មកដឹងមូលហេតុ ទូកងរទាំងពីរប៉ះគ្នា ហើយទូកពណ៌ក្រហមនៅតែទទួលបានជ័យជំនះ គឺអាចមកពីអំឡុងពេលប៉ះគ្នា មានកីឡាករទូកខាងពណ៌ក្រហម ឡើងទៅរាំក្បាលទូក ឲ្យខាងពណ៌លឿងវិញ
នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយមានបងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅក្នុងទីក្រុងភ្នំពេញ និងអ្នកស្រុកស្រែចម្ការ រួមទាំងជនបរទេស ចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង បន្ទាប់ពីពិធីបុណ្យជាតិមួយនេះ បានអាក់ខានការប្រារព្ធអស់រយៈពេលប៉ុន្មានឆ្នាំ ដោយសារស្ថានភាពទឹកទន្លេមិនអំណោយផល និងក៏ដូចជាជំងឺកូវីដផងដែរ។
ដោយឡែក ងាកមកចាប់អារម្មណ៍សកម្មភាពប្រណាំងទូកវិញ ក៏ឃើញថាបានធ្វើឡើងយ៉ាងសប្បាយ ដោយកីឡាករទូកនីមួយនិមួយ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ទោះពុំទទួលបានជ័យជំនះក៏ដោយ។ តែអ្វីចាប់អារម្មណ៍ខ្លាំងនោះ គឺវីដេអូមួយបានកំពុងត្រូវបានចែករំលែក ជាមួយម៉ាតិៈពីមហាជនកោតសរសើរឡើងព្រោងព្រាត បន្ទាប់ពីបានឃើញទូកងរ១គ្រឿង ដែលត្រូវបានបុកដោយទូក១គ្រឿងទៀតរ ប៉ុន្តែនៅតែខំប្រឹងលើកចង្វារអុំរហូតឈ្នះដាច់វិញ ។
ជាក់ស្ដែង តាមរយៈវីដេអូបានបង្ហាញទូកឯកសណ្ឋានពណ៌ក្រហម ដែលត្រូវបានដឹងថាមានឈ្មោះ រតនៈកុមារតេជាសែនជ័យ មកពីវត្តកែវកុមារនេត្រ ស្រុកល្វាឯម ខេត្តកណ្តាល មិនដឹងជាមានមូលហេតុខុសបច្ចេកទេសអ្វីទេ ស្រាប់តែរ៉េចង្កូតទៅពាំងពីមុខ ដែលជាហេតុធ្វើឲ្យទូកឯកសណ្ឋានពណ៌លឿង ដែលមានឈ្មោះថា ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម បុកពាក់កណ្តាលទូកយ៉ាងពេញទំហឹង ហើយខណៈពេលនោះ ទូកងរពាក់ឯកសណ្ឋានពណ៌លឿង ពុំបង្អង់ចាំទេ ដោយបានបន្តបោះពួយទៅមុនរហូតវាដាច់ទូកងរពណ៌ក្រហមទៅហើយ។
តែទោះជាយ៉ាងណា ទូកក្រហមពុំបានបាក់ទឹកចិត្ត អស់ក្ដីសង្ឃឹម បោះបង់ការប្រកួតនៅពាក់កណ្តាលទីនោះទេ ដោយបានតស៊ូ ជាកំលាំងរួម អុំដេញតាមពីក្រោយ រហូតវាដាច់ទូកលឿងវិញទទួលជ័យជំនះយ៉ាងអស្ចារ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកទស្សនាតាមបណ្តាញសង្គមជាច្រើន បាននាំគ្នាសរសើរមិនដាច់ពីមាត់ថា ទូកងរពណ៌ក្រហមពិតជាខ្លាំងមែន លឿនដូចដាក់ម៉ាស៊ីន មើលវីដេអូននេះហើយ រំភើបម្លេះទេ មិនសសើរមិនបាន ពិតជាអស្ចារ្យមែន
សុំសរសើរទាំងអ្នកបញ្ជាទូក និងអ្នកអុំ ដែលអាចរក្សាជំហរ និងកែស្ថានការបានលឿនរហូតយកឈ្នះ។ តែទន្ទឹមនឹងនេះ មានការលើកឡើងផ្ទុយទៅវិញថា ទូកងរពណ៌ក្រហម ដែលមានឈ្មោះរតនៈកុមារតេជាសែនជ័យ គឺលេងខូចគេ អុំបំពានចូលខ្សែទឹកខាងទូកពណ៌លឿង ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម ស្រាប់តែមានក៏មានអ្នកចេញមុខពន្យល់ហេតុផលមួយនេះឲ្យដឹងថា កុំចេះតែថាពេក បើមិនដឹងរឿង ទឹកកន្លែង ទូកពួកគាត់អុំជិតគ្នាពេក ទើបទូកខាងអាវក្រហមកាច់ចង្កូត ធ្វើអោយប៉ះគ្នាចឹងទៅ អត់មើលទឹកទន្លេកន្លែងហ្នឹងទេឬ។
ដោយឡែកបើតាមរយៈវិដេអូដែលពលរដ្ឋអ្នកទស្សនាថតបាន ឃើញថាក្នុងអំឡុងពេលប៉ះគ្នានោះ គេឃើញកីឡាករម្នាក់របស់ទូកក្រហមធ្លាក់ទឹក ហើយគាត់បានឡើងទៅលើទូកងរពណ៌លឿង រាំក្បាលទូករហូតធ្វើអោយទូកងរពណ៌ក្រហម រតនៈកុមារតេជាសែនជ័យទទួលជ័័យជំនះតែម្តង
គួរបញ្ជាក់ឲ្យដឹងផងដែរថា ទូកក្រហម ឈ្មោះរតនៈកុមារតេជាសែនជ័យ បានទទួលជ័យជំនះឈរលំដាប់ទី១ រហូតដល់២ថ្ងៃជាប់គ្នា ប៉ុន្តែក្រោយប៉ះគ្នាក៏បានធ្លាក់លេខវិញ