តារាកំប្លែងនាយពាក់មី កំពុងប្រដាល់គ្នាជាមួយពិធីកររីកគី នៅលើសៃវៀនហ្វេសប៊ុកយ៉ាងជក់ចិត្ត ដោយសាររឿងព្រំសំណាង ប្រដាល់ជាមួយដាវលីឌុច អត់ល្អមើល ហើយចុងក្រោយបានត្រឹមស្មើរគ្នា

តារាកំប្លែងនាយ ពាក់ មី បានប៉ះសម្តីគ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ជាមួយពិធីករ គឺលោករីកគី ​ពាក់ព័ន្ធទៅនឹងការប្រកួតរបស់កីឡាករ ព្រំ សំណាង និងកីឡាករ ដាវ លីឌុច ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ក្រោយការប្រកួតត្រូវបានចប់ មហាជន និងអ្នកសិល្បៈនាំគ្នាបញ្ចេញគំនិតផ្សេងផ្សេងគ្នាទាំងវិជ្ជមាន និងអវិជ្ជមាន ក្រោយកីឡាករខ្មែរ គឺលោក ព្រំសំណាង បានត្រឹមស្មើគ្នាជាមួយនឹងកីឡាករ ដាវលីឌុច ។

ជាក់ស្ដែងតារាកំប្លែងនាយ ពាក់មី បានបង្ហោះសារតាមហ្វេសប៊ុកក្រោយការប្រកួតចប់ ដោយលោកបានបញ្ចេញការយល់ឃើញផ្ទាល់ខ្លួនថា ខំរង់ចាំមើល ព្រំ សំណាង វ៉ៃ តែអត់វ៉ៃសោះ ទាត់ជើងគេតិចតិច ហើយគេចរហូត  ឯណាក្បាច់គុនបុរាណខ្មែរ (ម៉េចមិនបញ្ចេញ។

យ៉ាងណាមិញ ក្រោយឃើញការបង្ហោះខាងលើរបស់នាយ ពាក់មីរួចមកនោះ ពិធីករ គឺលោករីកគី ​ក៏បានបង្ហោះសារវាយបកទៅតារាកំប្លែងរូបនេះវិញថា ​លេងតែកំប្លែងទៅ ព្រោះមិនដែលឃើញជួយអីដល់គុនខ្មែរផង

តាមរយៈការលើកឡើងខាងលើនេះភ្លាម នាយ ពាក់មី ក៏បានឆ្លើយតបរិញថា ​លេងកំប្លែង អត់អោយមើលប្រដាល់ទេអី មើលហើយ ឃើញអត់វ៉ៃ ថាអត់វៃ និយាយតាមមើលឃើញតើ ខ្ញុំលេងកំប្លែងមិនកើត មិនល្អ ក៏បងប្អូនរិះគន់ដែរ  ហើយទាល់តែខ្ញុំជួយគុនខ្មែរ ទើបមានសិទ្ធិនិយាយបានមែន។

សូមបញ្ជាក់ថា ក្នុងកម្មវិធីវើក សេនាគុនខ្មែរពិភពលោក នៅយប់ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្ដេចប្រដាល់ ដាវ លីឌុច ​និង ព្រំ សំណាង បានត្រឹមស្មើគ្នា ខណៈព្រំសំណាង ត្រូវម៉ាត់១ដៃ របស់ដាវលើឌុច ដួលអុកគូទ។ កីឡាករទាំងពីរ បែកមុខ ដូចគ្នា។ការប្រកួតនេះ រៀបចំដោយសង្វៀនថោន នៅទីតាំងផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល់ ក្នុងរាជធានីភ្នំពេញ។

ការប្រកួតនេះ ក៏មានតែ ១ទឹកប៉ុណ្ណោះ ដែលមានរយៈពេល ៩នាទី។ ហើយការប្រកួតនេះ បានពន្យារពេល រហូតដល់ម៉ោង ១១យប់។ យូរជាង ៥គូមុន។ ការពន្យារពេលនេះ ត្រូវបានពិធីករប្រកាសថា ដោយសារតែកីឡាករទាំងពីរ បានប្ដូរការពាក់ក្រ័ង មកជាការរុំអំបោះឆៅវិញ ហើយព្រំ សំណាង និងដាវលីឌុច ប្រកួតក្នុងទម្ងន់ ៨១គីឡូក្រាម។ ចំណែកឯស្ដេចប្រដាល់របស់មីយ៉ានម៉ា ដាវលីឌុច ដែលមានសញ្ជាតិដើម កាណាដា គឺជាម្ចាស់ខ្សែក្រវាត់វ័ន ឆាំពៀនស៊ីប ​ខណៈដែល ព្រំ សំណាង ជាម្ចាស់មេដាយមាស ស៊ីហ្គេមឆ្នាំ២០២៣ថ្មីថ្មីនេះ។

Leave a Reply

Your email address will not be published. Required fields are marked *