ចាប់បានហើយ មន្ត្រីយោធាម្នាក់ ដែលអាងអំណាច ដាក់ពូសន្តិសុខយាមទ្វារបុរីមួយពិល រួចទារអោយជនរងគ្រោះសងថ្លៃខូចខាតពិលរបស់ខ្លួនទៀតនោះ ព្រោះតែ មេសន្តិសុខរបស់ជនរងគ្រោះ ត្រូវជាកូនចៅរបស់ខ្លួន
មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានហើយ ក្រោយជនបង្ករូបនេះបានប្រើអំពើមិនគប្បីដាក់សន្តិសុខមួយពិលបណ្តាលឲ្យត្រូវលើផ្ទៃមុខ កាលពីវេលាម៉ោង ១រំលងអាធ្រាត ចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិ ត្រ ពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចាប់ខ្លួនមន្ត្រីយោធារូបនេះ បានធ្វើឡើង ក្រោយដាក់មួយពិលលើសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឲ្យត្រូវមុខ រួចជេរប្រមាថ នគរបាលមូលដ្ឋាន ដែលបានចុះទៅជួយអន្តរាគមន៍ទៀតផង។
មិនតែប៉ុណ្ណោះ ជននេះបានវាយជនរងគ្រោះមួយពិលហើយ ថែមទាំងឲ្យជនរងគ្រោះសងថ្លៃពិលរបស់ខ្លួនទៀត ទាំងស្ថានភាពស្រវឹងត្រេតទ្រោត រួចទូរស័ព្ទហៅខាងនគរបាល ព្រហ្ម ទាន់ អោយមកជួយខ្លួនថែមទៀត។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាញព័ត៍មានយើងទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ ត្រ ពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយឡែកជនរងគ្រោះឈ្មោះ អឹម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិ ត្រ ពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១យប់ ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រ ពាំង ថ្លឹង ជាប់ធានាគារអេប៊ីអេ ស្ថិតនៅភូមិ ត្រ ពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយូតាធុនត្រា ពណ៌សរ ផ្លាកលេខ ភ្នំពេញ២ បេអេហ្វ ១១ ២៧បើកបរដោយជនបង្ករខាងលើនេះ មកដល់ចំណុចច្រកចូលបុរី បានបុក របងបុរី រួចចូលទៅខាងក្នុងបាត់។
បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាម អាយកូម ទៅប្រធានសន្តិសុខ ដែលជាជនរងគ្រោះឈ្មោះ អឹម កួក កំពុងតែជិះម៉ូតូល្បាត នៅក្នុងបុរី បានរយៈពេលជាង ៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជនសង្ស័យខាងលើ ក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។
ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកដាក់ជនរងគ្រោះ រួចចុះពីលើរថយន្តកាន់ពិល ដែក ពណ៌ខ្មៅ ដាក់ជនរងគ្រោះ១ពិល ហើយជនរងគ្រោះក៏រត់ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខត្រូវចុងចិញ្ចើមខាងឆ្វេងថែមទៀត។
ក្រោយពីកើតហេតុជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើនេះបានស្រែកជេរ ដល់សមត្ថកិច្ចថែមទៀតផង។
ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ ចាត់ការបន្ត។
តាមរយៈវីដេអូនេះ ពលរដ្ឋសូមទរទូចឲ្យថ្នាក់ដឹកនាំ និងស្ថាប័នតុលាការ ចាត់ការឲ្យតឹងរឹងបំផុត ខណៈជននេះកំពុងមានអ្នកជួយអន្តរាគមន៍គ្រប់ច្រក ចង់ដោះលែងត្រឡប់ទៅវិញ។