ខ្លាំងមែន តុលាការ ចេញដីការឲ្យចាប់ខ្លួនអ្នកនាងចោម ខ្វាន់ ត្រូវជាបងស្រីអ្នកនាងដេននីខ្វាន់ ពីបទរំលោភលើទំនុកចិត្ត លក់មាសពេជ្រក្លែងក្លាយ តែមកដល់ពេលនេះ សមត្ថកិច្ចចាប់មិនបាន ដោយសារមិនដឹងជនត្រូវចោទនេះ រត់ទៅដល់ទីណាទេ

លោក ហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកចាប់ និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់។ ចៅក្រមបានចេញដីការឱ្យចាប់ខ្លួនបែបនេះ បន្ទាប់ពីរកឃើញថា ជនត្រូវចោទ ចោម ខ្វាន់ បានរំលោភលើទំនុកចិត្តអ្នកដទៃ ប្រព្រឹត្តនៅចំណុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅ បច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

នេះបើតាមដីការបញ្ជារឱ្យចាប់ខ្លួន ដែលចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបផ្សព្វផ្សាយនៅខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងដីការដដែល ចៅក្រម ក៏បញ្ជារដល់កំលាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ ដែលមានអត្តសញ្ញាណដូចខាងលើ យក មកប្រគល់ឱ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

តាមដីការ ២ទំព័រ ប្រសិនបើដោយមូលហេតុកាលៈទេសៈពេលចាប់ខ្លួនបាន មិនអាចបញ្ជូនមកចៅក្រមស៊ើបសួរបាន ភ្លាមភ្លាមទេ ត្រូវនាំបុគ្គលនោះទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួនជាបណ្តោះអាសន្ន ហើយថ្ងៃបន្ទាប់ត្រូវនាំយកមក ឱ្យបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។ ចៅក្រម ក៏បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ឱ្យទទួល និងឃុំខ្លួនបុគ្គលចោម ខ្វាន់។

ប៉ុន្តែ ដីការដដែលក៏បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ចោម ខ្វាន់ ភេទ ស្រី កើតថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧៣៥៣០០ មិនដឹងជាស្ថិតនៅទីកន្លែងណាឡើយ

សូមរំលឹកថា នៅអំឡុងឆ្នាំ២០២២រឿងរ៉ាវរបស់អ្នកមានមុខមាត់លើបណ្តាញសង្គម ឬហៅថាតារាហ្វេសប៊ុក នាង ចោម ខ្វាន់ ថៅកែហាងគ្រឿងមាសពេជ្រ ​ចំរើន សុវត្ថិភាព​ រកសុីបោកប្រាស់ទំនុកចិត្តអតិថិជន ប្រមូលយកលុយរាប់ម៉ឺនដុល្លារ ក្រោមរូបភាពអូសទាញឲ្យចូលធ្វើជាតំណាងចែកចាយ វេលុយឲ្យមុន ទើបប្រគល់របស់ឲ្យជាក្រោយ តែធាតុពិតប្រគល់ឲ្យ ​ខ្យល់​ ​ខណៈជនរងគ្រោះជាច្រើននាក់ បានបន្តមកធ្វើការទាមទារដល់មុខហាងនាង ចោម ខ្វាន់ ដែលទើបលួចជួលគេឲ្យរុះរើទាំងកណ្តាលយប់ កាលពីពេលថ្មីថ្មីនេះ។

តែអ្វីគួរឲ្យភ្ញាក់ផ្អើលទៀតនោះ នាង ចោម ខ្វាន់ មិនត្រឹមតែរកសុីបោកប្រាស់គ្រឿងមាសប៉ុណ្ណោះទេ គឺថែមទាំងបោកប្រាស់លើផលិតផលជាច្រើនទៀតផងដែរ ខណៈជនរងគ្រោះបានអះអាងថា ផលិតផលដែលពួកគាត់កាត់ស្តុកពីនាង ចោម ខ្វាន់ តម្លៃរាប់ពាន់ ម៉ឺនដុល្លារ គឺជារបស់ខូចគុណភាពទាំងអស់ ក្នុងនោះសូម្បីតែកាហ្វេគ្មានថ្ងៃកាលបរិច្ឆាទត្រឹមត្រូវនោះទេ។

ទាក់ទងរឿងនេះ បុរសម្នាក់ជាបុគ្គលិករបស់នាង ចោម ខ្វាន់ បែរជាបានស្តីបន្ទោសទៅលើជនរងគ្រោះថា មូលហេតុដែលថៅកែខ្លួន លួចរុះរើហាងទាំងយប់ គឺដោយសារតែអតិថិជន បាននាំគ្នាមកកូរអុកឡុក ឲ្យអ្នកកាសែតឡាយកាន់តែច្រើនឡើង ដោយមិនទុកឲ្យក្រុមហ៊ុនដោះស្រាយតាមដំណាក់កាលៗនោះទេ។

តែទោះយ៉ាងណា តាមការលើកឡើងរបស់បុរសជាបុគ្គលិករូបនោះ បានធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះបើតាមជនរងគ្រោះបានទម្លាយចេញឲ្យដឹងថា នាង ចោម ខ្វាន់ បន្ទាប់ពីទទួលលុយពីពួកគាត់វេរឲ្យរួច គឺមិនផ្តល់របស់ឲ្យនោះទេ ដោយសន្យា ​ខ្យល់​ រហូតមកទល់ពេលនេះ ទើបពួកគាត់មិនអាចនៅសម្ងំស្ងៀមទៀតឡើយ ព្រោះពួកគាត់ត្រូវការលុយ ដើម្បីបង់ធនាគារ ដែលមិនអាចអនុគ្រោះឲ្យសូម្បីតែមួយថ្ងៃ។

គួរបញ្ជាក់ថា នៅពេលនេះ នាង ចោម ខ្វាន់ ត្រូវបានដឹងថា បានកំពុងរត់គេចខ្លួនសម្ងំនៅក្រៅប្រទេស។ តែទោះជាយ៉ាងណា យើងនឹងរង់ចាំមើលថាតើ នាង ចោម ខ្វាន់ អាចគេចរួចពីសំណាញ់ច្បាប់ដល់ពេលណា បើមិនដោះស្រាយជូនជនរងគ្រោះ​ ហើយគេក៏សង្ឃឹមថា បើសមត្ថកិច្ចពាក់ព័ន្ធមានវិធានការជួយអន្តរាគមន៍ទៅដល់ជនរងគ្រោះ គឺដឹងតែគុគហើយ​

Leave a Reply

Your email address will not be published. Required fields are marked *

You missed