មួយរយៈ​នេះតារាកំប្លែង និងសម្ដែងលោក ម៉ា ដូណា តែងតែត្អូញត្អែរជុំវិញរឿងអ្នកជំពាក់បំណុលរបស់ខ្លួនតែមិនព្រមសង ដោយលោកថែមទាំងប្រកាសត្រៀមចាត់ការដោះស្រាយទៅតាមផ្លូវច្បាប់ថែមទៀតផង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលស្រាប់តែមុននេះ​ លោក ម៉ា ដូណា បានទម្លាយរឿងដ៏ព្រឺសម្បុរមួយ និងបញ្ជាក់ថា បើជឿកុំប្រមាថ ដោយលោកត្រូវបាន កូនបំណុលគេចវេស មិនសងហើយ នៅធ្វើអំពើងងឹតដាក់ខ្លួនថែមទៀត។

នៅរសៀលថ្ងៃទី ១ ដើមខែកុម្ភះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនម៉ាដូណា ​រូបនេះបានបង្ហោះសំណេររៀបរាប់យ៉ាងហួសចិត្តថា ពេលខ្លះថាមិនជឿ តែយល់សប់ ដូចប្រាប់អោយដឹងមកសៀមរាបភ្លាមភ្លាម អ្នកធ្វើអាគមន៍ខ្មៅ ត្រៀមទទួលវិញទៅ មិនសងលុយហើយ នៅធ្វើអាគមន៍បាបទៀត ពួកនរកអាវជ័យ​នេះ។

ដោយឡែកនៅម៉ោងប្រមាណជា ៥ល្ងាចថ្ងៃទី ១ ដរដែលលោក ម៉ា ដូណា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលលោកបានទៅគោរពនៅកន្លែងស័ក្កិសិទ្ធចំនួន ៤ កន្លែងផ្សេងផ្សេងគ្នាក្នុងគោលបំណង បួងសួងសុំសេចក្ដីសុខ និងការពារខ្លួនពីរបស់ងងឹត ដែលមើលមិនឃើញ ក្នុងនោះលោកបានភ្ជាប់ជាមួយសំណេរថា​ បញ្ចប់កិច្ចរួចរាល់ហើយ ប្រលែងឥន្រ្ទីយ៍នាំសារ១ បណ្តឹងផ្លូវភ្លឺ ៤កន្លែង បារមីលោកតារាជ​ បារមីព្រះពុទ្ធព្រះអង្គងោក​ បារមីលោកយាយទេព និងបារមីព្រះអង្គចេកព្រះអង្គចម។

យ៉ាងណាមិញបើទោះបីជាមានការទម្លាយរឿង ដ៏ភ្ញាក់ផ្អើលបែបនេះសាធារណៈក្ដីប៉ុន្តែលោក ម៉ា ដូណា មិនបានបញ្ជាក់ថា ជាកូនបំណុលរូបណានោះទេ ហើយលោកក៏មិនបានបញ្ជាក់ថា ជាមន្តអាគមខ្មៅប្រភេទអ្វីនោះដែរ។

ខណៈគេនៅចាំថាកាលពីអំឡុងពាក់កណ្ដាលខែ មករា ឆ្នាំ ២០២៤ លោក ម៉ា ដូណា បានព្រមានទៅលើកូនបំណុលជាច្រើននាក់ ដែលសុទ្ធសឹងតែជាតារាល្បីមានមុខមាត់នៅក្នុងសង្គម រាល់ថ្ងៃសំញែងគ្រឿងពេជ្រពេញខ្លួន ជិះសុទ្ធតែឡានទំនើប តែមិនព្រមសងបំណុល រួមទាំងតារាកំប្លែងស្រីមួយរូបទៀតគឺនាងខ្ញុង ដែលជំពាក់លោកប្រមាណជាង ៥ម៉ឺនដុល្លារគេចវេសមិនសងរហូតមកដល់បច្ចុប្បន្ន។

រីឯអ្នកលេងបណ្ដាញសង្គមវិញក្រោយឃើញការបង្ហោះរបស់ ម៉ា ដូណា ពួកគេបានសម្ដែងការភ្ញាក់ផ្អើល និងស្ទើរតែមិនជឿគ្រប់គ្រប់គ្នា ខណៈអ្នកមួយចំនួនទៀតព្យាយាមសួរជីក ឬសគល់ចង់ដឹងថា តើជាកូនបំណុលរូបណា​ ហើយពួកគេក៏បានជូនពរ និងបង្ហាញការព្រួយបារម្ភចំពោះតារា​រូបនេះផងដែរ៕

សូមរំលឹកថា នៅថ្ងៃទី២៣ ខែមករា តារាកំប្លែងអ្នកនាង ខ្ញុង បានដួលសន្លប់នៅក្នុងការឡាយផ្ទាល់ពេលលក់ផលិតផលអោយអ្នកនាង ឡើបរីយ៉ា ពេលនោះស្រាប់តែ ម៉ាដូណា បង្ហាញអារម្មណ៍ក្ដៅក្រហាយ ចិត្តជាខ្លាំង។

លោក​មិនជឿថា នាងខ្ញុងមានបញ្ហាសុខភាពពិតប្រាកដនោះទេ ដោយលោកយល់ថានេះគឺគ្រាន់តែការសម្ដែង ធ្វើជាសន្លប់ពេលដឹងថាគេទារលុយជំពាក់ប៉ុណ្ណោះ ព្រោះតែវាមិនមែនជាលើកទីមួយទេ​ ដែលប្តីប្រពន្ធតារាកំប្លែងពីរនាក់នេះ ធ្វើដាក់លោក។

​លោក ម៉ាដូណា ថែមទាំង​ផ្ដាំចំចំ ទៅកាន់រាជនីអ្នកនាង ឡើបរីយ៉ា អោយប្រយ័ត្នប្រយែងចំពោះ ២នាក់ប្ដីប្រពន្ធតារាកំប្លែងនេះផងដែរ ​លោកម៉ាដូណា ដែលគេស្គាល់ថា ជាអ្នករួមអាជីព ហើយក៏ធ្លាប់ជា មនុស្សជិតស្និតនឹងនាងខ្ញុង​ បានប្រែក្លាយជាសត្រូវមើលមុខគ្នាលែងចំ បន្ទាប់ពីមានភាពចម្រូងចម្រាស់ កើតឡើងជុំវិញការគេចវេសមិនព្រមសងបំណុលពីសំណាក់អ្នកនាង ខ្ញុង ។

Leave a Reply

Your email address will not be published. Required fields are marked *