ចំឡែកមែន ប្រពន្ធដើម ទៅស្តីដណ្តឹងប្រពន្ធចុងអោយប្តី និងចេញថ្លៃបណ្ណាការទាំងអស់ ព្រមទាំងចូលរួមពិធីមង្គលការ បាចផ្កាស្លារអោយប្តីថែមទៀត ប៉ុន្តែរៀបការបានតែ១អាទិត្យ ប្រពន្ធក្មេង ទ្រាំមិនបាន រត់ចេញចោលប្តីចាស់ ទៅនៅផ្ទះម្តាយវិញ
អ្នកស្រុកឱ្យឈ្មោះថា ប្រពន្ធចិត្តធម៌ ព្រោះតែបានចេញមុខសែនប្រពន្ធឱ្យប្ដីដែលចង់បានប្រពន្ធមួយទៀត មិនអាចទប់បានគឺប្រពន្ធក្មេង ។ ក្នុងឱកាសនោះប្រពន្ធដើមអង្គុយបាចផ្កាស្លាយ៉ាងរីករាយថែមទៀត ឯកូនស្រីឈរថតយ៉ាងអង់អាចដែលមើលទៅគួរឱ្យមានការភ្ញាក់ផ្អើលបំផុត ។
គ្រួសារមួយនេះ ប្ដីឈ្មោះ ហែម ចេវ អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ សើង ធី អាយុ៤២ឆ្នាំ មានកូនស្រី២នាក់ មានលំនៅឋានជាប់នឹងសាលាឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប៉ុន្តែអ្វីដែលកំពុងតែភ្ញាក់ផ្អើលនោះត្រូវបានគេនិយាយថា ប្រពន្ធគាត់ចិត្តធម៌ណាស់បានរៀបចំពិធីជូនលោកប្ដីឈ្មោះ ហែម ចេវ សែនព្រេនប្រពន្ធក្មេងម្នាក់ទៀតឈ្មោះរុន បូប្ផា អាយុ២៩ឆ្នាំ នាងមានស្រុកកំណើតនៅភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង តែមករស់នៅខេត្តកំពត ។
ពិធីរៀបចំសែនព្រេនឱ្យប្ដីមានប្រពន្ធថ្មីច្រឺងនេះបានធ្វើឡើងយ៉ាងអធិកអធមក្នុងភូមិជនបទដោយមានលោកអាចារ្យគន់ជាអ្នករៀបចំបាយសី បាចផ្កាក្រយ៉ា សំពះផ្ទឹមយ៉ាងសមរម្យឱ្យអ្នកទាំងពីរនៅនិងផ្ទះខ្លួនតែម្ដង ដែលស្ថិតនៅមុខសាលាឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។
បើយោងតាមការឱ្យដឹងពីឈ្មោះ សើង ធី ត្រូវជាប្រពន្ធដើមបាននិយាយប្រាប់ថា ថ្ងៃប្រារព្ធពិធីនេះថា ខ្លួនជាប្រពន្ធមិនបានខឹងចិត្តស្អិតទ្រូងណាមួយទេ ក្នុងរឿងបងចេវដែលជាប្តីសែនប្រពន្ធថ្មីនោះ ។ សើង ធី ជាប្រពន្ធដើមនិយាយថា សម្ភារៈមួយចំនួនក៏ដូចជាគ្រឿងបណ្ណាការ សម្រាប់សែនព្រេនឱ្យលោកប្តីយកប្រពន្ធថ្មីចែសនេះ គឺនាងជាអ្នកចេញមុខ និងចំណាយធនធានទាំងអស់ ។
នាងជាប្រពន្ធនិយាយទាំងទឹកមុខធម្មតាថា ខ្ញុំដូចជាអស់និស្ស័យជាមួយលោក ប្តីល្មោភស្រីនេះហើយ ។ ក្នុងឱកាសនោះស្ត្រីជាប្រពន្ធដើមរូបនេះ បានបាច់ផ្កាស្លា សើចសប្បាយក្អាកក្អាយ និងជូនពរថា សូមឱ្យនាងនិងអ្នក មានកូនចំនួន២ទៀត ដូចប្រពន្ធដើមក៏ល្អដែរ ។ ចំណែកកូនស្រីរបស់កូនកម្លោះឈ្មោះ ហែម ចេវ ពីរនាក់ម្នាក់ឈ្មោះ ស្រីនាង អាយុ១៩ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ នាង លីលី អាយុ១៧ឆ្នាំ ឈរថតរូបយ៉ាងក្លាហានឱ្យលោកឪនិងស្រីថ្មីយ៉ាងរីករាយបំផុត ដើម្បីជូនឪពុកជាអនុស្សាវរីយ៍ផ្តាំចាស់ ។
នាងនិយាយថា ក្នុងនាមជាកូន មិនខឹងនិងលោកឪពុកសែនយកស្រីថ្មីទេ ។ ចំណែកលោកគ្រូអាចារ្យការឈ្មោះ គន់ ក៏បានលើកសរសើរថា លោកមិនដែលជួបប្រទះទេ ហើយក៏ចាត់ទុកថាស្ត្រីជាប្រពន្ធដើម ពិតជាចិត្តធម៌មែនហ៊ានបើកបេះដូង យ៉ាងទូលាយសែនប្រពន្ធឱ្យប្ដី ហើយសើចសប្បាយរីករាយថែមទៀតក្នុងពិធីមង្គលដែលមិនធ្លាប់មាននេះ
រឿងរ៉ាវប្រពន្ធចិត្តធម៌ ដែលបានចំណាយប្រាក់ជាង ៤លានរៀលទិញគ្រឿងបរិភោគ និងស្លាម្លូសែនព្រេនបាចផ្កាស្លាឱ្យបុរសជាប្ដីឈ្មោះហែម ចេវ អាយុ៤៧ឆ្នាំ សែនអោយយកប្រពន្ធក្មេងថ្មីមួយទៀត ដែលមានលំនៅឋានជាប់សាលាឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ហើយក្នុងពិធីនេះ ទោះបីត្រូវបានអ្នកភូមិសរសើរថា នាងជាប្រពន្ធដើមមានចិត្តធម៌ចេញបណ្ដាការសែនឱ្យលោកប្ដីយកប្រពន្ធមួយទៀតក៏ដោយ ក៏មានសំណាងផ្សំដំណេកបានត្រឹមមួយអាទិត្យដែរ ។
ស្ត្រីឈ្មោះសើង ធី ត្រូវជាប្រពន្ធដើមបុរសហែម ចេវ និយាយប្រាប់ថា នាងជាប្រពន្ធចុងឈ្មោះរុន បុប្ផា ពេលសែនព្រេនហើយផ្សំដំណេកបានមួយយប់ ស្រាប់តែព្រឹកឡើងនាងរុន បុប្ផា បានដើរលេងបាត់មួយយប់មិនដឹងទៅណា ហើយមិនបានប្រាប់លោកប្ដីដែរ ។
លុះនាងរុន បុប្ផា ត្រឡប់មកផ្ទះវិញ ពេលសួរដេញដោលនាងបាននិយាយសុំទោសតែមួយម៉ាត់ តែប៉ុណ្ណោះ គឺចប់រឿង ។ ស្ត្រីជាប្រពន្ធដើមនិយាយថា ទោះជាមានការសែនព្រេនប្រពន្ធថ្មីអោយលោកប្ដីក៏ដោយ តែមិនអោយដេកនៅផ្ទះទេ គឺអោយនាងជាប្រពន្ធចុងដេកនៅតូបលក់ដូរ គឺកន្លែងលោកប្ដីធ្វើជាងជួសជុលកង់ និងម៉ូតូនៅមុខផ្ទះ ។
ក្រោយមក ស្រាប់តែប្រុសជាប្ដី និងប្រពន្ធដើមប្រពន្ធចុងបាននាំគ្នាទៅសាលាឃុំអង្គសុរភី នៅមិនឆ្ងាយពីផ្ទះគោលបំណង គឺទៅជួបលោកមេឃុំកែវសុខា សុំលះលែងឈប់យកគ្នាជាប្រពន្ធថ្មីទៀត។
លោកកែវ សុខា មេឃុំអង្គសុរភីនិយាយ ថាពួកគាត់ទាំងបីនាក់ពិតជាបានទៅសាលាឃុំ សុំធ្វើការលះលែងគ្នាមែន ។ លោកកែវ សុខា បាននិយាយថា លោកមិនទទួលដឹងលឺទេ ព្រោះកាលសែនព្រេន ក៏លោកមិនបានឃាត់ដែរ ព្រោះជាសិទ្ធិអ្នកឯងបានព្រមព្រៀងគ្នា ។
លុះដល់ពេលលះលែងគ្នា ក៏ជាសិទ្ធិអ្នកឯងដែរ ។ បុរសហែម ចេវ បាននិយាយទាំង ស្រណោះស្រណោក ថា នាងជាប្រពន្ធចុង ត្រូវបានម្ដាយរបស់នាង យករថយន្តមកដឹកត្រឡប់ទៅស្រុកកំណើតនៅខេត្តស្វាយរៀងវិញ ហើយតាមការសន្យាម្ដាយក្មេកប្រាប់កូនប្រសាប្រុសហែម ចេវ ថា សុំកូនស្រីទៅលេងស្រុកតែ៣ថ្ងៃទេ ។
នាងរុន បុប្ផា ដែលជាប្រពន្ធចុងបាននិយាយប្រាប់ប្តីថា បើចង់ទាក់ទងសុំអោយបង ទាក់ទងមកម្ដាយខ្ញុំវិញ ។ បុរសហែម ចេវ ហេតុតែមានចិត្តអាណិតនាងទៅហើយ ក៏សម្រេចចិត្តអោយនាងទៅណាក៏ទៅចុះ បុរសហែវ ចេវ ពិតជាស្រលាញ់ប្រពន្ធចុងពេញបេះដូង ។ គឺមិនដាច់ចិត្តឱ្យនាងរបូតពីដើមទ្រូងឡើយ ប៉ុន្តែធ្វើម៉េច បើម្តាយនាងមកយកកូនបេះចេញពីដើមទ្រូងទៅហើយចេះទ្រាំទ្រាំទៅចុះ