុរសអភ័ព្វរូបនេះ បានបន្ថែមទៀតថា រាល់ថ្ងៃ ពេលព្រឹកគាត់តែងទុកកូនតូចតូច២នាក់ ឱ្យកូនច្បងមើលនៅផ្ទះ ឯគាត់ចេញទៅរើសអេតចាយមួយព្រឹក រកលុយបានជាង ១ម៉ឺនរៀលដែរ។ លុះពេលរសៀល គាត់នៅមើលកូនតូចវិញម្តង ដោយឱ្យកូនច្បងដែលមានអាយុ១២ឆ្នាំ និងកូនបន្ទាប់អាយុ៨ឆ្នាំ ដើរទៅរើសអេតចាយម្តង ផ្សែផ្សំគ្នាគ្រាន់បានលុយកាក់ទិញចំណីអាហារអង្ករអំបិលហូប។

ទោះយ៉ាងណា ដោយសារជីវភាពគ្រួសារគាត់មិនអាចផ្គត់ផ្គង់ចិញ្ចឹមកូនបានគ្រប់គ្រាន់ បើមានអង្គការណាទទួលយកកូនរបស់គាត់ទៅចិញ្ចឹម គាត់ក៏ព្រមប្រគល់ទៅឱ្យដែរ ព្រោះចង់ឱ្យកូនបានរស់នៅខ្ពង់ខ្ពស់ មានចំណេះដឹង មិនចង់ឃើញកូនកូនរស់នៅលំបាកវេទនា ដើរតែរើសអេតចាយឱ្យ តត្រុកជាមួយគាត់បែបនេះឡើយ។

នេះហើយជាមេរៀនជីវិតមួយសម្រាប់ បុរសក៏ដូចជាស្ត្រីដទៃ ដែលចង់បង្កើតគ្រួសារមួយ ត្រូវគិតត្រិះរិះជាមុន ថាតើយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតកូនបានដែលរឺទេ ពីព្រោះកូនយើងអាចគិតទុកមុនបាន ក្នុងស្ថានភាពគ្រួសារកំពុងតែជួបទុក្ខលំបាកហើយ មិនសមគួរបង្កើតគ្នាមកថែមជាបន្ទុកឡើយ ណាមួយក៏ត្រូវគិតពិចារណាថា បើយើងជាឪពុកម្តាយក្រលំបាកហើយ មិនគួរយកកូនមកអោយក្រលំបាកវេទនា ជាមួយយើងទេ តែក្នុងលក្ខ័ន យើងមានជីវភាពល្អប្រសើរគ្រប់គ្រាន់ហើយ វាមិនជាបញ្ហាចោទឡើយ

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកនួន សារ៉ន អភិបាលស្រុកកែវសីមា បានចាត់ឱ្យមន្ត្រីចុះត្រួតពិនិត្យភ្លាមភ្លាមផងដែរ និងបានបញ្ជាក់ថា ក្រុមគ្រួសារខាងលើ គឺជាពលរដ្ឋចំណូលថ្មី។ ក្រោយពិនិត្យរួច អាជ្ញាធរមូលដ្ឋានក៏បានផ្តល់អំណោយរបស់សាខាកាកបាទក្រហម ជួយជ្រោមជ្រែងមួយផ្នែកផងដែរ។

ជាមួយនេះ លោកម៉ី អាន ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ក៏បានជួយឧបត្ថម្ភជាថវិកា និងអង្ករមួយចំនួន ជូនគ្រួសារខាងលើ ដើម្បីសម្រាលទុក្ខលំបាកទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *