គ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប្រញាប់ចេញលិខិតប្រកាសមួយ ក្រោយរកឃើញភស្តុតាងជាច្រើនថា លោកបឺត សំរេច មិនមែនជាកូនប្រុសរបស់លោកស៊ិន ស៊ីសាមុតឡើយ ជាពិសេសក្នុងលិខិតនេះ បានប្រតិកម្មខ្លាំងខ្លាំងទៅកាន់អ្នកជួយជ្រោមជ្រែង និងអ្នកធ្វើជាសាក្សីក្លែងក្លែងអោយលោកបឺត សំរេច

នៅក្នុងលិខិតប្រកាសជំហរនៃក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បន្ទាប់ពីការអះអាងរបស់លោក បឺត សំរេច ថាខ្លួនជាកូនប្រុសឥតខាន់ស្លានៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានជនានុជន ដ៏ច្រើនលើសលុបដែលស្រឡាញ់ការពិត យុត្តិធម៌ បានចេញមកជាបន្តបន្ទាប់  ចូលរួមតាមដាននិងវិភាគហេតុការណ៍ ក្នុងគោលបំណងការពារភាព ស្អាតស្អំ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

តាងនាមក្រុមគ្រួសាររបស់ អធិរាជសំឡេងមាស យើងខ្ញុំសូមប្រកាសជំហរគាំទ្រ និងថ្លែងអំណរគុណដូចខាងក្រោម

ទី១ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក ឈៀង វិបុល អ្នកសិក្សាស្រាវជ្រាវភាសានិងអក្សរសាស្ត្រខ្មែរ ដែលបានចំណាយពេលដ៏មានតម្លៃ និងធនធានផ្ទាល់ខ្លួន ប្រកបដោយ ស្មារតីអព្យាក្រឹត មនសិការ សុចរិត និងឧត្តមគតិដ៏ថ្លៃថ្លា ចូលរួមសិក្សាស្រាវជ្រាវលើប្រធានបទ តើ លោក ធីម ភក្រលីន ហៅ បឺត សំរេច កូនអ្នកណា

ដោយផ្ចង់គំនិត ត្រិះរិះថ្លឹងថ្លែង រាវរកហេតុផល កាតាលីករនៃ ព្រឹត្តិការណ៍ប្រទេសជាតិ ​សម្មតិកម្មនានា និងវិភាគគ្រប់ជ្រុងជ្រោយ។ លទ្ធផលស្រាវជ្រាវដ៏ប្រាកដនិយម បានរកឃើញយ៉ាងច្បាស់ថា លោក ធីម ភក្រលីន ហៅ បឺត សំរេច គឺជាដំណក់ឈាមនៃលោកតា ធីម ឈៀត និងលោកយាយ កង សាត ហៅ ធីម រី ទាំងសាច់ ទាំងឈាម ទាំងសម្បុរ ទាំងមុខមាត់ និងទាំងឆ្អឹង ដោយ មិនអាចកាឡៃឬ ភូតកុហក ជនានុជនតទៅទៀតបានឡើយ។

ទី២ សូមគាំទ្រលទ្ធផលស្រាវជ្រាវរបស់លោក ឈៀង វិបុល ទាំងស្រុង ពីព្រោះរបកគំហើញទាំងឡាយ ក្នុងអត្ថបទរបស់លោក បានបង្ហាញឱ្យយើងឃើញពីប្រក្រតីភាពយ៉ាងប្រត្យក្ស មានលក្ខណៈវិទ្យាសាស្ត្រ ពេញលេញ ស្របតាមកត្តាសត្យានុម័តនៃសភាពការណ៍វិវត្តន៍ នៃស្ថានភាពនយោបាយក្នុងសម័យសាធារណរដ្ឋ និងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជាពិសេស ស្របទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពិតរបស់ជាតិ ស្តីពី វិនាសកម្មក្នុងទឹកដីភូមិចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៦៤។

ទី៣ សូមគោរពកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ស្មារតី និងឧត្តមគតិ នៃជនានុជនខេមរាស្មោះត្រង់ ដ៏ច្រើនលើសលុបបំផុត ដែលនៅតែទទួលស្គាល់ភាពស្អាតស្អំ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងឋានៈជាវីរៈសិល្បៈករផ្នែកសំនៀងពីរោះឯក និងជាមរតកសិល្បៈ ដ៏ថ្លៃថ្លាផូរផង់រួមតែមួយគត់ នៃប្រជាជាតិខ្មែរគ្រប់ជំនាន់។ ជាពិសេស សូមគោរពកោតសរសើរចំពោះឆន្ទៈ ដ៏រឹងមាំនៃបងប្អូនយើង ដែលបាននិងកំពុងបន្តច្រានចោលរាល់ការផ្តល់សម្មតិកម្មក្លែងក្លាយនានា របស់ក្រុមលោក បឺត សំរេច ជាដរាប។

ទី៤ សូមអរគុណដល់បណ្តាញព័ត៌មានសង្គមជាច្រើនដូចជាដេ រីខត់ ​ក្រុមព្រះសុរិយា ខេម អាប់ ពីនេះពីនោះ សូនសូន៧អុិច​  អាខ្វាក់អាខ្វិន លោក សេង តារា អ្នកស្រាវជ្រាវ និងបណ្តាញព័ត៌មានជាច្រើនទៀត ដែលបាន ចំណាយពេលវេលាជួយស្រាវជ្រាវ បកស្រាយ និងផ្សព្វផ្សាយបំភ្លឺការពិតជូនដល់ជនានុជន បានដឹងការពិតថា លោក ធីប ភក្រលីន ហៅ បឺត សំរេច មិនមែនជាកូនឥតខាន់ស្លានៃអធិរាជសំឡេងមាស ពិតប្រាកដមែន។

ទី៥ សូមច្រានចោលទាំងស្រុងចំពោះការអះអាងគ្មានមូលដ្ឋានពិតប្រាកដ ភូតកុហក ប្រតិដ្ឋ កាត់កែច្នៃ និងបំភ្លៃការពិត ដែលបង្កើតដោយលោក បឺត សំរេច  លោកយាយ ធីម រី និងក្រុមការងារលោក បឺត សំរេច ព្រមទាំងសាក្សីក្លែងក្លាយទាំងឡាយ។ សូមច្រានចោលនូវចេតនារបស់ជនទាំងឡាយណា ដែលអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាជាកូន ឬកូនឥតខាន់ស្លានៃអធិរាជសំឡេងមាស នាថ្ងៃអនាគត។

ដើម្បីចូលរួមរក្សាតម្លៃរួមជាមនុស្សមានសីលធម៌ និងកំពុងរស់នៅក្នុងសង្គមជាតិប្រកបដោយសន្តិភាពយើងខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ម្ចាស់ផេក ម្ចាស់ឆាណែល ឬអ្នកសារព័ត៌មាន សូមមេត្តាបន្ត ចូលរួមសហការទប់ស្កាត់ការបង្ហូរព័ត៌មានមិនពិតគ្រប់រូបភាព ចូលក្នុងសង្គមជាតិយើង។

 

Leave a Reply

Your email address will not be published. Required fields are marked *