ហួសចិត្ត មេប៉ុស្តិ៍ ដែលហាមឃាត់រោងល្ខោនបាសាក់ទាំងពាក់កណ្តាលទី បានសារភាពថា មូលហេតុដែលខ្លួនហ៊ានហៅកម្លាំងឡើងលើកឆាក បិទវង់ល្ខោននៅក្នុងវត្តអូររលុងនោះ គឺជាការសម្តែងរបស់គាត់ប៉ុណ្ណោះ ឬហៅម្យ៉ាងទៀតថា ប្រេង ពីព្រោះតែឃើញបងប្អូនសិល្បៈសម្តែងបាន រឿងអីគាត់សម្តែងមិនបានទៅវិញ

ក្រុមអ្នកលេងល្ខោនបាសាក់បាន ផ្ទុះប្រតិកម្ម និងហួសចិត្តចំពោះលោកមេប៉ុស្តិ៍វ័យក្មេងម្នាក់ ឈ្មោះ លោក យឹង សំអឿន ហៅ ដួង នៅស្រុកស្នួល ខេត្តក្រចេះ ដែលបានធ្វើរឿងដ៏មិនសមទំនងមួយ គឺចុះទៅបិទវង់ល្ខោនពួកគាត់ដែលកំពុងតែសម្តែងសុខសុខ ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកទស្សនាជាច្រើនរយនាក់ បានសម្តែងការមិនពេញចិត្តឡើយ ​ពីព្រោះតែពួកគាត់​ឃើញទង្វើដ៏ចម្លែករបស់មេប៉ុស្ដីវ័យក្មេងរូបនេះ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មពិធីបុណ្យកៈឋិនទានមួយនៅ វត្តអូររលុង ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។ ខណៈលោកមេប៉ុស្តិ៍រូបនោះ ដែលមើលទៅហាក់ដូចស្ថិតក្នុងស្ថានភាពស្រវឹងស្រា និយាយមិនត្រង់មាត់ កាន់ក្រដាស់មិនត្រង់ដៃ បានឡើងទៅលើកឆាកល្ខោន សួរនាំ ហើយក៏បិទល្ខោនមិនឲ្យសម្តែងបន្តតែម្ដង ដោយ​ចោទ​ប្រកាន់ថា ក្រុមល្ខោននោះមិនមានច្បាប់អនុញ្ញាត ដែល​គណៈកម្មការអាចារ្យវត្ត ឬចៅអធិការវត្ត ដែលជាអ្នកជួលវង់ល្ខោនមកសម្ដែងនោះទេ ។

តាមពិតនគរបាលមូលដ្ឋាន មិនមានសមត្ថកិច្ចក្នុងការចេញច្បាប់អនុញ្ញាតអោយសំដែងល្ខោនបាសាក់ទេ គឺមានតែ សាលាឃុំ សាលាស្រុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទេ ។ ចំណែកឯភារកិច្ចមន្ត្រីនគរបាលមូលដ្ឋាន គឺមានតួនាទីត្រឹមការពារ សន្តិសុខ សុវត្ថិភាពជុំវិញកន្លែងសំដែងតែប៉ុណ្ណោះ ។

ស្ថានភាពមហាជនក្ដៅដូចបាយពុះ មិនទាន់លើក ចុះពីចង្ក្រានផង ស្រាប់តែនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លោក យើង សំអឿន ហៅ ដួង ក៏ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្ដីទីភ្លាមភ្លាមតែម្ដង

Leave a Reply

Your email address will not be published. Required fields are marked *

You missed